អាលឺម៉ង់ ផ្តល់ជំនួយឥតសំណង ៨លានអឺរ៉ូ សម្រាប់គម្រោងសន្តិសុខស្បៀង និងអាហារូបត្ថម្ភចម្រុះដំណាក់កាលពីទី៣ នៅខេត្តកំពត និងកំពង់ធំ

អត្ថបទដោយ៖
Kien Sereyvuth

រដ្ឋាភិបាលសហព័ន្ឋអាលឺម៉ង់ តាមរយៈអង្គការ GIZ បានផ្តល់ជំនួយឥតសំណងចំនួន៨លានអឺរ៉ូ សម្រាប់គម្រោងសន្តិសុខសុខស្បៀង និងអាហារូបត្ថម្ភចម្រុះដំណាក់កាលទី៣ រយៈពេល៤ឆ្នាំ (២០១៩-២០២៣) អនុវត្តនៅខេត្តគោលដៅចំនួនពីរ គឺខេត្តកំពត និងកំពង់ធំ។

នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍ វិស័យកសិកម្ម និងជនបទ នៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០, លោកបណ្ឌិត ហ្កាន់ធឺ រ៉េតម៉ាឈឺ (Gunter Riethmacher) នាយកប្រចាំប្រទេសកម្ពុជានៃអង្គការ GIZ បានមានប្រសាសន៍ថា កិច្ចព្រមព្រៀងអនុវត្តន៍គម្រោងសន្តិសុខស្បៀង និងអាហារូបត្ថម្ភចម្រុះនៅកម្ពុជា (MUSEFO) ចែកចេញជា៣ដំណាក់កាល គឺដំណាក់កាលទី១ (២០១៥-២០១៧) ទឹកប្រាក់ចំនួន ៣,៣លានអឺរ៉ូ, ដំណាក់កាលទី២ (២០១៨-២០២០) ទឹកប្រាក់ចំនួន៥លានអឺរ៉ូ និងដំណាក់កាលទី៣ (២០២០-២០២៣) ទឹកប្រាក់៨លានអឺរ៉ូ។

គម្រោងនេះ បានរួមចំណែកធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសន្តិសុខស្បៀង និងអាហារូបត្ថម្ភរបស់ជនក្រីក្រ និងជនងាយរងគ្រោះ ពិសេសកុមារ និងស្ត្រី ក្នុងវ័យបន្តពូជតាមរយៈការផ្តល់សេវាអាហារូបត្ថម្ភ ព្រមទាំងការធ្វើកសិកម្មដោយគិតគូរដល់       អាហារូបត្ថម្ភ និងបង្កើមផលិតកម្មកសិកម្មចម្រុះ។

លោកក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាល  ដែលមានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ជាសេនាធិការ បានធ្វើឲ្យប្រសើរឡើងនូវវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ និងកិច្ចគាំពារសង្គម ដែលបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ជនក្រីក្រ ជនងាយ រងគ្រោះ ស្ត្រី និងកុមារនៅកម្ពុជា ពិសេសឆ្លើយតបប្រកបដោយប្រសិទ្ឋិភាពទាំងផ្នែកសុខាភិបាល និងសេដ្ឋកិច្ច សង្គម។

ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា, ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី បានមានថ្លែងអំណរគុណ ដល់រដ្ឋាភិបាល និងប្រជាជនអាលឺម៉ង់ ដែលកន្លងមកបានជួយដល់កម្ពុជាជាច្រើនវិស័យ រួមទាំងវិស័យសន្តិសុខស្បៀង អាហារូបត្ថម្ភ និងការជម្រុញ លើកកម្ពស់ផលិតផលខ្មែរផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី  បន្តថា ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ ជាអ្នកដឹកនាំសម្របសម្រួលក្រសួង ស្ថាប័នពាក់ព័ន្ឋ ក្នុងតាក់តែងគោលនយោបាយ និងយុទ្ឋសាស្ត្រនានាក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា គម្រោងខាងលើ ក៏នឹងជួយដល់ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ ក្នុងការអភិវឌ្ឍន៏ផែនការសកម្មភាពនានាក្នុងយុទ្ឋសាស្ត្រជាតិសន្តិសុខស្បៀង និងអាហារូបត្ថម្ភ និងជួយកសាងសមត្ថភាពគ្រូបង្គោលលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភសម្រាប់បណ្តុះបណ្តាលបន្តនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

ជាមួយគ្នានោះ គម្រោងនេះ ក៏នឹងរួមចំណែកបង្កើនស្បៀង និងការទទួលបានស្បៀងដែលមានសារជាតិចិញ្ចឹមតាមរយៈការបង្កើនផលិតកម្មកសិកម្មចម្រុះ និងធ្វើឲ្យប្រសើរឡើងនូវសេវាអាហារូបត្ថម្ភសម្រាប់ស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ២ឆ្នាំ។ គម្រោងនេះ ក៏បាន និងកំពុងជួយដល់ក្រុមគាំទ្រសុខភាពភូមិ ក្រុមប្រឹក្សាឃុំ តាមរយៈការផ្តល់សេវាអប់រំអាហារូបត្ថម្ភ និងការបង្កើនការយល់ដឹងអំពីសារៈសំខាន់នៃអាហារូបត្ថម្ភ ការរស់នៅស្អាត និងរបៀបធ្វើម្ហូបដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ដើម្បីកាត់បន្ថយកង្វះអាហារូបត្ថម្ភរបស់ស្ត្រី និងកុមារ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សង្ឃឹមថា គម្រោងនេះ នឹងទទួលបានលទ្ឋផលល្អក្នុងការឆ្លើយតបទៅនឹងពិភពលោកគ្មានការអត់ឃ្លាន ពិសេសឆ្លើយតបនឹងផលប៉ះពាល់លើសន្តិសុខស្បៀង និងអាហារូបត្ថម្ភក្នុងបរិបទនៃការរីករាលដាលជម្ងឺកូវីដ១៩ ទូទាំងពិភពលោក និងស្របតាមសេចក្តីប្រកាសដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលថ្លែងកាលពីថ្ងៃទី២៤ មិថុនា ឆ្នាំ២០២០ ស្តីពីការឧបត្ថម្ភសាច់ប្រាក់ដល់ជនក្រីក្រ និងជនងាយរងគ្រោះ ដោយសារកូវីដ១៩។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបញ្ជាក់ថា ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ នឹងធ្វើកិច្ចសហប្រតិបត្តិឲ្យខ្លាំងក្លាថែមទៀត ក្នុងការអនុវត្តគម្រោងសន្តិសុខស្បៀង និងអាហារូបត្ថម្ភចម្រុះនេះឲ្យទទួលបានជោជ័យ ដោយសហការជាមួយបណ្តាស្ថាប័នពាក់ព័ន្ឋ អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ ព្រមទាំងវិស័យឯកជនផងដែរ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner