ស្ថានីយ៍វិទ្យុនិងទូរទស្សន៍អប្សរា សហការជាមួយក្រសួងបរិស្ថាន រៀបចំឲ្យមានការប្រកួត វីដេអូខ្នាតខ្លីស្តីពីបរិស្ថាន ពានរង្វាន់អប្សរា
មានយុវជនជាច្រើនបានដាក់វីដេអូខ្នាតខ្លី របស់ខ្លួន ចូលរួមប្រកួត នៅស្ថានីយវិទ្យុ និង ទូរទស្សន៍អប្សរា ក្រោមប្រធានបទ ការពារជីវចម្រុះក្នុងប្រទេសកម្ពុជា និងរួមគ្នាចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកកម្ពុជា ។ ស្នាដៃរបស់យុវជន មហាជន និងសិស្ស-និស្សិត ជាច្រើន បានបង្ហាញ គំនិតច្នៃប្រឌិតរបស់ខ្លួន និង ការអប់រំ ក្នុងការការពារបរិស្ថានប្រទេសកម្ពុជា។ កម្មវិធីនេះ ធ្វើឡើងក៏ ជាការបំផុសផ្នត់គំនិតប្រជាពលរដ្ឋ ជាពិសេសយុវជនក៏ដូចជាសិស្សានុសិស្ស អោយចូលរួមស្រលាញ់ និង ការពារបរិស្ថាន។ នេះបើតាមការឲ្យេដឹងពី ឯកឧត្តម ខ្វៃ អាទិត្យា អគ្គនាយកនៃអគ្គនាយកដ្ឋានស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ ។
ឯកឧត្តម បញ្ជាក់ថា មូលហេតុដែលទូរទស្សន៍អប្សរាជ្រើសរើសប្រធានបទនេះ ព្រោះថា បញ្ហាបរិស្ថាននាពេលបច្ចុប្បន្ន កំពុងប្រឈមជាខ្លាំងទៅនឹងការបំពុលទឹក បំពុលបរិយាកាស ជាពិសេសទាក់ទងទៅនឹងសំរាម និង សំណល់ប្លាស្ទិក ដែលប្រជាពលរដ្ឋរស់នៅក្នុងតំបន់នីមួយៗ គួរដឹងពីកាតព្វកិច្ចរបស់ខ្លួនក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីបរិស្ថានបរិសុទ្ធ។
បើទោះបីជាមកគាំទ្រ យុវសិស្សមកពីសាកលវិទ្យាល័យជាតិគ្រប់គ្រង បាននិយាយថា ខ្លួនពិតជាទទួលបានចំណេះដឹងជាច្រើនទាក់ទងនឹងបរិស្ថាន ។ នៅពេលដែលគាត់បាន ទស្សនាវីដេអូរខ្នាតខ្លីនេះរួច ធ្វើឲ្យពួកគាត់អាចយល់ថា ពលរដ្ឋខ្មែរជាច្រើនអាចយល់ដឹងពីបរិស្ថានបរិសុទ្ធ។
ទីប្រឹក្សាប្រព័ន្ធផ្សព្វផ្សាយ លោក ឱ គឹមសួរ បញ្ជាក់ថា យុវជនជាច្រើន ហាក់មានការចាប់អារម្មណ៍ចំពោះការប្រកួតវីដេអូខ្នាតខ្លី ដែលត្រូវបានទូរទស្សន៍អប្សរារៀបចំឡើងនេះណាស់ ។ យោងហេតុផលថា បើទោះបីជា សិស្សជាច្រើន រវល់ពីការសិក្សារបស់ខ្លួននៅសាកលក៏ដោយ ក៏ពួកគាត់បានចំណាយពេលវេលារបស់ខ្លួន ដើម្បីផលិតវីដេអូរ ដើម្បីចូលរួម លើកស្ទួយការយល់ដឹងពីបរិស្ថានពិសេសប្រព័ន្ធជីវៈចំរុះល្អ និង កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក។
លោកបន្តថា វីដេអូររបស់យុវជន មិនត្រឹមតែបំផុសដល់ពលរដ្ឋឲ្យយល់ដឹងពីបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង ចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីបរិស្ថានស្អាត ជំរុញវិស័យទេសចរណ៍ និង កំណើនសេដ្ឋកិច្ចរបស់ពលរដ្ឋថែមទៀត។
លោក ម៉េង មុន្នីរ៉ាក់ នាយក-នាយកដ្ឋានជីវៈចំរុះ នៃក្រសួងបរិស្ថាន បញ្ជាក់ថា មានតែការចូលរួមរបស់មហាជនទេ ទើបបរិស្ថានកម្ពុជាយើងមានភាពស្រស់បំព្រង។
ឯកឧត្តម ខ្វៃ អាទិត្យា ប្រាប់ឲ្យដឹងថា ស្នាដៃផលិតរបស់បេក្ខជនដែលទទួលជ័យលាភីទាំងអស់ នឹងត្រូវបានផ្សព្វផ្សាយ តាមរយៈកញ្ចក់ទូរទស្សន៍អប្សរា ហើយពលរដ្ឋរាប់លាននាក់ក៏នឹងបានដឹងពីសារអប់រំនេះដែរ។
សូមបញ្ជាក់ថា កាលពីចុងខែកញ្ញាកន្លងទៅ ក្រសួងបរិស្ថាន បានបង្ហាញរបាយការណ៍របស់មន្ត្រីជំនាញបរិស្ថានថា នៅរាជធានីភ្នំពេញ សំណល់រឹងសំរាម ប្រមាណ ២៧០០ តោន ត្រូវបានបង្កើតឡើងក្នុងមួយថ្ងៃៗ។ ក្រសួងបរិស្ថាន ក៏បានអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធ ប្រជាពលរដ្ឋ គ្រប់ មជ្ឈដ្ឋានត្រូវចូលរួមគ្រប់គ្រងសំណល់ដែលខ្លួនបង្កើតឡើងឱ្យបានល្អត្រឹមត្រូវដើម្បីចៀសវាងការបំផ្លាញបរិស្ថាន បំផ្លាញសោភ័ណភាពសហគមន៍ខ្លួន៕