អាវុធហត្ថខេត្តពោធិ៍សាត់ឃាត់ខ្លួនជាងជួសជុលរថយន្តម្នាក់ពីបទហិង្សាមានស្ថានទម្ងន់ទោស
ខេត្តពោធិ៍សាត់ ៖ កម្លាំងជំនាញមន្ទីរយុត្តិធម៌នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ចុះអនុវត្តដីកាបង្គាប់ឲ្យនាំខ្លួនជាងជួសជុលរថយន្តម្នាក់ ជាប់ចោទពីបទហិង្សាដោយមានស្ថានទម្ងន់ទោស របស់ចៅក្រមសើបសួរនៃសាលាដំបូងខេត្ត។
ប្រតិបត្តិការចុះអនុវត្តដីកាបង្គាប់ឲ្យនាំខ្លួនជាងជួសជុលរថយន្តខាងលើ ធ្វើឡើងនៅវេលាម៉ោង៩ និង១០នាទីព្រឹក ថ្ងៃពុធ ១០កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិរ៉ា សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីកងកម្លាំងកងរាជអាវុធហត្ថចុះប្រតិបត្តិការខាងលើបានឲ្យដឹងថា ជនសង្ស័យឈ្មោះ លឹម តៅឈាង ភេទប្រុស អាយុ ៤៥ឆ្នាំ បច្ចុប្បន្នរស់នៅភូមិរ៉ា សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ មុខរបរជាងជួសជុលរថយន្ត។ ការដែលនាំខ្លួននេះ គឺអនុវត្តដីកាបង្គាប់ឲ្យនាំខ្លួនលេខ ៨០ដខ ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ចេញដោយចៅក្រមសើបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់ ជាប់ចោទពីបទ ហិង្សាដោយមានស្ថានទម្ងន់ទោស។
ប្រភពដដែលបន្តទៀតថា ជនសង្ស័យនាំយកមកបំពេញនីតិវិធីខ្លះៗ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ហើយក៏បញ្ជូនខ្លួនបន្តទៅចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់ហើយដែរ៕