ព្យុះ ហឺរិខិន Michael កំពុងបង្កការគំរាមកំហែងទៅលើបណ្តារដ្ឋភាគអាគ្នេយ៍សហរដ្ឋអាម៉េរិក
សហរដ្ឋអាម៉េរិក៖ មជ្ឈមណ្ឌលព្យុះហឺរិខិនជាតិសហរដ្ឋអាម៉េរិកបានឱ្យដឹងថា ព្យុះហឺរីខិនមានឈ្មោះ ម៉ៃឃើល បានបោកបក់ទៅដល់តំបន់ភាគពាយ័ព្យរដ្ឋផ្លូរីដា ជាមួយ កម្លាំងខ្យល់ជិត២៥០គីឡូម៉ែត្រក្នុងមួយម៉ោងនៅថ្ងៃពុធសប្តាហ៍នេះ (ម៉ោងក្នុងតំបន់)ដោយនំាមកនូវខ្យល់បក់បោកខ្លាំង និងភ្លៀងធ្លាក់យ៉ាងជោគជំា។ គួរបញ្ជាក់ថា ក្រោយការមកដល់នៃព្យុះហឺរិខិនដ៏មានឥទ្ធិពលនេះ នៅឯទីក្រុង ម៉ិកស៊ីកូ ប៊ីស ផ្លូវថ្នល់នានាត្រូវបានជន់លិច ដើមឈើបានដួលរលំ និងផ្ទះសម្បែងបានរងការខូចខាត ខណៈមនុស្សម្នាក់ក៏បានបាត់បង់ជីវិតផងដែរ ។ ព្យុះហឺរីខិន ម៉ៃឃើល បានបោកបក់មកដល់សហរដ្ឋអាម៉េរិកក្នុងកម្រិតជាព្យុះកម្រិត៤ ជិតដល់កម្រិត ៥ ដែលជាកម្រិត ខ្ពស់បំផុត មុនពេលវាបានថយចុះទៅកម្រិត៣ នៅប៉ុន្មានម៉ោងក្រោយ ហើយនាពេលនេះ មកនៅត្រឹមកម្រិត១ប៉ុណ្ណោះ។ រហូតមកទល់ពេលនេះ ព្យុះហឺរីខិន ម៉ៃឃើល បានវាយលុកទៅដល់រដ្ឋ ហ្សកហ្ស៊ី និងកំពុងសំដៅបន្តទៅរករដ្ឋ ខារ៉ូលីណា ខាងត្បូង និងខាងជើង មុនចាកចេញទៅកាន់សមុទ្រអាត្លង់ទិកខាងជើង៕