កងទ័ពប្រមាណ៥០,០០០នាក់មកពី៣១ប្រទេស នឹងចូលរួមធ្វើសមយុទ្ធយោធាធំបំផុតនៅប្រទេសន័រវែសដែលរៀបចំដោយអង្គការ NATO

ន័រវែស៖ យោងតាមសេចក្តីប្រកាសរបស់យោធាន័រវែស បានឱ្យដឹងថា កងទ័ពសរុបប្រមាណ៥០,០០០នាក់មកពី៣១ប្រទេស នឹងមកចូលរួមក្នុងការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំឈ្មោះថា ត្រាយដិន ចាំងឆឺ ឆ្នាំ២០១៨ របស់អង្គការណាតូ នៅក្នុងប្រទេសន័រវែស ចាប់ពីថ្ងៃទី២៥ ខែតុលានេះ ដល់ថ្ងៃទី០៧ ខែវិច្ឆិកា ខាងមុខ។ ពាក់ព័ន្ធនឹងគម្រោងធ្វើសមយុទ្ធទ្រង់ទ្រាយធំនេះ យោធាន័រវែសបានគូសបញ្ជាក់ថា ការពង្រឹងសមត្ថភាពការពារជាតិរួមគ្នាបានក្លាយជាចំណុចដ៏សំខាន់សម្រាប់អង្គការណាតូ ដោយសារតែការប្រែប្រួលនៃស្ថានការណ៍សន្តិសុខលើពិភពលោក ហើយថា លំហាត់យោធានេះ នឹងធានាថា កងកម្លាំងណាតូទទួលបានការហ្វឹកហាត់ និងត្រៀមខ្លួនរួចរាល់ ហើយបង្ហាញពីភាពរឹងមាំ និងសាមគ្គីភាពរបស់អង្គការណាតូ។

សូមជម្រាបថា កងទ័ពមកពីប្រទេសជាសមាជិកអង្គការណាតូទាំង២៩ រួមជាមួយស៊ុយអែត និងហ្វាំងឡង់ ដែលជាដៃគូ ព្រមទាំងយន្តហោះ១៥០គ្រឿង នាវា៦៥គ្រឿង យានជំនិះរហូតដល់១០,០០០គ្រឿង និងនាវាដឹកយន្តហោះចម្បាំង USS ហារី អេស.ទ្រូមែន ដែលដើរដោយថាមពលនុយក្លេអ៊ែរ នឹងចូលរួមការធ្វើសមយុទ្ធដែលគ្រោងប្រព្រឹត្តទៅនៅតំបន់ភាគកណ្តាល និងខាងកើតន័រវែស ព្រមទាំងតំបន់នៅជុំវិញសមុទ្រអាត្លង់ទិកខាងជើង និងសមុទ្របាល់ទិក ដែលនឹងក្លាយជាការចល័តកងទ័ពទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានរបស់ណាតូ គិតចាប់តាំងតែពីសម័យសង្រ្គាមត្រជាក់មក៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner