ទណ្ឌិតចំនួន ៥២៣នាក់ ត្រូវបានក្រសួងយុត្តិធម៌ បើកកិច្ចប្រជុំពិនិត្យ និង វាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូបន្ថយទោស និង លើកលែងទោស នៅក្នុងព្រះរាជពិធី បុណ្យអំទូក បណ្តែតប្រទីប និង សំពះព្រះខែ

អត្ថបទដោយ៖
Kien Sereyvuth

ទណ្ឌិតចំនួន ៥២៣នាក់ ត្រូវបានក្រសួងយុត្តិធម៌ បើកកិច្ចប្រជុំពិនិត្យ និង វាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូបន្ថយទោស និង លើកលែងទោស នៅក្នុងព្រះរាជពិធី បុណ្យអំទូក បណ្តែតប្រទីប និង សំពះព្រះខែ ដែលប្រារព្វធ្វើឡើនាថ្ងៃទី ២១ ២២ ២៣ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ខាងមុខនេះ ក្រោមវត្តមាន ឯឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តី ក្រសួងយុត្តិធម៌ ។
ឯកឧត្តម សុច សុផាន់ណារ៉ា អគ្គនាយករង នៃអគ្គនាយកដ្ឋាន នៃកិច្ចការព្រហ្មទណ្ឌ នៃក្រសួងយុត្តិធម៌ មានប្រសាសន៍ អោយដឹងថា កិច្ចប្រជុំពិនិត្យ និង វាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូបន្ថយទោស និង លើកលែងទោសនាព្រះរាជពិធីបុណ្យអំទូក អកអំបុក និង សំពះព្រះខែ ខាងមុខនេះ មានចំនួនទណ្ឌិតសរុប523នាក់ ក្នុងនោះស្ត្រី មានចំនួន 37នាក់ផងដែរ ការស្នើរសុំបន្ធូបន្ថយ និង លើកលែង ទោសនេះបានមកពីពន្ធនាគារចំនួន២៤ និង មណ្ឌលអប់រំកែប្រែទាំង៤ទូទាំងប្រទេស។ ដោយឡែក កិច្ចប្រជុំក្នុងឆ្នាំនេះ មានលក្ខណៈពិសេសពិសាលសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ស្នើរអោយក្រសួងយុត្តិធម៌ពិនិត្យទៅលើពិធីបុណ្យ3បន្ថែមទៀត ក្រៅពី ពិធីបុណ្យចូលឆ្នាំ បុណ្យពិសាទបូជា និងពិធីបុណ្យអំទូក អកអំបុក និង សំពះព្រះខែ គឺទី1ពិធីបុណ្យភ្ជុំបណ្ឌិ ទី2 បុណ្យឯករាជ្យជាតិ និង ទី3 ទិវាឈ្នះឈ្នះ ។
ចំពោះការស្នើសុំលើកលែងទោស និងបន្ធូរបន្ថយទោស គឺត្រូវអនុវត្តតាមក្រឹត្យច្បាប់លេខ២៨ និងច្បាប់ស្តីពីពន្ធនាគារ ចំពោះទណ្ឌិតទាំងឡាយណាដែលអនុវត្តទោសបាន១/៣ (មួយភាគបី) នៃទោសដាក់ ពន្ធនាគារ អាចស្នើសុំបន្ធូរបន្ថយទោស និងអនុវត្តទោសបាន២/៣ (ពីរភាគបី) អាចស្នើសុំលើកលែងទោសបាន។ ឯកឧត្តម មានប្រសាសន៍ បន្ថែមទៀតថា ប៉ុន្តែមិនមែនគ្រប់ទណ្ឌិត ដែលអនុវត្តមានលក្ខខណ្ឌខាងលើ សុទ្ធតែត្រូវទទួលការបន្ធូរបន្ថយទោស និងលើកលែងទោសនោះទេ គឺគណៈកម្មការថ្នាក់ជាតិ ដែលដឹកនាំដោយ ឯកឧត្តមរដ្ឋមន្ត្រី អង្គ វង្សវឌ្ឍនា យកចិត្តទុកដាក់បំផុត ដោយត្រូវពិនិត្យបន្ថែមទៀតទាក់ទងទៅនឹង ការកែប្រែរបស់ទណ្ឌិត នៅក្នុងពន្ធនាគារ ភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ ជាពិសេសសាលក្រម ឬសាលដីកាស្ថាពរ។ ឯកឧត្តម បានបញ្ជាក់ ទៀតថា ចំពោះការលើកលែងទោស គឺមើលទៅលើទណ្ឌិតណា ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មានការកែប្រែខ្លួន បានអនុវត្តតាមច្បាប់នៃពន្ធធនាគារ ហើយបទល្មើសគាត់នោះមិនមានការប៉ះពាល់ខ្លាំងដល់សង្គម។
ចំណែកទណ្ឌិតណាដែលមិនកែប្រែ ប្រព្រឹត្តដដែលៗ ឬស្ថិតក្នុងស្ថានភាពមិនរាងចាល ហើយជាពិសេសបទល្មើសណាដែលកាច់សាហាវ ដែលមាន ព្យសនកម្មធ្ងន់ធ្ងរ ទាំងនេះជាអ្វីដែលក្រសួងបានយកចិត្តទុកដាក់ យ៉ាងខ្លាំងចំពោះបញ្ហានេះ ទាមទារពិនិត្យ ពិភាក្សាគ្នាយ៉ាងល្អិតល្អន់ជាទីបំផុត៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner