អាជ្ញាធរមីនកម្ពុជា ជម្រុញឲ្យគ្រប់ក្រុមប្រតិបត្តិករសកម្មភាពមីននៅកម្ពុជា បន្តអប់រំនិងដាក់ស្លាកសញ្ញាពីគ្រោះថ្នាក់មីន ដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ដែលប្រឈមគ្រោះថ្នាក់ខ្លាំង (មានវីដេអូ)

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ជាអនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា បានថ្លែងថា បញ្ហាគ្រោះថ្នាក់ដោយគ្រាប់មីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ គឺនៅតែបន្តកើតមានជាបន្តបន្ទាប់នៅក្នុងឆ្នាំ២០២០នេះ។ ជាពិសេស គឺនៅក្មុងរដូវភ្ជួររាស់ធ្វើស្រែចម្ការ របស់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងតំបន់ប្រឈមទាំងនេះ។ការលើកឡើងបែបនេះ គឺនៅក្នុងឱកាសដែលឯកឧត្តម អញ្ជើញជាអធិបតី ក្នុងពិធីលើកផ្ទាំងបាណូដើម្បីធ្វើការផ្សព្វផ្សាយពីបញ្ហាមីននិងបានជួបសំណេះសំណាលជាមួយពលរដ្ឋ ដែលរស់នៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង នៅថ្ងៃទី២៤ ខែមិថុនាឆ្នាំ២០២០ដោយមានវត្តមានអមដំណើរពីឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត និងជាតំណាងឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានថ្លែងទៀតថាករណីគ្រោះថ្នាក់ដោយសារបញ្ហាគ្រាប់មីនមិនទាន់ផ្ទុះ និងកាកសំណល់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលបានបន្សល់ពីសម័យសង្គ្រាមនៅក្នុងខេត្តបាត់ដំបងកន្លងមកនេះ ជាពិសេសនៅក្នុងតំបន់ស្រុកសំឡូត បានកើតឡើងច្រើនជាងគេនិងជាសមរភូមិក្តៅចុងក្រោយ ដែលបញ្ហានេះសំណូមពរ និងទាមទារជម្រុញដល់គ្រប់ភាគីដែលជាប្រតិបត្តិករដៃគូដោះមីននៅកម្ពុជាទាំងអស់ ជាពិសេសនៅក្នុងសំឡូត ត្រូវខិតខំឲ្យខ្លាំងក្លាបន្ថែមទៀត ពីការអប់រំផ្សព្វផ្សាយ និងដាក់ស្លាកសញ្ញាពីបញ្ហាគ្រោះថ្នាក់ដោយគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅក្នុងតំបន់ដែលកំពុងប្រតិបត្តិការនេះ។

បើយោងតាមរបាយការណ៍ របស់អាជ្ញាធរមីនកម្ពុជា ក៏បានគូសបញ្ជាក់ឲ្យដឹងថា៖ គិតចាប់ពីខែមករា ដល់ខែ ឧសភាឆ្នាំ២០២០នេះ មានឧប្បទ្ទវហេតុនៃគ្រោះថ្នាក់ដោយសារមីន បានកើតឡើងចំនួន២៦ករណី។ដោយក្នុងនោះ បានបង្កឲ្យមនុស្សរងគ្រោះ ចំនួន៣២នាក់ និងស្លាប់ ៦នាក់។ តែបើប្រៀបធៀប និង រយៈពេលដូចគ្នា នៅក្នុងអំឡុងឆ្នាំ២០១៩កន្លងមក គឺ៖មានការថយចុះ១៣%។

ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ជាអនុប្រធានទី១អាជ្ញាធរមីនកម្ពុជា និងទទួលបន្ទុកបេសកកម្មពិសេស ក៏បានសម្ដែងនូវការកង្វល់និងព្រួយបារម្ភក្នុងខណៈដែលមានបងប្អូនប្រជាពលរដ្ឋកម្ពុជានៅបន្តរងគ្រោះថ្នាក់ ដោយសារតែកាកសំណល់បន្សល់ទុកពីសម័យសង្គ្រាម នៅតែបន្តយាយីដល់ការរស់នៅ និងការប្រកប នូវ មុខរបរស្រែចម្ការ របស់បងប្អូន។ ហើយនៅដើមឆ្នាំ២០២០នេះ គឺនៅតែមានកើតឡើងច្រើន ដែលបញ្ហានេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ និងចៀសវាងពីគ្រោះថ្នាក់ទាំងនេះ ។

ជាមួយគ្នានេះផងដែរឯកឧត្តម លី ធុជ ក៏បានស្នើដល់អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ពិសេសភូមិ -ឃុំ ដែលនៅមានចម្ការមីន  និងមានពលរដ្ឋចំណាកស្រុក បានចូលមករស់នៅក្នុងមូលដ្ឋានខ្លួន ត្រូវតែអប់រំនិងផ្សព្វផ្សាយដល់ពួកគាត់ទាំងនោះ ពីប្រការយល់ដឹងអំពីគ្រោះថ្នាក់ដោយគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពីតំបន់ផ្ទៃដីចម្ការមីនដែលមាននៅទីនេះឲ្យបានច្បាស់លាស់ ដើម្បីចៀសវាងកុំឲ្យមានករណីគ្រោះថ្នាក់ដល់ពួកគាត់ទៀត។

គួរបញ្ជាក់ផងដែរថា៖បច្ចុប្បន្នករណីគ្រោះថ្នាក់ដោយកាកសំណល់ពីសម័យសង្គ្រាម គឺច្រើនកើតមាន ទៅលើពលរដ្ឋចំណាកស្រុកជាបន្តបន្ទាប់។ ក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានជំរុញដល់កងកម្លាំង និង ប្រតិបត្តិករបោសសំអាតមីនគ្រប់អង្គភាពនៅទីនេះ ត្រូវដាក់ស្លាកសញ្ញានានា នៅតាមចម្ការមីនឲ្យបានគ្រប់ចម្ការ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋបានដឹងគ្រប់ៗគ្នា និងបញ្ចៀសពីគ្រោះថ្នាក់កើតឡើងជាថ្មីទៅថ្ងៃខាងមុខទៀត៕ ( អត្ថបទ- រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner