ការអភិវឌ្ឍនៅកម្ពុជា បច្ចុប្បន្ននេះ មិនអាចកាត់ផ្តាច់ពីការគាំទ្ររបស់ចិននោះទេ
ភ្នំពេញ៖ សព្វថ្ងៃនេះការអភិវឌ្ឍរបស់កម្ពុជាមិនអាច កាត់ផ្តាច់ពីការគាំទ្រពីសំណាក់ប្រទេសចិននោះទេ។ នេះបើតាម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នៅយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ គ្រាដែល ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានអញ្ជើញជា តំណាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីបុណ្យខួបលើកទី៦៩ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន នៅសណ្ឋាគារ Great Duke ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកអគ្គរាជទូត, ឯកអគ្គរដ្ឋទូត នៃប្របណ្តាប្រទេសនានា ព្រមទាំងក្នុងជួររាជរដ្ឋាភិបាលកម្ពុជា យ៉ាងច្រើនកុះករ ។
ឯកឧត្តម ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបានឧបត្ថម្ភគាំទ្រកម្ពុជា លើគ្រប់វិស័យព្រមទាំងវិស័យនយោបាយ។ ការអភិវឌ្ឍដ៏អស្ចារ្យរបស់កម្ពុជាលើគ្រប់វិស័យ ដែលយើងឃើញសព្វថ្ងៃនេះ ក៏មិនអាចកាត់ផ្តាច់ពីការគាំទ្ររបស់ចិនដែរ។
ឯកឧត្តម បន្តថា រដ្ឋាភិបាលចិន ក៏បានផ្តល់អាហារូបករណ៍ ឱ្យនិស្សិតកម្ពុជាសរុប៣៣៨កន្លែង សម្រាប់ឆ្នាំ២០១៨។ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន ក៏បានសន្យាផ្តល់អាហារូបករណ៍ចំនួន៥០០កន្លែង បន្ថែមទៀតពីលើអាហារូបករណ៍ដែលមានស្រាប់ និងជួយបណ្តុះបណ្តាលវិជ្ជាជីវៈ ដល់យុវជនកម្ពុជាចំនួន១០០នាក់ សម្រាប់រយៈពេល៥ឆ្នាំ ខាងមុខ។
រយៈពេល៧ខែដើមឆ្នាំ២០១៨នេះ វិនិយោគចិននៅកម្ពុជា មានចំនួន២.៨ប៊ីលានដុល្លារ។ ក្នុងឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មចិន-កម្ពុជា មាន៥,៨០០លានដុល្លារ ហើយនៅឆ្នាំ២០២០ នឹងកើនឡើងដល់ ៦ប៊ីលានដុល្លារ។ ទន្ទឹមនឹងនេះ គំនិតផ្តួចផ្តើម «ខ្សែក្រវ៉ាត់ និងផ្លូវ» របស់ប្រធានាធបិតីចិន ស៊ី ជីនពីង មានសារៈសំខាន់ខ្លាំងណាស់សម្រាប់កម្ពុជា ដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្មវិនិយោគទុន ការផ្លាស់ប្តូរប្រជាជន។ល៕