ចំនួនអ្នកស្លាប់កើនប្រមាណ២០០នាក់ ក្នុងហេតុការណ៍លិចស្រឡាងនៅប្រទេសតង់សានី
តង់សានី ៖ តួលេខជនរងគ្រោះបាត់បង់ជីវិត ដោយសារករណីលិចស្រឡាង បានបន្តកើនឡើងប្រមាណ២០០នាក់ហើយ ខណៈនៅមានមនុស្សកំពុងបាត់ខ្លួនជាច្រើនទៀត។ យោងតាមកងកម្លំាងជួយសង្គ្រោះតង់សានីបានឲ្យដឹងថា ក្រុមជួយសង្គ្រោះស្រង់បានសាកសពអ្នកដំណើរប្រមាណ២០០នាក់ នៅក្នុងហេតុការណ៍លិចស្រឡាង នៅទន្លេ វីគតូរៀ ប៉ុន្តែនៅមានមនុស្សជាច្រើននាក់ផ្សេងទៀតបន្តបាត់ខ្លួននៅឡើយ។
តួលេខពិតប្រាកដនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ដោយក្រុមអ្នកជួយសង្គ្រោះកំពុងតែបន្តខិតខំយ៉ាងសកម្មបំផុត។ ស្រឡាងដឹកអ្នកដំណើរខាងលើ ត្រូវបានគេរាយការណ៍ថា មានអ្នកដំណើរប្រមាណ៣០០នាក់ពេលជួបគ្រោះថ្នាក់។
ពាក់ព័ន្ធនឹងសោកនាដកម្មនេះដែរ ប្រធានាធិបតីតង់សានី លោក ចន ម៉ាហ្គួហ៊្វូលីបានប្រកាសកាន់ទុកទូទាំងប្រទេសរយៈពេល៤ថ្ងៃ ហើយសន្យាថា នឹងបើកការស្រាវជ្រាវឲ្យបានច្បាស់ពីករណីគ្រោះថ្នាក់នេះ ខណៈក្រុមជួយសង្គ្រោះត្រូវបានបញ្ជូនក្រុមជំនាញមុជទឹកបន្ថែមទៀត ដើម្បីទៅជួយស្វែងរកអ្នកដែលបាត់ខ្លួន។ ហើយបើតាមការស្រាវជ្រាវជាបឋមនោះ ហេតុការណ៍នេះ ទំនងជាបង្កឡើងដោយសារតែស្រឡាងដឹកអ្នកដំណើរ និងទំនិញលើសកំណត់៕