សិក្ខាសាលាស្តីពីការពិគ្រោះយោបល់នៃការវាយតម្លៃលើការរួមចំណែករបស់អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) នៅព្រះរាជាណាចក្រកម្ពុជា
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពីការពិគ្រោះយោបល់នៃការវាយតម្លៃលើការរួមចំណែករបស់អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) នៅព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារ សូហ្វីតែល ភូគីត្រា។ សិក្ខាសាលានេះសហការរៀបចំ និងឧបត្ថម្ភដោយអគ្គនាយកដ្ឋានកសិកម្ម និងអង្គការ FAO ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួង លោក Masahiro Igarashi នាយកទទួលបន្ទុកការងារវាយតម្លៃនៃអង្គការ FAO ប្រចាំទីក្រុងរ៉ូម លោក Alexandre Huynh តំណាងអង្គការ FAO ប្រចាំកម្ពុជា ។
សិក្ខាសាលានេះ មានគោលបំណងធ្វើការសិក្សាវាយតម្លៃលើទិដ្ឋភាពរួមពាក់ព័ន្ធនៅកម្រិតយុទ្ធសាស្រ្តនៃកិច្ចអន្តរាគមន៍របស់អង្គការ FAO ក្នុងការឆ្លើយតបទៅនឹងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្ម ព្រមទាំងកំណត់មេរៀនដែលទទួលបានក៏ដូចជាកត្តាអំណោយផល កត្តាដែលនាំឲ្យរាំងស្ទះដល់ការសម្រេចលទ្ធផល និងកំណត់យកចំណុចខ្វះខាតក្នុងការអនុវត្តកម្មវិធីក្នុងវិស័យកសិកម្មដែលមានសក្តានុពលសម្រាប់អនុវត្តការងារបន្តឲ្យទទួលបានជោគជ័យ។ ជាងនេះទៅទៀតគឺដើម្បីដកស្រង់នូវបទពិសោធន៍ល្អៗ និងរិះរកនូវគំនិតច្នៃប្រឌិតថ្មីៗបន្ថែមទៀត ដើម្បីចូលរួមវាយតម្លៃពីគុណសម្បត្តិ គុណវិបត្តិ ចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈមនានា និងបទពិសោធន៍ ឬមេរៀនល្អៗដែលយើងទទួលបានពីការអនុវត្តគម្រោងកម្មវិធីរបស់ FAO នៅកម្ពុជានាពេលកន្លងមក រួចដាក់ចេញនូវផែនការយុទ្ធសាស្រ្តអនុវត្តបន្តធ្វើយ៉ាងណាឲ្យគម្រោងផ្សេងៗទៀតទទួលបានជោគជ័យតាមគោលដៅរំពឹងទុក។
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានបញ្ជាក់ថាការរៀបចំសិក្ខាសាលានាពេលនេះ គឺស្របពេលដែលក្រសួង បាននិងកំពុងរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០១៩-២០២៣ ដោយតម្រង់ទិសឆ្ពោះទៅរកការលើកកម្ពស់ និងជំរុញការអភិវឌ្ឍវិស័យកសិកម្មប្រកបដោយភាពវៃឆ្លាត ដើម្បីធានាសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ការកាត់បន្ថយភាពក្រីក្រ ជំរុញការអនុវត្តកសិកម្មប្រកបដោយស្ថិរភាព និងមានភាពធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុ។ តាមរយៈរបាយការណ៍របស់ក្រុមការងារវាយតម្លៃនៃអង្គការ FAO រាល់អនុសាសន៍ទាំងឡាយដែលបានលើកឡើង និងចំណាប់អារម្មណ៍របស់លោកនាយក Masihiro Igarashi គឺពិតជាមានសារៈសំខាន់ និងឆ្លុះបញ្ចាំងពីសភាពការណ៍ជាក់ស្តែង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យកសិកម្មរបស់ក្រសួង សម្រាប់រយៈពេល៥ឆ្នាំខាងមុខ។
ដូច្នេះ ក្នុងនាមក្រសួង ឯកឧត្តមរដ្ឋមន្រ្តីបានគាំទ្រដល់អនុសាសន៍ទាំងនោះ និងសូមស្នើឲ្យអង្គការនេះបន្តយកអនុសាសន៍ទាំងនោះទៅដាក់បញ្ចូលនៅក្នុងផែនការយុទ្ធសាស្រ្តរបស់ខ្លួនក្នុងរយៈពេល៥ឆ្នាំខាងមុខ៕ម.ន