ឧកញ៉ា ឡុង ហ៊ួរ យកដងអំបោសវាយសន្តិសុខបែកក្បាល ព្រមទាំងគំរាមបាញ់សម្លាប់ចោលទៀត
ភ្នំពេញ៖ សន្តិសុខម្នាក់បានមកកាន់ប៉ុស្តិ៍នគរបាលកាកាប១ ទាំងក្បាលមានរបួសដើម្បីមកដាក់ពាក្យប្តឹងចោទប្រកាន់ ឧញ៉ាម្នាក់ ឈ្មោះ ឡុង ហ៊ួរ ដែលបានយកដងអំបោសវាយចំក្បាល៣ដងអំបោស បណ្តាលឲ្យបែកហូរឈាម មិនតែប៉ុណ្ណោះ បានគំរាមយកកាំភ្លើងមកបាញ់ចោល ធ្វើឱ្យគាត់ភ័យក៏បានរត់គេចចេញ និងមកសុំការជួយអន្តរាគមន៍ពីនគរបាលប៉ុស្តិ៍កាកាកាប១។
ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨នៅសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បុរសជាសន្តិសុខរងគ្រោះឈ្មោះ ព្រុំ សារ៉េត អាយុ៤៣ឆ្នាំ មុខរបរសន្តិសុខរបស់ក្រុមហ៊ុន បេះសូវីស យាមនៅផ្ទះឧកញ៉ា ឡុង ហ៊ួ ស្នាក់នៅភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ចំណែកឯជនបង្កជាឧកញ៉ាឈ្មោះ ឡុង ហ៊ួ មានលំនៅដ្ឋាននៅសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បុរសរងគ្រោះបានឲ្យដឹងថា នៅមុនកើតហេតុយ៉ាងដូច្នេះ គាត់អង្គុយយាមកាមនៅក្នុងផ្ទះរបស់ឧញ៉ា ឡុង ហ៊ួរ រួចក៏បានដេកលក់ទៅ ដល់វេលាម៉ោងប្រមាណជា១០យប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ ស្រាប់តែឧកញ៉ា ឡុង ហ៊ួរ រូបនោះបានយកដងអំបោសមកសំពងក្បាលគាត់ត្រូវចំនួន៣ដងអំបោស បណ្តាលឲ្យរងរបួសបែកហូរឈាម។ លោកបន្តទៀតថា ក្រោយពេលវាយដំ ក៏មានអង្គរក្សម្នាក់របស់ឧកញ៉ានោះបានស្រែកគំរាមថា ចេញឲ្យឆ្ងាយទៅប្រយ័ត្នគាត់ចូលទៅក្នុងចេញមកវិញយកកាំភ្លើងមកបាញ់។ គាត់ឮដូចនេះក៏បានរត់គេចចេញ និងមកសុំអន្តរាគមន៍ពីនគរបាលប៉ុស្តិ៍កាកាកាប១ តែពុំមាននគរបាលរូបណានៅម្នាក់នោះឡើយ ដោយសារកម្លាំងបានចេញល្បាតតាមមូលដ្ឋាន ហើយបុរសរងគ្រោះក៏ត្រឡប់ទៅផ្ទះវិញទៅ។
លោក ព្រុំ សារ៉េត បានបន្តទៀតថា លុះស្អែកឡើងវេលាថ្ងៃត្រង់ទើបរូបលោកបានមកប៉ុស្តិ៍នគរបាលកាកាប១ ដាក់ពាក្យបណ្តឹងឧកញ៉ា ឡុង ហ៊ួរ ម្តងទៀតដើម្បីឲ្យសមត្ថកិច្ចអន្តរាគមន៍ និងរកយុត្តិធម៌ជូនគាត់ដែលត្រឹមជាសន្តិសុខបានត្រឹមមួយរស់ៗ។ ក្រោយពេលដែលសន្តិសុខរូបនេះ បានដាក់ពាក្យបណ្តឹងរួចហើយនោះ គាត់ក៏បានត្រឡប់ទៅផ្ទះវិញ រួចក៏ស្ងាត់ឈឹងតែម្តង ដោយមិនដឹងថា សមត្ថកិច្ចហ៊ានចាត់ការឬអត់នោះទេ?៕