គណៈកម្មការកំណត់ត្រា ឯកទគ្គកម្មពិភពលោក បានសម្រេច ឲ្យទូក-ង របស់ ព្រះរាជាណាចក្រកម្ពុជា ដែលមានប្រវែង៨៧.៣ម៉ែត្រ ជាប់ជាទូកវែងជាងគេលើពិភពលោក
ព្រៃវែង៖ លោក Pravin Patel បានបញ្ជាក់យ៉ាងដូច្នេះថា «ទូក ង នៃព្រះរាជាណាចក្រកម្ពុជា ដែលមានប្រវែង៨៧.៣ម៉ែត្រ ត្រូវបានបំបែកឯតទគ្គកម្មពិភពលោក World Guinness Record ជាផ្លូវការហើយ»។ ទូក «ង» របស់កម្ពុជាដែលបំបែកឯតទគ្គកម្មនេះ ត្រូវបានប្រសិទ្ធនាមថា «កម្ពោជិកបុត្តាខេមរាតរី» ដែលមានអត្ថន័យថា «ទូកងរបស់កូនខ្មែររស់នៅក្នុងដែនដីកម្ពុជា»។ សម្ដេចក្រឡាហោម ស ខេង ក៏បានចាត់ទុកថា ការធ្វើទូក «ង» ដែលវែងជាងគេ រហូតបំបែកឯតទគ្គកម្មបាននោះ មិនមែនជារឿងសាមញ្ញនោះទេ ព្រោះបើគ្មានការផ្ដួចផ្ដើមគំនិត គ្មានឆន្ទះ គ្មានការរួបរួមគ្នា គ្មានការតស៊ូ អត់ទ្រាំចំពោះការលំបាក ហើយគ្មានបុព្វហេតុច្បាស់លាស់ទេនោះ គឺមិនអាចធ្វើទូកនេះបានទេ។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ក្នុងពិធីបំបែកកំណត់ត្រាពិភពលោក ទូក «ង» វែងជាងគេនៅ លើពិភពលោក បានថ្លែងនូវការកោតសរសើរដល់យុវជនខ្មែរគ្រប់ស្រទាប់វណ្ណៈទាំងអស់ ដែលបានចូលរួមផ្ដួចផ្ដើមគំនិត និងកសាងទូក «ង» វែងជាងគេលើនៅពិភពលោក រហូតឈានដល់ការបំបែកបាននូវឯតទគ្គកម្ម World Guinness Record។ សម្ដេច ស ខេង «ក៏បានអបអរសាទរ និងកោតសរសើរដល់ក្មួយៗទាំងអស់ និងអរគុណចំពោះអ្នកពាក់ព័ន្ធទាំងអស់ ដែលមានគំនិតផ្ដួចផ្ដើមនេះ ហើយមានបង្កើតគណៈកម្មការត្រឹមត្រូវណាស់ ហើយបើគ្មានការសាមគ្គី ឆន្ទះ ធ្វើមិនបាននោះទេ ចឹងហើយបានគេដាក់ថា រួមគ្នាដើម្បីកម្ពុជារុងរឿង-ខ្មែរសាមគ្គី គឺខ្មែរឈ្នះ ចឹងពាក្យនេះមានអត្ថន័យជ្រាលជ្រៅណាស់»។
សម្ដេច ស ខេង ក៏បានគូសបញ្ជាក់ថា តាមការគ្រោងទុកទូក «ង» ដែលវែងជាងគេនេះ នឹងត្រូវយកដាក់បង្ហាញនៅក្នុងព្រះរាជពិធីបុណ្យអុំទូក នៅមុខព្រះបរមរាជវាំង ដែលអាចជនរួមជាតិខ្មែរទាំងអស់ ដែលមកកម្សាន្ដ បានទស្សនាដោយផ្ទាល់ ក៏ដូចជាឲ្យភ្ញៀវទេសចរអន្ដរជាតិ បានឃើញថែមទៀតផង ដែលនេះជាបញ្ហាមួយទាក់ទាញភ្ញៀវទេសចរផងដែរឲ្យយល់កាន់តែច្បាស់អំពីប្រវត្តិសាស្ដ្រខ្មែរ។
ទូកនេះ មានប្រវែងរហូតដល់៨៧.៣ម៉ែត្រ, ទទឹង១.៩៤ម៉ែត្រ និងជម្រៅ០.៨ម៉ែត្រ ត្រូវរចនាឡើងដោយផ្នែកខាងក្បាលទូក ធ្វើជាក្បាលនាគ និងកន្ទុយហង្ស ប្រកបដោយក្បូរក្បាច់រចនាល្អប្រណិត ដែលផ្ទុកបានចំណុះ រហូតដល់១៧៩នាក់ឯណោះ ដោយ១០០នាក់មកពីទាហានជើងទឹក និង៧៩នាក់ មកពីនគរបាលជើងទឹក។
សូមជម្រាបថា ជាមោទនភាពថ្មីមួយទៀតហើយ សម្រាប់ជាតិ និងប្រជាជនរបស់កម្ពុជា ដោយទូក «ង» វែងជាងគេដែលផលិតដោយកូនខ្មែរ ដែលមានប្រវែងជិត១០០ម៉ែត្រ និងមានចំណុះទូកជិត២០០នាក់នោះ ត្រូវបានជាប់ឯតទគ្គកម្មពិភពលោក World Guinness Record ជាផ្លូវការហើយ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។
ពិធីបំបែកកំណត់ត្រាពិភពលោកនេះ ធ្វើឡើងក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកស្រី និងមានការចូលរួមពី លោក Pravin Patel អ្នកវិច្ឆ័យ World Guinness Record ដែលប្រារព្ធធ្វើនៅតំបន់អ្នកលឿងត្រើយខាងកើត។
សម្រាប់ពិធីដែលជាមោទនភាពថ្មីរបស់ជាតិ និងប្រជាពលរដ្ឋខ្មែរនេះ ក៏មានការចូលរួមពី លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, លោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការផលិតទូក «ង» វែងជាងគេនៅលើពិភពលោក ព្រមទាំងលោក លោកស្រី ជាថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត៕