សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងលោកជំទាវ អញ្ជើញកាន់បិណ្ឌវេនទី១១ នៅវត្តជម្ពូសុវណ្ណ ស្រុកពញាក្រែក
ត្បូងឃ្មុំ ៖ នៅព្រឹកថ្ងៃ១១រោច ខែភទ្របទ ឆ្នាំចរ សំរិទ្ធ-ស័កពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ រួមជាមួយនឹងឯកឧត្តម លោកជំទាវ សមាជិកសមាជិការដ្ឋសភា បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១១ ជាមួយប្រជាពលរដ្ឋពុទ្ធបរិស័ទ្ធចំណុះជើងវត្ត នៅវត្តជម្ពូសុវណ្ណ ហៅវត្តត្រពាំងព្រីង ស្ថិតក្នុងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
នៅក្នុងពិធីនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងលោកជំទាវ ព្រមទាំងបុត្រាបុត្រីក្រុមគ្រួសារ រួមនឹងឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បានអញ្ជើញរាប់បាត្របវរណាចតុបច្ឆ័យប្រគេនព្រះសង្ឃដើម្បីជាកិច្ចឧទ្ទិសកុសលផលបុណ្យ ដែលសម្តេចប្រធានរដ្ឋសភា និងលោកជំទាវ បានប្រារព្ធធ្វើនាពេលនេះជូនចំពោះដួងវិញ្ញាណក្ខន្ធបុព្វការីជនមានមាតាបិតា ជីដូនជីតា និងញាតិការទាំង៧សន្ថាន។ នាឱកាសបុណ្យកាន់បិណ្ឌទី១១នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងលោកជំទាវ បាននាំយកនូវគ្រឿងឧបភោគ-បរិភោគ និងសម្ភារយ៉ាងច្រើន រួមនឹងបច្ឆ័យចំនួន១០លានរៀល វេរប្រគេនដល់វត្តជម្ពូសុវណ្ណហៅវត្តត្រពាំងព្រីង ទុកសម្រាប់ប្រើប្រាស់ក្នុងការកសាងសមិទ្ធផលក្នុងវត្ត និងចែកជូនលោកយាយជី-លោកតាជី១០០នាក់ ក្នុងម្នាក់ៗទទួលបានក្រណាត់ស១ដុំ និងថវិកា១ម៉ឺនរៀលផងដែរ៕ម.ន