ឯកអគ្គរាជទូតកម្ពុជារៀបចំពិធីអបអរសាទរខួប៦៥ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងខួប៦៥ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន នៅប្រទេសជប៉ុន

ឯកអគ្គរាជទូតនៃព្រះរាជណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន បានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើក៦៥ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងខួប៦៥ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជាជប៉ុន នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នៅល្ងាចថ្ងៃទី៨វិច្ឆិកា ឆ្នាំ២០១៨។ ឯកឧត្តម អ៊ឹង រចនា ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន បានបញ្ជាក់ថា ទិវាជាប្រវត្តិសាស្រ្តខនេះ បានប្រព្រឹត្តទៅ ដោយមានការគាំទ្រច្រើន ពីសិស្ស និស្សិត និងប្រជាជនកម្ពុជា រស់នៅប្រទេសជប៉ុន តំណាងក្រសួងការបរទេសជប៉ុន តំណាងអង្គការ ក្រុមហ៊ុនឯកជនជប៉ុន ព្រមទាំងតំណាងអង្គទូតនានា នៃប្រទេសមួយចំនួនចូលរួមផងដែរ។ ឯកឧត្តមបានសម្តែងនូវសេចក្តីសប្បាយរីករាយ ចំពោះអ្នកចូលរួមមានចំនួនច្រើនលើសពីការគ្រោងទុក ដែលបង្ហាញពីការគាំទ្រ ពីបណ្តាប្រជាជនកម្ពុជា ប្រជាជន តំណាងរាស្រ្តជប៉ុន និងឯកឧត្តម Norikazu SUZUKI   អនុរដ្ឋមន្រ្តីកាបរទេសជប៉ុន ព្រមទាំងមិត្តិភ័ក្ត និងបណ្តាអង្គទូតប្រទេសផ្សេងទៀតចំពោះព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម អ៊ឹង រចនា បានរំលឹកថា ការប្រារព្ធពិធីបុណ្យឯករាជជាតិ៩វិច្ឆិកានេះ ជាការរំលឹកដល់ព្រះរាជបូជនីកិច្ចដ៏មហាអស្ចារ្យ ស្នាព្រហត្ថដឹកនាំប្រទេស រហូតដណ្តើមបានឯករាជ្យជាតិពេញលេញនៅឆ្នាំ១៩៥៣ ជូនមាតុភូមិកម្ពុជា របស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។ ជាមួយគ្នានេះ  ឯកឧត្តមឯកអគ្គរាជទូត សង្ឃឹមថាចាប់ពីពេលនេះ ក្រោយកម្ពុជាទទួលបានសន្តិភាពពេញលេញចាប់ពីឆ្នាំ១៩៩៨ រហូតដល់សព្វថ្ងៃ កម្ពុជាមានការរីកចម្រើនគ្រប់វិស័យ ហើយតទៅខាងមុខកម្ពុជានឹងពង្រឹងការអភិវឌ្ឍ និងមានការីកចម្រើនជាងបច្ចុប្បន្ន។

នៅទីក្រុងតូក្យូប្រទេសជប៉ុន ជាមួយនឹងការប្រារព្ធខួបបុណ្យឯករាជ្យជាតិ ស្ថានឯកអគ្គរាជទូតកម្ពុជាបានប្រារព្ធផងដែរខួប៦៥ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជាជប៉ុនផងដែរ។ ឯកឧត្តម Norikazu SUZUKI   អនុរដ្ឋមន្រ្តីការបរទេសជប៉ុន បានថ្លែងពីភាពរីកចម្រើន និងកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្រ្ត រវាងកម្ពុជា និងជប៉ុន ដែលជប៉ុនតែងតែចាត់ទុកកម្ពុជាជាមិត្តរហូតមក។ ឯកឧត្តម បានចាត់ទុកថាកម្ពុជាកំពុងមានសន្តិភាព និងស្ថេរភាព ដែលជាលទ្ធផលនៃការខិតខំប្រឹងប្រែងព្យាយាមរបស់កម្ពុជា។ នៅប្រទេសជប៉ុន មាននិស្សិតកម្ពុជាច្រើនដែរ បាននិងកំពុងសិក្សា ហើយក្រោយពីបញ្ចប់ទៅ និស្សិតកម្ពុជានឹងក្លាយជាធនធានមនុស្សចូលរួមអភិវឌ្ឍន៍ប្រទេសបន្ថែមទៀត និងរួមចំណែកដល់ទំនាក់ទំនងប្រទេសទាំង២ កម្ពុជា ជប៉ុន កាន់តែរីកចំរើនថែមទៀត។ តាមរយៈឯកឧត្តមអនុរដ្ឋមន្រ្តីការបរទេសជប៉ុន ក្នុង១ឆ្នាំៗ ប្រជាជនជប៉ុនប្រមាណ២សែននាក់បានធ្វើដំណើទៅទស្សនាប្រទេសកម្ពុជា ដូចនេះ វិស័យសេដ្ឋកិច្ចកម្ពុជា ក៏មានការីកចំរើន ហើយទំនាក់ទំនងនៃប្រទេសទាំងពីរក៏កាន់តែរឹងមាំថែមទៀត។

ជាមួយគ្នានេះ លោក កាន់ ផាន់ណារិទ្ធ ប្រធានសមាគមនិស្សិតខ្មែរនៅប្រទេសជប៉ុន បានឱ្យដឹងថា កម្មវិធីនៅថ្ងៃនេះ ផ្តល់ឱកាសឱ្យប្រជាជនកម្ពុជាបានជួបគ្នា ក៏ដូចជាប្រជាជនកម្ពុជា និងជប៉ុន ពិភាក្សាលើការពង្រឹងកិច្ចសហការគ្នាកាន់តែរឹងមាំបន្ថែមទៀត។ ដោយឡែក លោក ម៉េង ផល្គុន និស្សិតថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកវិស្វកម្ម និងសំណង់ស៊ីវិលនៅសាកលវិទ្យាល័យតូក្យូប្រទេជប៉ុន បានបញ្ជាក់ថា នេះជាលើកទី១បានចូលរួមព្រឹត្តិការណ៍ពិធីបុណ្យឯករាជ្យជាតិនៅប្រទេសជប៉ុន ជាពិសេសអ្នកចូលរួមបានជួបគ្នា ហើយបង្កើតទំនាក់ទំនងល្អ ហើយយើងអាចស្វែងយល់ពីបណ្តាក្រុមហ៊ុន និងអង់ការ សមាគមជប៉ុននានា ដែលមានបំណងចូលរួមចំណែកដល់ការពង្រឹង និងពង្រីកទំនាក់ទំនងនៃប្រទេសទាំងពីរកម្ពុជា-ជប៉ុន។ 

នៅប្រទេសកម្ពុជា ពិធីបុណ្យឯករាជ្យជាតិនឹងធ្វើឡើងនៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៨ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត នៃព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងមានថ្នាក់ដឹកនាំ មន្ត្រីរាជការ សិស្ស និស្សិត កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋប្រមាណរាប់ម៉ឺននាក់បានចូលរួម។ យោងតាមប្រវត្តិសាស្ត្របានបង្ហាញថា ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ គឺជាខួប ៦៥ឆ្នាំហើយ ដែលប្រជាជាតិកម្ពុជាទាំងមូលបានរំដោះខ្លួនទាំងស្រុងចេញពីអាណានិគមន៍បារាំង ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំដ៏ក្លៀវខ្លារបស់ព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ នៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ១៩៥៣។ បារាំង បានដាក់អាណានិគមន៍លើដែនដីសុវណ្ណភូមិអស់រយៈពេលជិតមួយសតវត្សរ៍ ពីថ្ងៃ១១ សីហា ១៨៦៣ ដល់ ថ្ងៃ៩ វិច្ឆិកា ១៩៥៣ ទើបកម្ពុជាទារបានឯករាជ្យក្រោមព្រះរាជបូជនីយកិច្ចរបស់ អតីតព្រះមហាក្សត្រសម្ដេចព្រះបរមរតនកោដ្ឋ សម្ដេចព្រះនរោត្តមសីហនុ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner