សិក្ខាកាមជាគ្រូបង្គោលមកពី២៥រាជធានី ខេត្ត ទទួលបានការបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋម ដែលរៀបចំឡើងដោយកាកបាទក្រហមកម្ពុជា ក្រោមកិច្ចសហការជាមួយកាកបាទក្រហមជប៉ុន

អត្ថបទដោយ៖
Kien Sereyvuth

លោកជំទាវគួយ ណាលីន ឃឹម ប៊ុនសុង អនុប្រធានគណៈ កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបំប៉នគ្រូបង្ហាត់វិជ្ជា       សង្គ្រោះបឋម ដែលរៀបចំឡើងដោយកាកបាទក្រហមកម្ពុជា ក្រោមកិច្ចសហការជាមួយកាកបាទក្រហមជប៉ុន ជូនដល់សិក្ខាកាមជាគ្រូបង្គោលមកពី២៥រាជធានី ខេត្ត ដែលមានចំនួន៤៧នាក់ចូលរួម នៅសណ្ឋាគារ ស្តារីអង្គរ ខេត្តសៀមរាប ។  វគ្គបំប៉ននេះនឹងដំណើរការរយៈពេល៣ថ្ងៃ ចាប់ទី០១ដល់០៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងគោលបំណង កែតម្រូវ ពិនិត្យបច្ចេកទេស និងបង្កើនសមត្ថភាពគ្រូបង្គោលវិជ្ជាសង្គ្រោះបឋមបន្ថែមទៀតតាមសាខានីមួយៗ ទាំង២៥សាខារាជធានី/ខេត្ត។
លោកស្រីតំណាងកាកបាទក្រហមជប៉ុន ក៏បានធ្វើការបញ្ជាក់ថា វិជ្ជាសង្រ្គោះបឋមគឺ ជាកត្តាដ៏សំខាន់បំផុត នៅតាមបណ្តាប្រទេសនីមួយៗ លើកសកលលោក ក្នុងការសង្រ្គោះអាយុជីវិតដល់ជនរងគ្រោះនូវឧប្បទ្ទវហេតុផ្សេងៗ  ។  វគ្គបំប៉ននេះក៏ជាការចែករំលែកនូវបទពិសោធន៍បច្ចេកទេសពីគ្នា ទៅវិញទៅមក ផងដែរ ។
លោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង បានលើកឡើងថា ទោះបីយើងទាំងអស់គ្នាស្ថិតក្នុងយុគសម័យបច្ចេកវិជ្ជាទំនើបក្តី ក៏ការសង្រ្គោះដោយមនុស្សដែលមានចំណេះដឹងអាចជួយដល់ជនរងគ្រោះគ្រប់ប្រភេទ ក្នុងនោះគ្រោះមហន្តរាយដោយធម្មជាតិ ដោយមនុស្ស ពិសេសគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងស្ទើរតែរាល់ថ្ងៃនោះ នៅតែមានសារៈសំខាន់ និងជាគន្លឹះក្នុងការជួយដល់អាយុជីវិតមនុស្សជាតិដដែល ហើយការងារនេះស្របតាមគោលការណ៍គ្រឹះនៃចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ដែលសមាគមជាតិជាសមាជិកទាំងអស់តែងបានប្រកាន់ខ្ជាប់ក្នុងបេសកកម្មមនុស្សធម៌របស់ខ្លួន ។ លោកជំទាវបានបន្តទៀតថា តាមរយៈការផ្តល់ ចំណេះដឹងនេះ គឺបានធ្វើការបណ្តុះបណ្តាលដល់អ្នកស្ម័ត្រចិត្ត , យុវជនកាកបាទក្រហមកម្ពុជា និងតាមគ្រឹះស្ថានសិក្សា ដើមី្បធ្វើការចែករំលែកបន្តដល់ប្រជាពលរដ្ឋតាមសហគមន៍ និងផ្តល់នូវបទពិសោធន៍ ដើមី្បញ៉ាំងឲ្យបេសកកម្ម មនុស្សធម៌នេះ មានប្រសិទ្ធភាព ក្នុងបរិបទនៃសកលភាវូបនីយកម្ម ។
លោកជំទាវ ក៏បានធ្វើការផ្តាំផ្ញើដល់ សិក្ខាកាមទាំងអស់ ឲ្យខិតខំយកចិត្តទុកដាក់សិក្សារៀនសូត្រក្នុង    រយៈពេល៣ថ្ងៃនេះ ដើមី្បទទួលបាននូវចំណេះដឹង និងបទពិសោធន៍បច្ចេកទេសថ្មីៗ យកទៅធ្វើការផ្សព្វផ្សាយ និង អនុវត្តបន្តនៅក្នុងមូលដ្ឋានរបស់ខ្លួនប្រកបទៅដោយ ប្រសិទ្ធិភាពខ្ពស់  ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner