សម្តេចតេជោ ហ៊ុន សែន គ្រោងនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួម «សន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍនៃវេទិកាវិនិយោគពិភពលោកឆ្នាំ២០១៨» នាទីក្រុងហ្សឺណែវ ប្រទេសស្វីស
សម្តេចតេជោ ហ៊ុន សែន គ្រោងនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួម «សន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍនៃវេទិកាវិនិយោគពិភពលោកឆ្នាំ២០១៨» ពីថ្ងៃទី ២២ ដល់ទី ២៤ ខែតុលា ឆ្នាំ ២០១៨ នាទីក្រុងហ្សឺណែវ ប្រទេសស្វីស ក្រោយបំពេញទស្សនកិច្ចនៅប្រទេសបែហ្សិក និងប្រទេសតួកគី។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសបានឲ្យដឹងថា ដំណើរទៅចូលរួមសន្និសីទនោះ គឺធ្វើឡើងតបតាមការអញ្ជើញរបស់អគ្គលេខាធិការនៃសន្និសីទអង្គការសហប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ លោក ម៉ុឃីសា គីទុយី។ សន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍនៃវេទិកាវិនិយោគពិភពលោកឆ្នាំ២០១៨ ធ្វើឡើង ក្រោមមូលបទរួម «ការវិនិយោគលើការអភិវឌ្ឍប្រកបដោយចីរភាព»។ អញ្ជើញអមដំណើរ សម្ដេចតេជោនាយករដ្ឋមន្ត្រីរួមមាន រដ្ឋមន្ត្រីក្រសួងការបរទេស លោកឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន និងឥស្សរជននៃរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំធុរកិច្ចនៃសភាពាណិជ្ជកម្មជាច្រើនរូបផងដែរ។ នៅក្នុងកិច្ចប្រជុំកំពូលអ្នកដឹកនាំវិនិយោគសកល សម្ដេចតេជោ គ្រោងនឹងថ្លែងសុន្ទរកថាគន្លឹះ លើប្រធានបទ (កិច្ចវិនិយោគនៅក្នុងយុគសម័យថ្មីនៃ សាកលភាវូបនីយកម្ម និងឧស្សាហូបនីយកម្ម និងកាលានុវត្តភាពធុរកិច្ចនៅកម្ពុជា ក្នុងបរិបទ ទីផ្សារដែលបានធ្វើសមាហរណកម្ម)។ ក្នុងដំណើរទស្សកិច្ចនៅប្រទេសស្វីស សម្ដេចតេជោ ក៏នឹងអញ្ជើញចូលរួមពិសាអាហារការងាតថ្ងៃត្រង់សម្រាប់ថ្នាក់ដឹកនាំជាមួយក្រុមប្រឹក្សាផ្ដល់យោបល់លើការវិនិយោគ ដែលក្នុងឳកាសនោះ សម្ដេចតេជោ នឹងចែករំលែក ចក្ខុវិស័យ និងបទពិសោធន៍ពាក់ពន្ធ័នឹងប្រធានបទដូចខាងលើ។
សេចក្ដីប្រកាសព័ត៌មានបានបន្តថា ក្រៅពីអញ្ជញចូលរួមកិច្ចប្រជុំនោះ សម្ដេចគ្រោងនឹងជួបដាច់ដោយឡែកពីគ្នាជាមួយថ្នាក់ដឹកនាំរបស់ស្ថាប័នអង្គការអន្តរជាតិសំខាន់ៗមួយចំនួនដូចជា អគ្គនាយកអង្គការកម្មសិទ្ធបញ្ញាពិភពលោក លោក ហ្រានស៊ីស ហ្គារី នាយកប្រតិបត្តិមជ្ឈមមណ្ឌលពាណិជ្ជកម្មអន្តរជាតិ លោកស្រី អារ៉ាឆា ហ្គងហ្សាឡែស អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក លោក រ៉ូប៊ែតូ កាវ៉ាល់ហូ និងអគ្គលេខាធិការនៃសន្និសីទអង្គការសហប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ លោក ម៉ុឃីសា គីទុយី។ សម្ដេចតេជោ ក៏គ្រោងនឹងជួបជាមួយឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សលោកស្រី មីសែល បាសែឡែត ផងដែរ។ ក្រោយបញ្ចប់ជំនួបនោះ សម្ដេចតេជោ គ្រោងនឹងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខារវាងលោកឧបនយាករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកស្រីឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សលោកស្រី មីសែល បាសែឡែត លើអនុស្សរណៈរវាងរាជរដ្ឋាភិបាលកម្ពុជា និងការិយាល័យឧត្តមស្នងការអង្គការ សហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ដើម្បីអនុវត្តកម្មវិធីកិច្ចសហប្រតិបត្តិការបច្ចេកទេស ស្ដីពីបញ្ហាសិទ្ធិមនុស្ស។ ក្នុងអំឡុងពេលស្នាក់នៅប្រទេសស្វីសនោះ សម្ដេចតេជោ ក៏គ្រោងនឹងជួបសំណេះសំណាលជាមួយសមាជិកសហគមន៍ខ្មែរ និងនិស្សិតខ្មែរ ដែលកំពង់រស់នៅ និងសិក្សានៅប្រទេសស្វីសផងដែរ៕ម.ន