ឃាត់ខ្លួនយុវជនម្នាក់ ជាមួយនឹងថ្នាំគ្រឿងញៀន១១កញ្ចប់
ខេត្តកណ្តាល៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន និងដកហូតបានថ្នាំញៀន១១កញ្ចប់។ ហេតុការនេះធ្វើឡើងកាលពីរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១១:៤០នាទី ចំណុចលើចិញ្ចើម ផ្លូវជាតិលេខ៤មុខ ភូមិទ្លាប់ខ្ពស់ត្បូង ឃុំដំណាក់អពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។ ជនសង្ស័យឈ្មោះ ជួង សុភា ហៅ ត្រេន ហៅ ញ៉ាញ់ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត និងមានទីលំនៅបច្ចុប្បន្ននៅភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលឃាត់ខ្លួនជនសង្ស័យ គឺកម្លាំងទទួលព័ត៌មានពីប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ បានឃើញ និងរាយការណ៍មកថា ជនសង្ស័យបម្រុងធ្វើសកម្មភាពចែកចាយគ្រឿងញៀន។ ភ្លាមៗនោះកម្លាំងនគរបាលបានចុះទៅដល់ និងឃាត់ខ្លួនជនសង្ស័យដើម្បីត្រួតពិនិត្យ។ សមត្ថកិច្ចបានរកឃើញថ្នាំញៀននៅនឹងខ្លួនជនសង្ស័យ រួចក៏ធ្វើការឃាត់ខ្លួន និងនាំមកកាន់ស្នងការដ្ឋានដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការទៅតាមនីតិវិធី៕