ពិព័រណ៍ផលិតផលខ្មែរ ភូមិមួយផលិតផលមួយត្រូវបានតាំងបង្ហាញនៅក្រុងព្រះសីហនុ
ពិធីតាំងពិព័រណ៍ផលិតផលខ្មែរភូមិមួយផលិតផលមួយត្រូវបានបើកដំណើរការជាផ្លូវការហើយនៅល្ងាចថ្ងៃអង្គារ ទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ដូចការគ្រោងទុក នៅទីតាំងឆ្នេរឯករាជ្យ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុដោយមានស្តង់ប្រមាណ២០០បានចូលរួម។ ពិធីនេះបានប្រព្រឹត្តទៅក្រោមវត្តមានឯកឧត្តម ប៉ោ ទ្រី អនុប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ និងជាតំណាង ឯកឧត្តម យឹម ឆៃលី លោក ជំទាវ គួច ចន្ថា សមាជឹកក្រុមប្រឹក្សាខេត្តព្រះសីហនុ តំណាងឯកឧត្តម ជាម ហ៊ីម ប្រធាមក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោក ផៃ ប៊ុនវណ្ណៈ អភិបាលរងខេត្តព្រះសីហនុ និងជាតំណាងឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ។
ពិធីនេះតាំងពិព័រណ៍នេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ ដោយមានកិច្ចសហការគាំទ្រពីក្រុមហ៊ុនឯកជនមួយចំនួនផងដែរ។ តាមគណៈកម្មការរៀបចំការដាក់តាំងពិព័រណ៍នេះបានឲ្យដឹងថា មានស្តង់ចំនួន២០០ស្តង់បានចូលរួមដាក់តាំងលក់ទំនិញរបស់ខ្លួនក្នុងនោះ៥០ស្តង់ដាក់តាំងផលិតផលខ្មែរសុទ្ធ ១០ស្តង់ជាររបស់សាលាខេត្តព្រះសីហនុ ក្រៅពីនោះជាង១០០ស្តង់ទៀតមានការដាក់តាំងទំនិញចម្រុះ។ ទំនិញដែលបានយកមកដាក់តាំងលក់នាឱកាសនេះដែរមានដូចជាម្រេច ក្រមាខ្មែរ អាវខ្មែរ បន្លែ ណែម គ្រាប់ស្វាយបន្ទីរ ផលិតផលធ្វើពីដើមត្នោត ស្រាទំពាំងបាយជូ ផលិតផលស្នែង ដូង សាប៊ូ ប្រេងកូឡា ជាដើម។
លោក ផៃ ប៊ុនវណ្ណៈ មានប្រសាសន៍ថា ការតាំងពិព័រណ៍ផលិតផលភូមិមួយផលិតផលមួយ នាពេលនេះ មានបំណងសំខាន់លើកកម្ពស់ផលិតផលរបស់ខ្មែរយើងក្នុងស្រុក និងជំរុញកសិករ សិប្បករ ចំពោះផលិតភាពក្នុងស្រុកឲ្យកាន់តែប្រសើរថែមទៀត៕