សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលេខាមជ្ឈឹមបក្ស ប្រធានអគ្គស្នងការ នយោបាយកងទ័ពវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុ សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន អនុញាតិឱ្យឧត្តមសេនីយ៍ឯកបម្រុង លឿង គឿង លេខាមជ្ឈឹមបក្ស ប្រធានអគ្គស្នងការនយោបាយ នៃកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ កាលពីរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ នៅវិមានសន្តិភាព ។
ឯ,ឧ អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានប្រាប់អ្នកយកពត៌មាននៅក្រោយជំនួបថា ឯកឧត្ដម ឧត្ដមសេនីយ៍ឯកបម្រុង លឿង គឿង ប្រធាន អគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាមបានគោរពពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម ជូនចំពោះសម្ដេចតេជោ និងបានសំដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោ ចំពោះលទ្ធផលនៃការបោះឆ្នោតដែលបានទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ និង ទទួលបានការដឹកនាំបន្តទៀតរបស់សម្ដេចតេជោ។
ឯកឧត្ដម ឧត្ដមសេនីយ៍ឯកបម្រុង លឿង គឿង បានជម្រាបជូនសម្តេចតេជោថា នេះជាលើកទីមួយហើយ ដែលឯកឧត្តមបានដឹកនាំ គណៈប្រតិភូអគ្គស្នងការ នយោបាយ កងទ័ពប្រជាជនវៀតណាមមកកាន់ព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្ដម ក៏បានគោរពរាយការណ៍ជូន សម្ដេចតេជោផងដែរថា ឯកឧត្តមបានជួបពិភាក្សាការងារជាមួយ សម្ដេចពិជ័យសេនា ទៀបាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ហើយក៏បានធ្វើទស្សនកិច្ចនៅកងពលតូចលេខ៧០ ព្រមទាំងបានជួបពិភាក្សាការងារជាមួយ ឯកឧត្តម នាយឧត្ដមសេនីយ៍ នាង ផាត ដែលក្នុងនោះ បានរួមគ្នាវាយតម្លៃ ពីស្ថានភាពនយោបាយលើពិភពលោក ស្ថានភាពនយោបាយក្នុងតំបន់ ក៏ដូចជាការវាយតំលៃ ពីសក្ដានុពល និងការប្រឈមទាំងឡាយ និងរួមគ្នាពង្រឹងមិត្តភាពដើម្បីធ្វើយ៉ាងណារក្សាអោយបាន នូវសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍សម្រាប់ប្រទេសទាំងពីរ ជាពិសេស តាមរយៈការផ្លាស់ប្ដូរបទពិសោធន៍ ការផ្លាស់ប្ដូរព័ត៌មាន ការអភិវឌ្ឍន៍ធនធានមនុស្ស និងការផ្លាស់ប្តូរទស្សនកិច្ចរវាងភាគីទាំងពីរ។
តាមរយៈជំនួបនេះ សម្ដេចអគ្គមហាសេនាបតីតេជោ បានសំដែងនូវការចូលរួមសោកស្ដាយ ចំពោះមរណភាពរបស់ឯកឧត្តមប្រធានរដ្ឋ ចិន ដៃក្វាង ហើយក៏បានថ្លែងអំណរគុណជូនចំពោះ ឯកឧត្តម លឿងគឿង ដែលបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម ជូនចំពោះសម្ដេច ហើយក៏បានថ្លែងអំណរគុណចំពោះការអបអរសាទរលទ្ធផលនៃបោះឆ្នោតផងដែរ។ សម្ដេច ក៏បានអរគុណចំពោះរបាយការណ៍ និងក៏បានគាំទ្រ និងលើកទឹកចិត្តដល់ការអនុវត្ត លើអ្វី ដែល បានសម្រេចហើយអោយទទួលបានជោគជ័យ។
ឆ្លៀតឱកាសនោះដែរ សម្ដេចក៏បានថ្លែងអំណរគុណជូនចំពោះប្រជាជន និងរដ្ឋាភិបាល វៀតណាម ដែល កន្លងមកជួយដល់កម្ពុជា ,ក្នុងនេះ សម្ដេចបានមានប្រសាសន៍ថា ភាពរស់រានមាន ជីវិត និងភាពរុងរឿងរបស់កម្ពុជា មិនអាចកាត់ផ្ដាច់បានពីការចូលរួមចំណែករបស់វៀតណាម បានឡើយ ។
សូមជម្រាបថា ឧត្តមសេនីយ៍ឯកបម្រុង លឿង គឿង បានមកបំពេញទស្សនកិច្ចជាផ្លូវការនៅ កម្ពុជា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ ហើយនឹងវិលត្រឡប់ទៅ ប្រទេសវៀតណាមវិញ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ ៕