អង្គការសុខភាពពិភពលោក WHO ព្រមានថា ករណីឆ្លង COVID-19 លើសកលលោកអាចនឹងឈានដល់ខ្ទង់១០លាននាក់ ក្នុងរយៈពេលមួយសប្តាហ៍ទៀត

អត្ថបទដោយ៖
Kien Sereyvuth

ស្វីស៖ អង្គការសុខភាពពិភពលោក WHO បានបញ្ជាក់នៅថ្ងៃពុធនេះថា ជំងឺរាត ត្បាត COVID-19 មិនទាន់បានឈានដល់ចំណុចកំពូលនៅទ្វីបអាម៉េរិកនៅឡើយទេ ខណៈអង្គការអន្តរជាតិមួយនេះព្រមានថា ការឆ្លងលើសកលលោកអាចនឹង ឈានដល់ខ្ទង់១០លាននាក់ក្នុងរយៈពេលមួយសប្តាហ៍ទៀត នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ។

អគ្គនាយកអង្គការសុខភាពពិភពលោក លោក ថេដ្រូស អាដាណម ហ្គេប្រេយ៉េសឹស បានថ្លែងក្នុងសន្និសីទសារព័ត៌មានតាមវីដេអូថា ក្នុងខែដំបូងនៃការផ្ទុះជំងឺនេះ ករណីឆ្លងតិចជាង១ម៉ឺនត្រូវបានរាយការណ៍មក WHO ក្នុងខែមុនមានករណីជំងឺ COVID-19 ជិត៤លានត្រូវបានរាយការណ៍ ដូច្នេះយើងរំពឹងថា នឹងឈានដល់១០លានករណីនៅសប្តាហ៍ក្រោយ។ លោកបានសង្កត់ធ្ងន់ថា នេះជាការរំលឹកដាស់តឿនថា ទោះបីយើងបន្តការស្រាវជ្រាវវ៉ាក់សាំង និងការព្យាបាលនានាក៏ដោយ ក៏យើងមានទំនួលខុសត្រូវជាបន្ទាន់ ក្នុងការធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបាន ជាមួយឧបករណ៍ដែលយើងមានស្រាប់ឥឡូវនេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល និងជួយសង្គ្រោះជីវិតមនុស្ស ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥ ខែមិថុនានេះ ជម្ងឺ COVID-19 បានចម្លងដល់មនុស្សសរុប៩លាន៥៣ម៉ឺន៤ពាន់៤៣៧ករណី ក្នុងនោះមានអ្នកស្លាប់៤៨ម៉ឺន៥ពាន់១៧៦នាក់ និងជាសះស្បើយឡើងវិញ៥លាន១៧ម៉ឺន៩ពាន់៧៤៧នាក់ ចាប់តាំងពីវីរុសដ៏កាចសាហាវនេះ ផ្ទុះឡើងដំបូងនៅក្នុងប្រទេសចិនកាលពីខែធ្នូ ឆឆ្នាំ២០១៩ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner