បុរស២នាក់បងប្អូនជិះម៉ូតូទៅលេងស្រុក ត្រូវរថយន្តកៀរដួលបណ្តាលឲ្យរងរបួសយ៉ាងដំណំ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ បុរស២នាក់បងប្អូនបានរងរបួសយ៉ាងដំណំ ខណៈដែលឌុបគ្នាទៅលេងស្រុកកំណើត ក៏ត្រូវបានរថយន្តកូរ៉េមួយគ្រឿងបើកកៀរបណ្តាលអោយដួលច្រង៉ាប់ច្រងិលរងរបួស ហើយរថយន្តបង្កនោះបានបើករត់គេចទៅបាត់ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ភូមិអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ បុរស២នាក់ជិះម៉ូតូ មួយគ្រឿង ម៉ាកហុងដា សេ១២៥ សេរី២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1O-6652 ឌុបគ្នាធ្វើដំណើរ ពីជើងទៅត្បូង លុះដល់ចំណុចខាងលើ ត្រូវបានរថយន្តកូរ៉េមួយគ្រឿង បើកស្របទិស គេចពីរថយន្តខាងមុខ ជ្រុលមកកៀរម៉ូតូជនរងគ្រោះ ដួលតែម្តង ហើយរថយន្តបន្ថែមល្បឿនបើករត់គេចទៅបាត់ ។

ជនរងគ្រោះឈ្មោះ ទេព សុខា ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ កម្មករ រងរបួសចិញ្ចើម ក្បាល ត្រូវជាប្អូន ។ ចំណែកបងប្រុសឈ្មោះ ទេព ខេន អាយុ៤២ឆ្នាំ មុខរបរ កម្មករ របួសជើង ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅ៣ មានស្រុកកំណើត  ភូមិព្រៃជួរ ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ។

ក្រោយកើតហេតុ ជនរងគ្រោះទាំង២នាក់បងប្អូននោះត្រូវបាន ក្រុមសង្រ្គោះរបស់អង្គភាព៧១១ ចេញទៅអន្តរាគមន៍ ចាត់ចែងដឹកបញ្ជូនទៅព្យាបាលរបួស៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner