យុទ្ធនាការភ្នំពេញស្អាតសម្រាប់ឆ្នាំ២០១៨ បានចាប់ផ្ដើមដំណើរការជាលើកទី២ ជាមួយនឹងផែនការសកម្មភាព និងការអប់រំថ្មីៗទាក់ទងនឹងការគ្រប់គ្រងសំរាម

យុទ្ធនាការភ្នំពេញស្អាត ដែលជាផ្នែកមួយនៃគម្រោងស្អាត បានចាប់ផ្ដើមដំណើរការជាលើកទី២ សម្រាប់ឆ្នាំ២០១៨ ជាមួយនឹងផែនការសកម្មភាព និងការអប់រំថ្មីៗ ដែលគួរឲ្យចាប់អារម្មណ៍ទាក់ទងនឹងការគ្រប់គ្រងសំរាម។ ការប្រកាសបើកជាផ្លូវការ យុទ្ធនាការភ្នំពេញស្អាត ឆ្នាំ២០១៨ មានការអញ្ជើញចូលរួមពីឯកឧត្តម ហ៊ុន ម៉ានី សមាជិករដ្ឋសភា និងជាស្ថាបនិកគម្រោងស្អាត ឯកឧត្តម George EDGAR ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ ឯកឧត្តម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ និងមានការចូលរួមពីបណ្ដាក្រុមហ៊ុនឯកជន សមាគម អង្គការមិនមែនរដ្ឋាភិបាល ស្ថានទូត និងជាម្ចាស់ឧបត្ថម្ភនៃគម្រោងភ្នំពេញស្អាត ព្រមទាំងសមាជិកសមាជិកានៃក្រុមការងារប្រតិបត្តិគម្រោងស្អាត យុវជនសុឆន្ទៈ សិល្បៈករសិល្បៈការិនីផងដែរ។

យុទ្ធនាការភ្នំពេញស្អាតនេះ ធ្វើឡើងជារៀងរាល់ឆ្នាំក្នុងអំឡុងខែវិច្ឆិកា ដែលយុទ្ធនាការនេះ បានប្រសិទ្ធនាមថា ខែស្អាត។ ឆ្នាំនេះ គឺជាឆ្នាំទី២ នៃយុទ្ធនាការភ្នំពេញស្អាត ដែលប្រព្រឹត្តឡើងពេញ១ខែវិច្ឆិកា និងត្រូវបានអនុវត្តដោយស្ម័គ្រចិត្ត ដែលមានការចូលរួមពីយុវជនសុឆន្ទៈចំនួន២០០នាក់ ជាអ្នកនាំសាររបស់យុទ្ធនាការ និងបំពេញការងារស្ម័គ្រចិត្ត ដែលយោងទៅតាមផែនការសកម្មភាព៩ធំៗ ។ គោលបំណងជាសារវន្តរបស់យុទ្ធនាការភ្នំពេញស្អាត គឺផ្ដោតទៅលើការផ្លាស់ប្ដូរឥរិយាបថ តាមរយៈការអប់រំ និងផ្សព្វផ្សាយក្នុងការគ្រប់គ្រងកាកសំណល់ក្នុងប្រទេសកម្ពុជា ជាពិសេស នៅរាជធានីភ្នំពេញ ក្រោមពាក្យស្លោក «សំរាមមិនធ្លាក់ដល់ដី ភ្នំពេញកាន់តែប្រពៃ»។ យុទ្ធនាការភ្នំពេញស្អាត នឹងក្លាយជាដំណោះស្រាយចំពោះបញ្ហាសំរាមនៅកម្ពុជា ពិសេសការអប់រំប្រជាជន យុវជន និងកុមារ ក្នុងគោលបំណងចែករំលែកនូវចំណេះដឹងបទពិសោធន៍ យុទ្ធសាស្រ្តក្នុងការការពារបរិស្ថាន សោភ័ណ ភាព និងសុខមាលភាពប្រកបដោយនិរន្តរភាព។

ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ថា ក្រសួងបរិស្ថាន បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការទុកដាក់សំណល់រឹង ដោយចាប់តាំងពីឆ្នាំ២០១៥មក ក្រសួងបរិស្ថាន បានដាក់ចេញនៅអនុក្រឹត្យ ដែលផ្ដល់តួនាទីការងារ និងថវិកាដល់ថ្នាក់ក្រោមជាតិ ដែលជាបរិបទថ្មីមួយ ក្នុងការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីគ្រប់គ្រងសំណល់រឹងនៅរាជធានីភ្នំពេញ។ ជាពិសេសរាជរដ្ឋាភិបាលក៏បានដាក់ចេញនូវអនុក្រឹត្យក្នុងការគ្រប់គ្រងប្រព័ន្ធលូនៅរាជធានីភ្នំពេញ និងទីកន្លែងដទៃទៀតនៅទូទាំងព្រះជាណាចក្រកម្ពុជា។ ពាក់ព័ន្ធនឹងបញ្ហានេះ កន្លងមក ឯកឧត្តម រដ្ឋមន្ត្រី សាយ សំអាល់ បានដឹកនាំកិច្ចប្រជុំជាមួយបណ្តារោងចក្រ និងបុរីទាំងអស់ទូទាំងប្រទេសកម្ពុជា ដោយបានស្នើសុំឲ្យម្ចាស់បុរីទាំងអស់ អនុវត្តនូវអនុក្រឹត្យដ៏មានសារៈសំខាន់នេះ នោះគឺរាល់បុរីទាំងអស់ គប្បីណាញែកលូទឹកភ្លៀង និងលូទឹកកខ្វក់ កុំឲ្យចូលគ្នា មុនបង្ហូរចូលក្នុងអាងស្តុកទឹក។ ឯកឧត្តម បន្តថា ក្រសួងបរិស្ថានបានប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីធ្វើយ៉ាងណារក្សាបរិស្ថានឲ្យបានល្អនៅគ្រប់ទីកន្លែង ធ្វើយ៉ាងណាឲ្យបរិស្ថាននៅជុំវិញខ្លួនយើង ឲ្យកាន់តែស្រស់ស្អាតឡើង ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ផង ជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជាយើងផង។ ជាមួយគោលការណ៍នេះ ផ្នត់គំនិតរបស់ក្រសួងបរិស្ថាន ក៏បានដាក់ចេញនូវផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ក្រុងបៃតងរាជធានីភ្នំពេញឆ្នាំ២០១៧-២០២៦ ដែលផែនការយុទ្ធសាស្ត្រនេះ មានការអភិវឌ្ឍពេញទំហឹងតែម្ដង ជាមួយសាលារាជធានីភ្នំពេញ ដែលយើងរួមគ្នាធ្វើយ៉ាងណាឲ្យរាជធានីភ្នំពេញ ដែលជាបេះដូងរបស់យើង កែប្រែមុខមាត់ឲ្យកាន់តែល្អថែមទៀត ហើយក៏នឹងធ្វើឲ្យប្រជាពលរដ្ឋយើងមានការប្រែប្រួលច្រើន លើផ្នត់គំនិតនៃការទុកដាក់សំរាមនេះ។ ពាក់ព័ន្ធនឹងបញ្ហាទុកដាក់សំរាមនៅក្នុងរាជធានីភ្នំពេញ ឯកឧត្តម អ៊ាង សុផល្លែត បានបញ្ចាក់ថា សំរាម គឺជាធនធានដែលអាចប្រើប្រាស់វិញបាន ដូច្នេះ ក្រសួងបរិស្ថាន និងសាលារាជធានីភ្នំពេញ កំពុងរៀបចំរកកន្លែងថ្មី ដែលអាចកែច្នៃសំរាមទៅជាថាមពល ដែលអាចប្រើប្រាស់បានសម្រាប់ប្រជាជន។

ក្នុងឱកាសនេះដែរ ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា កត្តាសំខាន់ដែលធ្វើឲ្យយើងទទួលបានជោគជ័យនៅថ្ងៃនេះ គឺឆន្ទៈនូវការជឿជាក់របស់សមាជិកសមាជិកា ជាពិសេស គឺការយល់ដឹងបន្ថែមរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមបន្តថា ឆ្នាំនេះយើង មានយុទ្ធនាការជាច្រើនដែលត្រូវចូលរួម ចំពោះយុវជនដែលមានការជឿជាក់ និងមានឆន្ទៈក្នុងការចូលរួមក្នុងយុទ្ធនាការនេះដែលយើងសង្ឃឹមថា ពួកគាត់នឹងក្លាយជាអ្នកបញ្ជូនសារយ៉ាងល្អ។ ឯកឧត្តម ថ្លែងថា យុទ្ធនាការនេះ គឺមានសារៈសំខាន់ ដែលឆ្លុះបញ្ចាំងថា ទោះបីជាយុវជនក៏ដោយក៏គេមានការយកចិត្តទុកដាក់លើបញ្ហារបស់សង្គម ហើយជាពិសេស ទៅលើការងារបរិស្ថាន ដែលមិនត្រឹមតែការចូលរួមទេ គឺគាត់ស្វែងយល់បន្ថែម។ ក្រៅពីការស្វែងយល់បន្ថែម ក៏គាត់ផ្លាស់ប្ដូរផ្នត់គំនិត ដែលអាចនឹងក្លាយទៅជាអគ្គរដ្ឋទូតសុឆន្ទៈ ក្នុងការផ្សព្វផ្សាយ ដើម្បីឱ្យគោលបំណង និងការយល់ដឹងពីសោភ័ណភាពបរិស្ថានស្អាត យុទ្ធនាការស្អាតរបស់យើង មានការចូលរួមកាន់តែច្រើនថែមទៀត។ ឯកឧត្ដម បានបញ្ជាក់ថា យើងតែងតែនិយាយថា យុវជនជាអ្នកបន្តវេន អ៊ីចឹងបើសិនជាពួកគាត់ចាប់ផ្ដើមពីពេលនេះ គឺការយល់ដឹងបន្ថែមរបស់គាត់ ដែលនឹងបន្តផ្សព្វផ្សាយពី១ឆ្នាំទៅ១ឆ្នាំ ទាក់ទងផ្នត់គំនិត និងឥរិយាបថ នៃការចោលសំរាមតាមទីសាធារណៈ ឱ្យមានការផ្លាស់ប្ដូរ មកចោលនៅតាមធុងសំរាមវិញ។

គួរបញ្ជាក់ដែរថា គម្រោងភ្នំពេញស្អាត គឺជាយុទ្ធនាការមួយដែលកំពុងតែត្រូវការចូលរួមសហការរវាងក្រសួងពាក់ព័ន្ធ ស្ថាប័នរដ្ឋ និងឯកជន ព្រមទាំងតាមបណ្តាសាកលវិទ្យាល័យ និងសាលារៀននានា ។ ក្នុងនោះផងដែរ ក៏មានការចូលរួមពីក្រសួងអប់រំ យុវជន និងកីឡា ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញផងដែរ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner