នគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យ៣ ឃាត់ខ្លួនជនសង្ស័យម្នាក់រួមជាមួយថ្នាំញៀន៣កញ្ចប់
ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចនគរបាលស្ទឹងមានជ័យ៣ធ្វើការឃាត់ខ្លួនក្រោយពេលឆែករកឃើញថ្នាំញៀននៅជាប់ក្នុងខ្លួនកាលពីវេលាម៉ោង១ និង៤០ រំលងអាធ្រាត្រ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ នៅចំណុចផ្លូវលំ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។
លោក ឯម ភារី នាយប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យ៣ បានប្រាប់ឲ្យដឹងថា ជនសង្ស័យឈ្មោះ ឌី ឈា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករ មានទីលំនៅផ្ទះជួល ផ្លូវលំ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។
លោកបានឲ្យដឹងទៀតថា នៅវេលាម៉ោង ១ និង ៤០នាទីរំលងអាធ្រាត ឈានចូលថ្ងៃ៣១ ខែតុលា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលស្ទឹងមានជ័យ៣ បានចុះល្បាតនៅក្នុងមូលដ្ឋាននិងដាក់គោលដៅត្រួតពិនិត្យនៅក្នុងភូមិសាស្ដ្រ លុះពេលសមត្ថកិច្ចស្ទឹងមានជ័យ៣ជិះដល់ផ្លូវលំក៏ឃើញជនសង្ស័យកំពុងឈរចិញ្ចើមផ្លូវដោយមានការសង្ស័យបានសុំធ្វើការឆែកឆេនៅក្នុងខ្លួនប្រទះឃើញថ្នាំញៀនចំនួន៣កញ្ចប់តូច សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនភ្លាមៗយកទៅសាកសួរតែម្ដង។
បច្ចុប្បន្នជនសង្ស័យត្រូវបានកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការនគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕