ឯកឧត្តម Zhang Chunxian អនុប្រធានសភាតំណាងប្រជាជនចិនទូទំាងប្រទេស អញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា
តបតាមការអញ្ជើញរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ១១:៥០នាទី គណៈប្រតិភូជាន់ខ្ពស់សភាតំណាងប្រជាជនចិនទូទំាងប្រទេស ដឹកនាំដោយ ឯកឧត្តម Zhang Chunxian អនុប្រធានសភាតំណាងប្រជាជនចិនទូទំាងប្រទេស បានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា តាមការគ្រោងទុក។
ក្នុងឱកាសដែលគណៈប្រតិភូអញ្ជើញមកដល់នេះ ក៏មានការទទួលស្វាគមន៍ពី ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា លោកជំទាវ បាន ស្រីមុំ អនុប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា ឯកឧត្តម សុខ សូកាន អនុប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា រួមទាំងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភាផងដែរ។
សូមជម្រាបថា គណៈប្រតិភូជាន់ខ្ពស់សភាតំណាងប្រជាជនចិនទូទាំងប្រទេស នឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨។
នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ គណៈប្រតិភូជាន់ខ្ពស់សភាតំណាងប្រជាជនចិនទូទាំងប្រទេស នឹងចូលជួបសម្តែងការគួរសម និងធ្វើសវនាការជាមួយថ្នាក់ដឹកនាំសំខាន់ៗ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានជាអាទិ៍៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨ គណៈប្រតិភូ នឹងធ្វើដំណើរទៅកាន់ខេត្តសៀមរាប ដើម្បីទស្សនាប្រាសាទមួយចំនួនរបស់កម្ពុជា។