អាជ្ញាធរខេត្តកណ្តាលចុះរៀបចំសណ្តាប់ធ្នាប់នៅក្រុងតាខ្មៅ
អាជ្ញាធរខេត្តកណ្តាលចុះរៀបចំសណ្តាប់ធ្នាប់នៅក្រុងតាខ្មៅ
រសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ មន្ទីរសាធារណ:ការ និងដឹកជញ្ជូនខេត្តកណ្តាល សហការជាមួយអាជ្ញាធរក្រុងតាខ្មៅ និងកងកម្លាំង បានចុះរៀបចំធ្វើសណ្តាប់ធ្នាប់នៅផ្លូវជាតិលេខ២១ ដែលអាជីវករលក់ដូរនៅតាមលំនៅឋាន បានដាក់តាំងសំភារៈ ឥវ៉ាន់ នៅតាមចិញ្ចើមផ្លូវថ្នល់ ដែលជាកន្លែងសំរាប់អ្នកថ្មើរជើងធ្វើដំណើរ។
លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណ:ការ និងដឹកជញ្ជូនខេត្តកណ្តាលបានឲ្យដឹងថា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរារណ៏ និងការកកស្ទះចរាចរណ៏ គឺត្រូវមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋ អាជីវករ ដែលរស់នៅតាមដងផ្លូវ មិនត្រូវដាក់តាំងសំភារៈ ឥវ៉ាន់ នៅលើចិញ្ចើមផ្លូវថ្នល់ ដែលជាកន្លែងសំរាប់អ្នកថ្មើរជើងធ្វើដំណើរឡើយ។
លោកក៏បានអប់រំ ណែនាំដល់បងប្អូនប្រជាពលរដ្ឋ ដែលបានដាក់តាំងសំភារៈនៅលើចញ្ចើមផ្លូវទាំងអស់ត្រូវបញ្ឈប់ ការដាក់តាំងសំភារៈ ឬទំនិញរបស់ខ្លួន ព្រោះបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៏ ដល់អ្នកថ្មើជើង អ្នកធ្វើដំណើនៅលើផ្លូវសាធារណៈ និងបណ្តាលឲ្យមានការកកស្ទះចរាចរណ៏ផងដែរ។
លោកបន្តថាដើម្បីឲ្យសង្គមជាតិយើងមួយក្លាយជាសង្គមជាតិស៊ីវិល័យ និងមានសេចក្ដីថ្លៃថ្នូរ លោកស្នើឲ្យបងប្អូនដែលរស់នៅតាមដងផ្លូវទាំងអស់គ្នាចូលរួមដោយស្ម័គ្រចិត្តរក្សាសណ្ដាប់ធ្នាប់ របៀបរាបរយនៅមុខផ្ទះឲ្យបានស្អាត ព្រោះការចូលរួមចំណែករបស់បងប្អូនប្រជាពលរដ្ឋ គឺជាការចូលរួមវិភាគទានក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយភាពអនាធិបតេយ្យ ភាពគ្មានសណ្ដាប់ ហើយធ្វើឲ្យទីក្រុងតាខ្មៅក្លាយជាទីក្រុងមួយទាក់ទាញភ្ញៀវទេសចរណ៍ ទាក់ទាញវិនិយោគទុនឲ្យមកវិនិយោគកាន់តែច្រើនផងដែរ។
លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើចរាចរណ៍នៅលើផ្លូវសាធារណៈ ជាពិសេសនៅក្នុងទឹកដីខេត្តកណ្ដាល សូមចូលរួមទាំងអស់គ្នា គោរពច្បាប់ចរាចរណ៍ គោរពផ្លាកសញ្ញាចរាចរណ៏ និងទិសបង្ហាញចរាចរណ៍ ជៀសវាងការចតយានយន្តបញ្ច្រាសទិស ត្រូវចាត់ទុកអ្នកធ្វើដំណើរនៅលើផ្លូវទាំងអស់ ជាមិត្តភ័ក្ដិ ជាក្រុមគ្រួសារ ជាបងប្អូនរបស់យើងដែលធ្វើដំណើររួមគ្នា។
លោក ជា សុខរក្សា អភិបាលរងក្រុងតាខ្មៅ ក៏បានឲ្យដឹងដែរថា នេះមិនមែនជាលើកទី១នោះទេ ដែលអាជ្ញាធរក្រុងបានចុះរៀបចំសណ្តាប់ធ្នាប់ របៀបរាបរយ នៅផ្លូវជាតិលេខ២១ និងក្រុងតាខ្មៅទាំងមូល កន្លងមកអាជ្ញាធរក្រុង បានចុះធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាដល់ប្រជាពលរដ្ឋឲ្យបញ្ឈប់ការដាក់តាំងសំភារៈនៅលើចិញ្ចើមផ្លូវផងដែរ។