ទីប្រឹក្សាសេដ្ឋកិច្ចនៃស្ថានទូតសាធារណរដ្ឋបារាំងប្រចាំនៅកម្ពុជា សន្យាថា នឹងប្រឹងប្រែងចែករំលែកនូវបទពិសោធន៍នានាពីឆាកអន្តរជាតិ ដើម្បីជួយជំរុញដល់ការអភិវឌ្ឍ និងវិនិយោគនៅកម្ពុជា
ក្នុងឱកាសជួបពិភាក្សាការងារជាមួយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក Phillippe BAUDRY ទីប្រឹក្សាសេដ្ឋកិច្ចនៃស្ថានទូតសាធារណរដ្ឋបារាំងប្រចាំនៅម្ពុជា បានគូសបញ្ជាក់ថា នឹងបន្តខិតខំពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់គោលនយោបាយ និងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយព្រមទាំងសន្យាថា នឹងប្រឹងប្រែងចែករំលែកនូវបទពិសោធន៍នានាពីឆាកអន្តរជាតិ បន្តការគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ និងផ្នែកបច្ចេកទេស ដើម្បីជួយជំរុញដល់ការអភិវឌ្ឍ និងវិនិយោគនៅកម្ពុជា ទាំងលើវិស័យសាធារណៈ ក៏ដូចជា វិស័យឯកជនឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។
ក្នុងជំនួបពិភាក្សានេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់លោក Phillippe BAUDRY ក្នុងឱកាសដែលលោកទើបនឹង ត្រូវបានតែងតាំងជាទីប្រឹក្សាសេដ្ឋកិច្ចនៃស្ថានទូតសាធារណរដ្ឋបារាំងប្រចាំនៅកម្ពុជា។ ជាមួយគ្នានេះ លោក Phillippe BAUDRY បានវាយតម្លៃខ្ពស់ និងអបអរសារទរ ចំពោះការអភិវឌ្ឍ និងការរីកចម្រើនលឿនរបស់កម្ពុជាក្នុងបរិការណ៍បច្ចុប្បន្ន ជាពិសេស ចំពោះកំណើនសេដ្ឋកិច្ចខ្ពស់ ដែលជាមធ្យមជាង៧% ដែលនាំឲ្យកម្ពុជាជាប់ចំណាត់ថ្នាក់លេខ៦ ក្នុងចំណោមប្រទេស ដែលមានសេដ្ឋកិច្ច រីកចម្រើនលឿន នៅលើពិភពលោក។
ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានជម្រាបថា តាមការព្យាករណ៍ក្នុងក្របខណ្ឌម៉ាក្រូសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០១៩ខាងមុខនេះ កំណើនសេដ្ឋកិច្ចកម្ពុជា នឹងបន្តសម្រេចបានក្នុងអត្រា៧,១% ដែលប្រហាក់ប្រហែលនឹងកំណើនឆ្នាំ២០១៨នេះ។ កំណើននេះ ត្រូវបានទ្រទ្រង់ដោយវិស័យសំខាន់ៗ៣គឺ៖
១)កំណើននៃវិស័យឧស្សហកម្ម នៅបន្តរក្សាភាពរឹងមាំ ក្នុងអត្រាកំណើនប្រចាំឆ្នាំក្នុងរង្វង់១០% ដែលមានជាអាទិ៍សំខាន់ៗដូចជា វិស័យសំណង់ វិស័យកាត់ដេរ វិស័យកម្មន្តសាលមិនមែនកាត់ដេរ ទាំងសម្រាប់ការនាំចេញ និងបម្រើក្នុងស្រុកជាដើម។ ២)វិស័យសេវាកម្ម នៅបន្តកំណើនក្នុងអត្រា ៧% និង៣)វិស័យកសិកម្ម ដែលអាចសម្រេចបានកំណើនក្នុងរង្វង់ ១,៨%។ ជាមួយគ្នានេះ ផ្អែកតាមការព្យាករណ៍ អត្រាអតិផរណាជាមធ្យមប្រចាំឆ្នាំ ត្រូវប៉ាន់ស្មានថា ស្ថិតក្នុងកម្រិតអាច គ្រប់គ្រងបាន ក្នុងអត្រា ៣,១% សម្រាប់ឆ្នាំ២០១៩ ។ ជារួម ផ្អែកតាមសុចនាករម៉ាក្រូសេដ្ឋកិច្ច កម្ពុជា នៅតែអាចបន្ត សម្រេចបាននូវកំណើនសេដ្ឋកិច្ច ក្នុងរង្វង់ ៧% ទៅ ៧,២% ក្នុងមួយឆ្នាំ នៅក្នុងរយៈពេលខ្លី និងមធ្យម ខាងមុខ។ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ក៏បានថ្លែងអំណរគុណដល់លោក Phillippe BAUDRYចំពោះស្មារតីនៃកិច្ចសហប្រតិបត្តិការ និងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលបារាំង និងបានគូសបញ្ជាក់ថា កម្ពុជាត្រៀមខ្លួនរួចជាស្រេច ទាំងកម្រិតនយោបាយ និងបច្ចេកទេស ក្នុងការបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលបារាំង ហើយសង្ឃឹមថា តាមរយៈបេសកកម្មការងាររបស់លោក Phillippe BAUDRY រដ្ឋាភិបាលទាំងពីរ កម្ពុជា-បារាំង នឹងពង្រឹងបានថែមទៀតនូវទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្មទ្វេភាគី ការវិនិយោគ និងកិច្ចសហប្រតិបត្តិការលើវិស័យ ផ្សេងៗជាច្រើនទៀត៕ម.ន