កិច្ចប្រជុំសាមញ្ញលើកទី៥៣របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី២
នៅរដ្ឋបាលសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ មានបើកកិច្ចប្រជុំសាមញ្ញលើកទី៥៣ របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី២ ក្រោមកិច្ចដឹកនាំប្រជុំរបស់ឯកឧត្តម អ៊ឹង ហឿន ប្រធានស្តីទីក្រុមប្រឹក្សាខេត្ត និង លោក ពិន ប្រាកដ អភិបាលរងខេត្ត។
គោលបំណងដើមី្ប ពិនិត្យ ពិភាក្សា និង អនុម័តទៅលើ របៀបវារៈសម័យប្រជុំសាមញ្ញ លើកទី៥៣ មានចំនួន០៥ចំណុច និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោក ជំទាវ ជាសមាជិក សមាជិកាក្រុមប្រឹក្សា ខេត្ត គណៈអភិបាលខេត្ត អាជ្ញាធរអប្សរា និង អស់លោក លោកស្រី ថ្នាក់ដឹកនាំ មន្ទីរ ស្ថាប័ន អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុក នាយករងរដ្ឋបាលសាលាខេត្ត ទីចាត់ការទាំង៦ របស់សាលាខេត្ត។ ក្នុងការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺជាកាលានុវត្តិ ភាព សំដៅបង្កើតប្រព័ន្ធរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលឆ្លុះបញ្ចាំងនូវគោលការណ៍ជាគន្លឺះនានា នៃ អភិបាលកិច្ចល្អ ។ លោក ពិន ប្រាកដ ក៏បានធ្វើការអនុញ្ញាតដល់បណ្តាមន្ទីរជំនាញពាក់ព័ន្ធ បានធ្វើការបកស្រាយ បំភ្លឺ នូវគ្រប់រាល់បញ្ហាដែលសមាជិកក្រុមប្រឹក្សាខេត្ត លើកឡើងនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥៣នេះ ឲ្យអស់ចម្ងល់ ផងដែរ ។ ក្នុងនោះលោកអភិបាលរងខេត្ត ក៏បានសំណូមពរដល់មន្ទីរ អង្គភាព ក្រុង ស្រុក ត្រូវធ្វើការផ្តល់របាយការណ៍ មកសាលាខេត្ត ឲ្យបានទៀងទាត់ទៅតាមការណែនាំរបស់រដ្ឋបាលខេត្តកន្លងមក ។
ឯកឧត្តម អ៊ឹង ហឿន បានបញ្ជាក់ថា ដើម្បីជម្រុញឲ្យ ថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាព ក្រុង ស្រុក សំដៅឆ្ពោះទៅរកមូលដ្ឋានបម្រើប្រជាពលរដ្ឋឲ្យបានល្អបំផុត និងកែលម្អភាពអសកម្មនានា និងដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ ។ ឯកឧត្តមបានគូសបញ្ជាក់បន្ថែមថា កំណែទម្រង់វិមជ្ឈការ និង វិសហ មជ្ឈការ គឺជាកាលានុវត្តិភាព សំដៅបង្កើតប្រព័ន្ធរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលឆ្លុះបញ្ចាំងនូវគោលការណ៍ជាគន្លឺះនានា នៃអភិបាលកិច្ចល្អ រួមមានគណនេយ្យភាព នីតិរដ្ឋ តម្លាភាព ការចូលរួមការលើក ស្ទួយសមធម៌ ការឆ្លើយតប និងប្រសិទ្ធភាព ។ ក្នុងនោះ ឯកឧត្តម ក៏បានលើកនូវបញ្ហាមួយចំនួន សូមឲ្យមន្ទីរ អង្គភាព ពាក់ព័ន្ធ និង អាជ្ញាធរអប្សរារួមសហការគ្នា ពិនិត្យមើលផ្លូវដែលរងការ ខូចខាតទាំងក្នុងក្រុង និងជនបទ សំខាន់បណ្តាផ្លូវ ដែលគ្រប់គ្រងដោយអាជ្ញាធរអប្សរា ដើមី្បធ្វើការជួសជុលថែទាំឡើងវិញ ។