រយៈពេល៨ខែ ឆ្នាំ២០១៨ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិកើន១១,៧% បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំកន្លងទៅ
ក្រសួងទេសចរណ៍បានឱ្យដឹងថា ក្នុងរយៈពេល៨ខែ ឆ្នាំ២០១៨ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួនជាង៣,៩ លាននាក់ កើន១១.៧% បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំកន្លងទៅ។ នៅក្នុងរបាយការណ៍លើកឡើងក្នុងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិកម្ពុជា២០១៨ រៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងថា គោលដៅទេសចរណ៍កម្ពុជាក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ មានការរីកចម្រើនគួរជាទីមោទនៈ។ ឯកឧត្តមរដ្ឋមន្រ្តីបន្ថែមថា ឆ្នាំ២០១៧ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន៥,៦លាននាក់ កើន១១,៨% ដែលបាននាំមកចំណូលដោយផ្ទាល់៣,៦ពាន់លានដុល្លាអាម៉េរិកចាក់បញ្ចូលទៅក្នុងកំណើនសេដ្ឋកិច្ចជាតិ ប្រមាណ១៣% នៃផលិតផលសរុបក្នុងស្រុក បង្កើតការងារដោយផ្ទាល់ចំនួន៦២ម៉ឺននាក់ និងបង្កើតការងារដោយប្រយោលរាប់សិបម៉ឺននាក់បន្ថែមទៀត។ ជាមួយគ្នានេះ កម្ពុជាក៏រំពឹងថានឹងទទួលបានទេសចរអន្តរជាតិចំនួន៦,២ លាននាក់នៅឆ្នាំ២០១៨នេះ និងនៅឆ្នាំ២០២០ ជាង៧លាននាក់ នៅឆ្នាំ២០២៥ ប្រមាណ ១០លាននាក់ និងឆ្នាំ២០៣០ ប្រមាណ១៥លាននាក់៕ម.ន