អ្នកជំនាញផ្នែកជំងឺឆ្លងអាម៉េរិកព្រមានពីការទាញបញ្ហា COVID-19 ចូលជារឿងនយោបាយ
សហរដ្ឋអាម៉េរិក៖ អ្នកជំនាញកំពូលផ្នែកជម្ងឺឆ្លងរបស់សហរដ្ឋអាម៉េរិកលោក អេនថូនី ហ្វូស៊ី បានបញ្ជាក់សារជាថ្មីទៀតអំពីសារៈសំខាន់នៃការពាក់ម៉ាសនៅតាមទីសាធារណៈ ហើយថែមទាំងបានធ្វើការព្រមានពីការទាញបញ្ហានេះ ចូលជារឿងនយោបាយផងដែរ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ។
ការកត់សម្គាល់ពីសារៈសំខាន់នៃការពាក់ម៉ាសរបស់លោក ហ្វូស៊ី ខាងលើនេះ ធ្វើឡើងស្របពេលដែលលោកប្រធានាធិបតី ត្រាំ និងសមាជិកនៃរដ្ឋបាលរបស់លោក បានគេចចេញពីការពាក់ម៉ាសនៅតាមទីសាធារណៈ និង សូម្បីតែនៅក្នុងការជួបជុំគ្នានៃយុទ្ធនាការឃោសនាបោះឆ្នោត និងព្រឹត្តិការណ៍នៅសេតវិមាន ដែលជំរុញឱ្យអ្នកគាំទ្រធ្វើត្រាប់តាមលោក ។
អ្នកជំនាញកំពូលផ្នែកជម្ងឺឆ្លងអាម៉េរិករូបនេះបានសង្កត់ធ្ងន់ទៀតថា យើងពុំមានរូបមន្ដសម្ងាត់ក្នុងបញ្ហានេះទេ លើកលែងយើងរាល់គ្នាឆ្លងផុតឧបសគ្គនេះ ហើយថា វាពុំគួរជារឿងនយោបាយឡើយ… វាគឺជាបញ្ហាសុខភាពសាធារណៈសុទ្ធសាត សូមបំភ្លេចរឿងនយោបាយចោល រួចងាកមកមើលទិន្នន័យ ។
សូមជម្រាបថា សហរដ្ឋអាម៉េរិកស្ថិតក្នុងលំដាប់កំពូលគេ ជាប្រទេសមានករណីឆ្លង និងស្លាប់ដោយសារជម្ងឺ COVID-19 ច្រើនបំផុតលើពិភពលោក ដោយគិតត្រឹមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០នេះ សហរដ្ឋអាម៉េរិកមានអ្នកឆ្លងសរុប២លាន៤៦ម៉ឺន២ពាន់៥៥៤ករណី ក្នុងនោះមានអ្នកស្លាប់១២ម៉ឺន៤ពាន់២៨១នាក់ និងជាសះស្បើយឡើងវិញ១លាន៤ម៉ឺន៦០៥នាក់ ៕




