គ្រោះថ្នាក់ចរាចរណ បង្ករដោយ​បើករថយន្ត​ BMW​ បើកយ៉ាងលឿន ជ្រុលចង្កូតព្រលះទ្រូងផ្លូវពេញទំហឹង​ ក្រឡាប់ផ្ងារជើង​ និងរងរបួសធ្ងន់

រាជធានីភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានបង្កឡើងដោយរថយន្តស៊េរីទំនើប មួយគ្រឿង ម៉ាក​ BMW បើកបរដោយបុរសជនជាតិចិន​ម្នាក់ ក្នុងល្បឿនយ៉ាងលឿន បានរេចង្តូតទៅបុកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងាជើង រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ​ និង​ហូរហៀរ​ប្រេងពេញផ្លូវ និងបាក់របាំងថ្មអស់១កង់ ចំណែកឯអ្នកបើកបរបានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗផងដែរ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង០០:៤០នាទីយប់រំលងអាធ្រាត្រ​ ឈានចូលថ្ងៃ​សៅរ៍ ទី២២ ខែកញ្ញា​ ឆ្នាំ២០១៨នេះ (ត្រង់ចំណុចមុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​) តាមបណ្ដោយ​ផ្លូវសហព័ន្ធរុស្សី ស្ថិតក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ​​ រាជធានីភ្នំពេញ។

តាមសាក្សីនៅក្បែរកន្លែងកើតហេតុបានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញ រថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក BMW ពណ៌ស ពាក់ស្លាកលេខភ្នំពេញ​ 2S-0883 បើកបរដោយបុរស​ជនជាតិចិន មិនស្គាល់អត្តសញ្ញាណម្នាក់ សង្ស័យស្រវឹងស្រា បានធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ​ មិនដឹងយ៉ាងម៉េច​ ស្រាប់តែជ្រុលចង្តូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹងតែម្ដង បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងាជើង​ ដាច់កង់មុខខាងឆ្វេង និងរងការខូចខាតយ៉ាងដំណំ​ និង​ហូរហៀរ​ប្រេងពេញផ្លូវ ចំណែកឯរបាំងថ្មបានបាក់អស់១កង់ផងដែរ ចំណែកឯបុរសជនជាតិចិនដែលជាអ្នកបើកបរបង្កបានរងរបួសធ្ងន់ និងត្រូវបានរថយន្តសង្គ្រោះគ្លីនិកឯកជន មកដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកកន្លែងកើតហេតុ រួចទាក់ទងទៅសមត្តកិច្ចជំនាញចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយសងការខូចខាតទ្រព្យសម្បត្តិរដ្ឋទៅតាមនិតិវិធីផ្លូវច្បាប់៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner