គណៈកម្មការនីតិកម្ម និងយុត្តិធម៌ សហការរៀបចំដោយអគ្គលេខាធិការដ្ឋានរដ្ឋសភា និងលេខាធិការដ្ឋានសម្របសម្រួលបច្ចេកទេសនៃសភាកម្ពុជា បានរៀបចំសិក្ខាសាលាស្តីពីកម្មវិធីស្វាគមន៍ និងផ្តល់ ព័ត៌មានបឋមសម្រាប់សមាជិកសមាជិកានីតិកាលទី៦
នៅវិមានរដ្ឋសភា ថ្ងៃទី២៤ ខែតុលានេះ ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភាបានមសនប្រសាសន៍ថា កម្មវិធីស្វាគមន៍ និងផ្តល់ពត័មានបឋមសម្រាប់សមាជិកសមាជិកានីតិកាលទី៦លើកនេះ គឺជាឱកាសជួបជុំដ៏មានសារប្រយោជន៍សម្រាប់ផ្លាស់ប្តូរទៅវិញទៅមកនូវទស្សនៈ បទពិសោធន៍ និងអនុសាសន៍ល្អៗ។ ក្នុងឋានៈជាអ្នកតាក់តែងច្បាប់ យើងត្រូវបន្តប្រឹងប្រែងកសាងនូវប្រព័ន្ធច្បាប់មួយកាន់តែពេញលេញ។ ខិតខំតាមគ្រប់មធ្យោបាយ និងលទ្ធភាពចូលរួមបម្រើប្រជាជនក្នុងភាពជាតំណាងដ៏ប្រពៃរបស់ប្រជាជាតិខ្មែរទាំងមូល នឹងបន្តលើកកម្ពស់វប្បធម៌នៃកិច្ចសន្ទនាក្នុងន័យស្ថាបនានិងរួមចំណែកយ៉ាងសកម្មពង្រឹងស្ថាប័ននីតិប្បញ្ញាត្តិ ដើម្បីភាពរឹងមាំនៃលទ្ធិប្រជាធិបតេយ្យ អភិបាលកិច្ចល្អ និងនីតិរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនេះ ឯកឧត្តមបានបន្តថា ការជំរុញការប្រតិបត្តិច្បាប់ឲ្យបានល្អ ការតាមដានការអនុវត្តរបស់ផ្នែកនីតិប្រតិបត្តិនិងការចូលរួមចំណែកដោះស្រាយសំណើ និងសំណូមពររបស់ប្រជាពលរដ្ឋ គឺជាការទទួលខុសត្រូវខ្ពស់របស់តំណាងរាស្រ្ត និងស្ថាប័ននីតិប្បញ្ញាត្តិ។
ក្នុងបទបង្ហាញស្តីពីរដ្ឋធម្មនុញ្ញ បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា ក្រមសីលធម៌របស់តំណាងរាស្រ្ត និងមុខងារទាំងបីរបស់រដ្ឋសភា ដែលលើកឡើងដោយឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា បានឲ្យដឹងថា ស្ថាប័ននីតិប្បញ្ញាត្តិនៃព្រះរាជាណាចក្រកម្ពុជារួមមានរដ្ឋសភា ព្រឹទ្ធសភា។ រដ្ឋសភាជាអង្គការ ដែលមានអំណាចនីតិប្បញ្ញាត្តិ ហើយបំពេញភារកិច្ចរបស់ខ្លួនដូចបានកំណត់ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានសភាធម្មនុញ្ញអនុម័តនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ ហើយត្រូវបានព្រះមហាក្សត្រឡាយព្រះហស្ថលេខាលើព្រះរាជក្រមប្រកាសឲ្យប្រើនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣។ រដ្ឋធម្មនុញគឺជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា។ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តសម្រាប់រដ្ឋសភាអនុវត្តតួនាទី និងភារកិច្ចមានដូចជាបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា ច្បាប់ស្តីពីលក្ខន្តិកៈតំណាងរាស្រ្ត សេចក្តីសម្រេច និងលិខិតបទដ្ឋានគតិយុត្តនានារបស់រដ្ឋសភា។ ឯកឧត្តមបានបន្តទៀតថាទោះបីមានរដ្ឋធម្មនុញ្ញ បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភាច្បាប់ស្តីពីលក្ខន្តិកៈតំណាងរាស្រ្ត និងច្បាប់ពាក់ព័ន្ធជាធរមានក៏ដោយ ក៏ក្នុងក្របខណ្ឌនៃការប្រតិបត្តិការសិទ្ធិសេរីភាព និងការបំពេញតួនាទីភារកិច្ចក្នុងនីតិកាលរបស់ខ្លួនតំណាងរាស្រ្តត្រូវប្រកាន់ខ្ជាប់នូវសីលធម៌ស្អាតស្អំ មនសិកា និងកិត្តិយសដើម្បីលើកកម្ពស់ទំនុកចិត្តគណនេយ្យភាព និងការជឿជាក់លើសមាជិករដ្ឋសភា និងរដ្ឋសភាដែលជាអង្គការកំពូលរបស់ប្រទេសជាតិ។ រដ្ឋសភាមានភារកិច្ចស្នូលសំខាន់ចំនួនបី គឺការងារនីតិកម្ម ការតាមដានការអនុវត្តច្បាប់ និងបំពេញការងារក្នុងភាពជាតំណាងរបស់ប្រជាពលរដ្ឋ។ នៅក្នុងឱកាដនោះ ក៏មានការធ្វើបទបង្ហាញផងដែរអំពីតួនាទីរបស់គណៈកម្មការសេដ្ឋកិច្ចហិរញ្ញវត្ថុធនាគារ និងសវនកម្មនៃរដហឋសភា និងអត្ថប្រយោជន៍ព្រមទាំងរបបឧបត្ថម្ភផ្សេងៗរបស់តំណាងរាស្រ្ត កិច្វការអន្តរជាតិ និងការងារការទូតសភា បទបង្ហាញស្តីពីតួនាទីភារកិច្ចសមត្ថកិច្ចរបស់សមាគមសមាជិកសភាដើម្បីប្រជារាស្ត្រ និងការអភិវឌ្ឍ។ តួនាទី និងភារកិច្ចរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា យន្តការនិងសេវាគាំទ្ររបស់អង្គភាពនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា៕ម.ន