អភិបាលខេត្តដំបង ផ្តល់នូវផែបណ្តែតទឹកមួយខ្នងដើម្បីធ្វើថ្នាក់រៀនបន្ថែមមួយថ្នាក់ទៀតដល់សាលាបឋមសិក្សាពាមផ្សោត
កាលពីព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅក្នុងដំណើរចុះត្រួតពិនិត្យមើលពីស្ថានភាពទឹកជំនន់បឹងទន្លេសាបដែលបានគំរាមកំហែង និងបង្កឲ្យមានការជន់លិចនៅតាមបណ្តាឃុំ-ស្រុកមួយចំនួនរបស់ខេត្តបាត់ដំបង ដែលជាប់ទៅនឹងភូមិសាស្ត្រនៃតំបន់ទន្លេសាប។ ជាពិសេស នៅក្នុងភូមិសាស្ត្រសហគមន៍នេសាទពាមផ្សោត នៅក្នុងភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។
ឯកឧត្តមងួន រតនៈ អភិបាលខេត្តដំបង សន្យាផ្តល់នូវផែបណ្តែតទឹកមួយខ្នង ទំហំ០៦ គុណ ០៨ម៉ែត្រ ដើម្បីជ្វើជាថ្នាក់រៀនបន្ថែមមួយថ្នាក់ទៀតជូនដល់សាលាបឋមសិក្សាពាមផ្សោតដែលស្ថិតក្នុងភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង និងគ្រោងផ្តល់នូវធុងចម្រោះទឹកស្អាត ចែកជូនដល់បងប្អូនរស់នៅទីនោះផងដែរ។ ធុងចម្រោះទឹកស្អាតនេះ គឺលោក វ៉ាន់ ថុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង ជាអ្នករ៉ាប់រងផ្តល់ជូននាពេលខាងមុខឆាប់ៗនេះ។ ឯកឧត្តមអភិបាលខេត្តបាត់ដំបង ក៏បានសន្យារិះរកស្បៀងបន្ថែមដូចជាអង្ករជាដើម ដើម្បីជួយដល់បងប្អូនដែលកំពុងតែរស់នៅទីនេះ ដោយក្នុងមួយគ្រួសារៗយ៉ាងហោចណាស់ ក៏អាចទទួលបានអង្ករ៥០គ.ក្រ ផងដែរ។
ការថ្លែងបែបនេះ គឺក្នុងឱកាសឯកឧត្តមអភិបាលខេត្តដឹកនាំប្រតិភូខេត្តមួយក្រុម ចុះសាកសួរសុខទុក្ខ និងស្វែងយល់ ពីជីវភាពរស់នៅរបស់បងប្អូនប្រជានេសាទ ដែលកំពុងតែជម្លៀសមករស់នៅតំបន់សុវត្ថិភាពស្ថិតក្នុងភូមិសាស្ត្រខាងលើ ដែលនៅទីនោះមានប្រជាពលរដ្ឋរស់នៅប្រមាណ១០២គ្រួសារ និងកូនក្មេងកំពុងសិក្សាកម្រឹតថ្នាក់បឋម”ថ្នាក់ទី១ និងថ្នាក់ទី២” ចំនួនសិស្សជិត១០០នាក់ រៀនក្នុងសាលារៀនពាមផ្សោតនេះ ដែលស្ថិតលើផ្ទៃទឹកជំនន់ និងដើម្បីរិះរកពិនិត្យលទ្ធភាពជាក់ស្តែងក្នុងការដោះស្រាយ និងឆ្លើយតបពីតម្រូវការជាក់ស្តែងចាំបាច់ជួយដល់ពួកគាត់។
អំណោយដែលយកទៅចែកដល់បងប្អូននៅពេលនេះ គឺក្នុងមួយគ្រួសារទទួលបាន អង្ករ២០គ.ក្រ មី១០កញ្ចប់ និងថវិកា២ម៉ឺនរៀល ដែលជាអំណោយរបស់ឯកឧត្តមប៉ោ ទ្រីឌឿន ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និង លោក វ៉ាន់ ថុល ប្រធានមន្ទីរអភិវឌ្ឃន៍ជនបទ ខេត្តបាត់ដំបង។ ដោយឡែក អ្នកគ្រូបង្រៀនក៏ទទួលបានថវិកាចំនួន១០០ដុល្លារ និងសិស្សជិត១០០នាក់ ក្នុងម្នាក់ៗ បានឃីតសៀវភៅ ប៊ិក ខ្មៅដៃ និងថវិកាក្នុងម្នាក់ៗ២ពាន់រៀលផងដែរ។
សូមបញ្ជាក់ថា តាមរយៈការសន្យាផ្តល់នូវផែបណ្តែតទឹក ដែលឯកឧត្តមអភិបាលខេត្តបាត់ដំបង បានសន្យាផ្តល់នេះ គឺដើម្បីបំពេញបន្ថែមពីស្ថានភាពការសិក្សារបស់ក្មួយៗនៅទីនោះ ដើម្បីបង្កើននូវថ្នាក់រៀនបន្ថែម១ថ្នាក់ទៀត គឺថ្នាក់ទី៣មួយថ្នាក់ទៀត៕
ដោយៈ អ៊ុក សំអាន