សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ធ្វើសិក្ខាសាលផ្តល់បទពិសោធន៍ ស្តីពីវិធីសាស្រ្តបង្ហាត់សិស្សឲ្យ ចូលចិត្តហ្វឹកហាត់

អត្ថបទដោយ៖
Kien Sereyvuth

សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានរៀបចំធ្វើសិក្ខាសាលា ភាពស្រស់ស្រាយពេលបង្ហាត់សម្រាប់គ្រូបង្វឹក រយៈពេល២ថ្ងៃ នៅទីលានកីឡាវាយកូនបាល់ ក្នុងពហុកីឡដ្ឋានជាតិ ដើម្បីផ្តល់ចំណេះដឹងជុំវិញវិធីសាស្រ្ត ធ្វើយ៉ាងណាបង្វឹកឲ្យសិស្សសប្បាយរីករាយ ក្នុងការចូលរួមហ្វឹកហាត់ ។

លោក ទេព រិទ្ធីវុទ្ធ អគ្គលេខាធិការកីឡាវាយកូនបាល់កម្ពុជា បានអះអាងថា បច្ចុប្បន្នសហព័ន្ធ បានពង្រីកសមាជិកកីឡាវាយកូនបាល់ នៅទូទាំងប្រទេសបានចំនួន១៣០០០នាក់ ហើយជំហ៊ាន នៃការពង្រីកសមាជិកនេះ សហព័ន្ធពុំផ្តោតសំខាន់លើបច្ចេកទេសខ្លាំងពេកនោះទេ ពោលគឺបច្ចុប្បន្នយើងផ្តល់ភាពសប្បាយរីករាយ ភាពទាក់ទាញធ្វើយ៉ាងណាឲ្យពួកគេចាប់អារម្មណ៍ចូលរួមហ្វឹកហាត់កីឡាវាយកូនបាល់ ។

ដូច្នោះហើយ ទើបសហព័ន្ធរៀបចំ សិក្ខាសិលា ភាពស្រស់ស្រាយពេលបង្ហាត់ សម្រាប់គ្រូបង្វឹកកីឡាវាយកូនបាល់ រយៈពេល១ឆ្នាំ៣ដង ដើម្បីចែករំឡែកចំណេះបទពិសោធន៍ នៃវិធីសាស្រ្តបង្ហាត់បង្រៀនដល់គ្រូៗយុវជនវ័យក្មេង ដែលជាស្នូលសំខាន់ នៅតាមក្លិបបណ្តាលខេត្ត-ក្រុងទូទាំងប្រទេស ដើម្បីពួកគេនាំយកចំណេះដឹង ទៅគៀងគរបានសិស្សចូលហ្វឹកហាត់ច្រើន ។

ដោយឡែក លោក ដាន រ៉ាន់ និង លោក ឡុង សំនៀង ដែលជាសិក្ខាកាម បានលើកឡើងថា ពួកគេពិតជាសប្បាយរីករាយខ្លាំងណាស់ ចំពោះការចូលរួម ក្នុងសិក្ខាសាលាដ៏មានសារៈសំខាន់នេះ ព្រោះវាបានផ្តល់ចំណេះដឹង និងបទពិសោធន៍ល្អច្រើន ពីគ្រូឧទ្ទេសបរទេសកម្រិតខ្ពស់ ដែលមានបទពិសោធន៍ក្រាស់កែ្រលលើវិស័យមួយនេះ។ ពួកយើង សង្ឈឹមជឿជាក់ថា តាមរយៈសិក្ខាសាលានេះ វានិងផ្តល់បទពិសោធន៍ថ្មីបន្ថែមមួយទៀត លើជំនាញបង្ហាត់បង្រៀនដែលធ្លាប់សិក្សាកន្លងមក ។

សូមបញ្ជាក់ថា សិក្ខាសាលា ដែលរៀបចំដោយសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ បង្ហាត់បង្រៀនដោយគ្រូឧទ្ទេសបរទេសមានបទពិសោធន៍ខ្ពស់ចំនួន៣រូប គឺលោក គ្រូ Robert Davis មកពីសហរដ្ឋអាម៉េរិក លោកគ្រូ Bapties Joel មកពីបារាំង និងលោកគ្រូ Drago Radic មកពីប្រទេស SERBIA ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner