អភិបាលខេត្តកំពង់ធំឧបត្ថម្ភថវិកាស្រ្តីឆ្លងទន្លេកណ្តាលផ្លូវ និងផ្តាំផ្ញើឲ្យគ្រូពេទ្យយកចិត្តទុកដាក់
ខេត្តកំពង់ធំ៖ អភិបាលខេត្តកំពង់ធំ បានផ្តាំផ្ញើរសួរសុខទុក្ខ ប្អូនស្រី អ៊ុ ផាន ដែលបានឆ្លងទន្លេពាក់កណ្តាលផ្លូវ ខណៈពេលដែលស្វាមី ខំប្រញ៉ាប់ធ្វើដំណើរឌុបម៉ូតូ មកកាន់មណ្ឌលសសុខភាព រួមទាំងបានកោតសរសើរ ចំពោះក្រុមគ្រូពេទ្យស្រុកសណ្តាន់ ដែលបានយកចិត្តទុកដាក់ ជួយសង្រ្គោះអាយុជីវិតម្តាយនិងកូន បានទទួលជោគជ័យ។
គួររំលឹកដែរថា នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០១៨ ប្អូនស្រី អ៊ុ ផាន រស់នៅភូមិជាំស្វាយ ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ បានឈឺពោះហើយក៏ធ្វើដំណើរ មកមណ្ឌល់សុខភាពជាមួយនឹងស្វាមី ដោយម៉ូតូមួយគ្រឿង លុះមកដល់តាមផ្លូវ ផ្លូវពិបាកពេកថែមទាំងរអិលផង ក៏អោយប្រពន្ឋចុះដើរសិន ស្របពេលដែលកូនក្នុងផ្ទៃកើតនៅពេលនោះតែម្តង តែក្រោមការយកចិត្តទុកដាក់របស់ លោក ឡង គីសឹង អភិបាលស្រុកសណ្តាន់ បានជួយអន្តរាគមន៍ យករថយន្តសង្គ្រោះបន្ទាន់ ដឹកស្រ្តីជាម្តាយ រួមជាមួយកូនង៉ា មកកាន់មណ្ឌល់សុខភាព សណ្តាន់ដោយសុវត្តិភាព។
នៅថ្ងៃដដែល លោក ឡង គីសឹង អភិបាលស្រុកសណ្តាន់ រួមទាំងមន្រ្តីក្រោមឳវាទ បានអញ្ជើញទៅសួរសុខ ទុក្ខម្តាយនិងកូន នៅមណ្ឌលសុខភាពសណ្តាន់ ដោយបានពាំនាំថវិការបស់ ឯកឧត្តម សុខ លូ អភិបាល ខេត្តកំពង់ធំ ចំនួន៥០ម៉ឺនរៀល និងថវិការបស់លោក ២០ម៉ឺនរៀល រួមជាមួយសម្ភារៈមួយចំនួនទៀត ផ្តល់ ជូនប្អូនស្រី ចំណែកមណ្ឌលសុខភាពសណ្តាន់ទទួលព្យាបាលដោយឥតគិតថ្លៃផងដែរ។
លោក ឡង គីសឹង អភិបាលស្រុកសណ្តាន់ បានឲ្យដឹងថា ដោយមានការ ផ្តាំផ្ញើរពីឯកឧត្តម អភិបាលខេត្ត ស្តីពីការព្រួយបារម្ភណ៍ ពីបញ្ហាសុខភាពប្អូនស្រី និងក្មួយប្រុសទើបតែសំរាល ឲ្យមណ្ឌលសុខភាព មើលថែជាករណីពិសេស ពីសំណាក់គ្រូពេទ្យ ទើបមកដល់ពេលនេះ សុខភាព ម្តាយ និងកូនមានសភាពធម្មតាដោយមានការយកចិត្តទុកដាក់ពីលោកប្រធានមណ្ឌលសុខភាពសណ្តាន់ជាប្រចាំ។
មហាជនជាច្រើន ក្នុងបណ្តាញសង្គមហ្វេសប៊ុក បានចូលរួមអបអរសាទរ អាយុជីវិត ម្តាយ និងកូន ដែល បានចៀសផុតពីភាពគ្រោះថ្នាក់ និងបានកោតសរសើរ យ៉ាងខ្លាំងចំពោះថ្នាក់ដឹកនាំខេត្តនិងថ្នាក់ដឹកនាំស្រុក រួមទាំង ក្រុមគ្រូពេទ្យ ដែលបានជួយអាយុជីវិតម្តាយនិងកូនបានទាន់ពេលវេលា៕ ដោយ ប៊ុន រដ្ឋា