ចោរ២នាក់ ប្លន់ម៉ូតូមិនបានសម្រេច ហើយរត់គេចខ្លួនចោលម៉ូតូបាន២ថ្ងៃ ជាលទ្ធផលជាប់ខ្នោះនគរបាលខណ្ឌឬស្សីកែវថ្ងៃនេះ

អត្ថបទដោយ៖
Kien Sereyvuth

(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌឬស្សីកែវ ដេញតាមស្រាវជ្រាវរហូតបង្ក្រាបឃាត់ខ្លួនបានជនសង្ស័យ២នាក់ ក្រោយពីពួកគេជិះម៉ូតូទៅគម្រាមវាយប្លន់យកម៉ូតូ១គ្រឿងទៀតពីជនរងគ្រោះមិនបានសម្រេច តែយកបានប្រាក់៨០ដុល្លារ ហើយរត់គេចខ្លួនចោលម៉ូតូបាត់រយះពេល២ថ្ងៃ។ការបង្ក្រាបចោរប្លន់ម៉ូតូខាងលើនេះ គឺបានធ្វើឡើងនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ នៅត្រង់ចំណុចបន្ទប់ជួលមួយកន្លែង តាមបណ្ដោយផ្លូវលេខ៧០ ស្ថិតក្នុងក្រុម៨ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

បើតាមលោកវរសេនីយ៍ឯក គល់ យី អធិការនគរបាលខណ្ឌឬស្សីកែវ បានបញ្ជាក់ថា មុនបើកការស៊ើបអង្កេត ហើយឈានដល់ការបង្ក្រាបឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ដកហូតបានសោរខ្សៀលេខ៨ និងដែកសំប៉ែតចុងស្រួចចំនួន១នេះដែរ គឺបានធ្វើឡើងបន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ កាលពីរសៀលថ្ងៃទី១៩ កញ្ញា «ពោលគឺកាល២ថ្ងៃមុន» នៅត្រង់ចំណុចលើផ្លូវលេខ៧០ កែងផ្លូវរថភ្លើង ស្ថិតក្នុងក្រុម៨ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ថាមានករណីជនសង្ស័យ២នាក់ បានជិះម៉ូតូ១គ្រឿងម៉ាកមីអូ ពណ៍ស ពាក់ស្លាកលេខ 1AD-7802 មកគម្រាមវាយប្លន់យកម៉ូតូ តែមិនបានសម្រេចឡើយ និងយកបានតែលុយចំនួន៨០ដុល្លារប៉ុណ្ណោះ ទើបបង្កឲ្យមានការភ្ញាក់ផ្អើល ធ្វើឲ្យជនសង្ស័យភ័យស្លន់ស្លោរ ហើយរត់គេចខ្លួនចោលម៉ូតូបាត់ស្រមោលតែម្ដង។

លោកអធិការខណ្ឌឬស្សីកែវ បានបញ្ជាក់ទៀតថា ជនសង្ស័យទី១-ឈ្មោះស៊ុន បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៩៥E1 ក្នុងសង្កាត់ផ្សារចាស់ និងមានសារធាតុញៀន ទី២-ឈ្មោះ ប៉ុង ដារ៉ាន់ ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅភូមិឃ្លាំសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ និងមានសារធាតុញៀន។ រីឯជនរងគ្រោះឈ្មោះ ម៉េង សុជាតិ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកផ្ទះសំណាក់ ស្នាក់នៅផ្ទះសំណាក់ទឹកមាស ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ក្រោយបង្ក្រាបឃាត់ខ្លួនជនសង្ស័យជាចោរប្លន់ម៉ូតូទាំង២នាក់ រួមជាមួយវត្ថុតាងពាក់ព័ន្ធទាំងឡាយ បាននិងកំពុងស្ថិតក្រោមការសួនាំនៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវនៅឡើយ ក្នុងការកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធី៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner