សម្តេចបញ្ជាក់ការចាកចេញ៨ថ្ងៃ ទៅបំពេញបេសកកម្មទៅទ្វីបអឺរ៉ុប
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨នេះថា ការចាកចេញក្នុងបេសកកម្មការទូតម្តងទៀតនាពេលនេះ ជាដំណើរទៅកាន់ប្រទេសបែលហ្ស៊ិកក្នុងទ្វីបអឺរ៉ុប។ សម្តេចនាយករដ្ឋមន្ត្រី បានសរសេរក្នុងហ្វេសប៊ុកថា សម្តេចនឹងចាកចេញនៅវេលារំលងអាធ្រាត្រម៉ោង១២និង២០នាទី ឈានចូលថ្ងៃទី១៧ តុលា ២០១៨ ក្នុងដំណើរទៅកាន់ទីក្រុងប្រុចសែល ដែលជាទីកន្លែងប្រជុំអាស៊ីអឺរ៉ុបលើកទី១២។
កិច្ចប្រជុំអាស៊ីអឺរ៉ុប នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ដល់១៩តុលា ដោយមានថ្នាក់ដឹកនាំជាង៥១ប្រទេសអញ្ជើញចូលរួម។ ប្រធានបទនៃកិច្ចប្រជុំអាស៊ីអឺរ៉ុបលើកទី១២នេះ គឺ អឺរ៉ុបនិងអាស៊ី៖ ដៃគូពិភពលោកសម្រាប់ការប្រឈមជាសកល Europe and Asia: Global Partners for Global Challenges ដែលនឹងត្រូវផ្តោតលើបញ្ហាពាណិជ្ជកម្ម និងការវិនិយោគ ការតភ្ជាប់ កត្តាបរិស្ថាននិងការអភិវឌ្ឍចីរភាព និងកត្តាប្រឈមសន្តិសុខដូចជាអំពើភេរវកម្ម ចំណាកស្រុកមិនប្រក្រតី និងសន្តិសុខ Cyber នោះជាដើម។
សម្តេចតេជោសែន មានប្រសាសន៍មុនពេលចាកចេញ បានរៀបរាប់លម្អិតនូវកម្មវិធីដោយសម្តេចបញ្ជាក់ថា បន្ទាប់ពីប្រជុំអាស៊ីអឺរ៉ុប សម្តេចនឹងធ្វើទស្សនកិច្ចនៅប្រទេសតួកគី ចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២២ តុលា។ សម្តេចបានបន្តទៀតថា នៅថ្ងៃទី២២ តុលា សម្តេចនឹងត្រូវចាកចេញពីប្រទេសតួកគី មកទីក្រុងហ្សឺណែវនៃប្រទេសស្វីស ដើម្បីចូលរួមសន្និសីទស្តីពីពាណិជ្ជកម្ម។ រហូតដល់យប់ថ្ងៃទី២៤តុលា សម្តេចនាយករដ្ឋមន្ត្រី នឹងចាកចេញពីប្រទេសស្វីស វិលត្រឡប់មកដល់កម្ពុជាវិញនៅថ្ងៃទី២៥ តុលាដើម្បីឲ្យទាន់ការដឹកនាំប្រជុំការព្រាងច្បាប់ថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩។
កិច្ចប្រជុំសេចក្តីព្រាងច្បាប់ថវិកា នឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៦ តុលាឆ្នាំ២០១៨។ សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថាដំណើរចេញក្រៅ ប្រទេសលើកនេះ ពិតជាមមាញឹក ដែលស្ទើរតែរកពេលទទួលទានបាយមិនបាន ប៉ុន្តែសម្តេចបានបញ្ជាក់ថា សម្តេចពេញចិត្តនឹងធ្វើកិច្ចការនេះ ព្រោះជាប្រយោជន៍របស់ជាតិកម្ពុជា។ សម្តេចនាយករដ្ឋមន្ត្រី បានបន្តទៀតថា ដំណើរចេញក្រៅប្រទេសលើកនេះ អ្វីដែលសម្តេចមិនអាចបោះបង់ចោលបាន គឺការជួបជាមួយបងប្អួនប្រជាជន និងនិស្សិតខ្មែរដែលកំពុងរស់នៅ និងរៀនសូត្រនៅអឺរ៉ុប ដែលសម្តេចបញ្ជាក់ថាគឺបងប្អូនកូនក្មួយកំពុងរង់ចាំសម្តេចនៅទីនោះ។
នៅជាមួយគ្នានោះផងដែរ សាររបស់ពលរដ្ឋខ្មែរពីក្រៅប្រទេស ក្នុងការរង់ចាំស្វាគមន៍ដំណើរអញ្ជើញដល់របស់សម្តេច នៅតែបន្តថែមទៀតនៅថ្ងៃនេះ។ យោងតាមក្រសួងការបរទេសកម្ពុជា ក្នុងអំឡុងពេលស្នាក់នៅក្នុងប្រទេសបែលហ្ស៊ិក សម្តេចនាយករដ្ឋមន្ត្រីកម្ពុជានឹងទទួលជួបនាយករដ្ឋមន្ត្រីយ៉ាងហោច៤ប្រទេសផ្សេងគ្នា រួមមាននាយករដ្ឋមន្ត្រីនៃប្រទេសរុស្ស៊ីនាយករដ្ឋមន្ត្រីប្រទេសហុងគ្រី នាយករដ្ឋមន្ត្រីប្រទេសន័រវ៉េ និងនាយករដ្ឋមន្ត្រីប្រទេសឆែក និងថ្នាក់ដឹកនាំគណៈប្រតិភូបរទេសដទៃទៀត។ នៅជាមួយគ្នានោះផងដែរ ការិយាល័យអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី១៦តុលានេះ បានចេញនូវសេចក្តីប្រកាសព័ត៌មានមួយមុនការដំណើរចាកចេញរបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន។
សេចក្តីប្រកាសព័ត៌មានបានសរសេរកត់សម្គាល់អំពីបេសកកម្មជាផ្លូវការដែលតំណាងផលប្រយោជន៍ខ្មែរ និងអាស៊ានដើម្បីចូលរួមផ្តល់មតិ និងអនុម័តក្នុងចក្ខុវិស័យក្នុងភាពជាដៃគូ ឈរលើមូលដ្ឋានជាឯកច្ឆ័ន្ទនិងអធិបតេយ្យ។ សេចក្តីប្រកាសព័ត៌មាន បានកត់សម្គាល់ទៀតថាបើមានភាគីណាមួយជំទាស់លើសេចក្តីសម្រេចជាយថាហេតុណាមួយនោះ សេចក្តីសម្រេចរួមនោះ នឹងមិនអាចប្រកាសជាផ្លូវការបានឡើយ។
សេចក្តីប្រកាសអ្នកនាំពាក្យបានឲ្យដឹងដែរថា ក្នុងកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបនោះ សម្តេចនាយករដ្ឋមន្ត្រីនឹងគ្រោងថ្លែងបទអន្តរាគមន៍មួយដោយ ផ្តោតលើប្រធានបទ «របៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងកំណើ់នសេដ្ឋកិច្ចប្រកប ដោយចីរភាព និងបរិយាប័ន្ន ដែលមានន័យថាគ្មានភាគីដៃគូណាមួយត្រូវបានបំភ្លេច ឬរំលងនោះឡើយ។
សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា នេះជារបៀបវារៈផ្លូវការដែលជាសត្យានុម័តឆ្លើយតបទៅនឹងការធ្វើវិទ្ធង្សនាអកុសលរបស់ក្រុមក្រៅច្បាប់ដែលធ្វើយុទ្ធនាការប្រឌិត និងបំភ្លៃការពិតដែលលើកឡើងថាសម្តេចតេជោនាយករដ្ឋមន្ត្រី នឹងទទួលសម្ពាធពីសហភាពអឺរ៉ុបក្នុងពេលប្រជុំនោះ គឺជាការភូតភរពិតប្រាកដនិងមិនខ្មាស់អៀន។ សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ទៀតថាវត្តមានរបស់សម្តេចនាយករដ្ឋមន្ត្រី គឺឆ្លើយតបតាមការអញ្ជើញជាផ្លូវការរបស់ឯកឧត្តម Donald Tusk ប្រធានក្រុមប្រឹក្សាអឺរ៉ុប និងឯកឧត្តម Jean Claude Juncker ប្រធានគណៈកម្មការអឺរ៉ុប។
សម្តេចនាយករដ្ឋមន្ត្រីផ្តល់អនុសាសន៍ដល់ក្រុមយុវជនអាស៊ីអាគ្នេយ៍។ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលជួបគណៈប្រតិភូយុវជនអាស៊ីអាគ្នេយ៍ចំនួន២៩នាក់ នៅថ្ងៃទី១៦តុលានេះ មុនដំណើរចាកចេញទៅកាន់ទ្វីបអឺរ៉ុប។ សម្តេចបានណែនាំគណៈប្រតិភូយុវជនអាស៊ីអាគ្នេយ៍ត្រូវប្រឹង ប្រែងធ្វើយ៉ាងណារៀបចំខ្លួនជាកូនខ្មែរដែលតំណាងឲ្យប្រជាជនខ្មែរទាំង១៦លាននាក់។
ប្រធានគណៈប្រតិភូយុវជនអាស៊ីអាគ្នេយ៍ លោកណៃ សេម ណារ័ត្ន បានជម្រាបសម្តេចនាយករដ្ឋមន្ត្រីថាដំណើររបស់ក្រុម យុវជនកម្ពុជាទាំង២៩នាក់នៅលើកនេះ នឹងមានរយៈពេល៥២ថ្ងៃ ដោយចាប់ផ្តើមតាំងពីថ្ងៃទី២៣តុលា ពីប្រទេសជប៉ុន នឹងធ្វើដំណើរឆ្លងកាត់១១ប្រទេស ក្នុងនោះ រួមមានប្រទេសប្រ៊ុយណេ ប្រទេសហ្វីលីពីន ប្រទេសវៀតណាម និងប្រទេសមួយចំនួនទៀត មុននឹងវិលត្រឡប់ទៅកាន់ប្រទេសជប៉ុនវិញ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ណែនាំដល់គណៈប្រតិភូ សូមប្រឹងប្រែងធ្វើយ៉ាងណារៀបចំខ្លួនជាកូនខ្មែរពិតៗព្រោះគណៈប្រតិភូទាំងមូលគឺជាតំណាងឲ្យប្រជាជនខ្មែរប្រមាណ១៦លាននាក់ដែលនៅពីក្រោយ ហើយធ្វើយ៉ាងណាត្រូវកសាងមិត្តឲ្យបាន ច្រើនដើម្បីថ្ងៃអនាគតទៅ អាចក្លាយទៅជាដៃគូរសហប្រតិបត្តិការផងដែរ។ ក្នុងប្រសាសន៍សំណេះសំណាលនោះផងដែរ សម្តេចបានមាន ប្រសាសន៍អំពីមូលហេតុដែលកម្ពុជាបានក្លាយជាសមាជិកអាស៊ាន និងរឿងរ៉ាវព្រឹត្តិការណ៍ដទៃជាច្រើនទៀត ពាក់ព័ន្ធនឹងអតីតកាលរបស់កម្ពុជា។