សមត្ថកិច្ចឃាត់ខ្លួនស្រ្តីម្ចាស់ហាងម៉ាស្សាកោសជប់ធ្វើសសៃ សង្ស័យបង្កប់សេវាផ្លូវភេទ
ខេត្តពោធិ៍សាត់ ៖ ដោយមានការសម្របសម្រួលពីលោកព្រះព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តពោធិ៍សាត់ កម្លាំងជំនាញមន្ទីរយុត្តិធម៌នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានចុះបង្រ្កាបទីតាំងម៉ាស្សាមួយកន្លែង ដែលសង្ស័យមានបង្កប់សេវាផ្លូវភេទ ក្នុងនោះកម្លាំងឃាត់ខ្លួនស្រ្តីម្ចាស់ហាង និងនារីៗចំនួន៤នាក់ រួមទាំងវត្ថុតាងផ្សេងៗផងដែរ។ ប្រតិបត្តិការខាងលើធ្វើឡើងនៅត្រង់ចំណុចទីតាំងម៉ាស្សាមួយកន្លែង ស្ថិតក្នុងភូមិរ៉ា សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីកម្លាំងចុះប្រតិបត្តិការខាងលើបានឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងបានឃាត់ខ្លួនម្ចាស់ហាង ស្រីម៉ាន់ ម៉ាស្សា ឈ្មោះ គាវ ស្រីម៉ាន់ ភេទស្រី អាយុ២៨ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិ សង្កាត់កើតហេតុ មានទីលំនៅភូមិដោប ឃុំតាអូរ ស្រុកគីរីវង់ ខេត្តតាកែវ។ ក្នុងកិច្ចប្រតិបត្តិការបានរកឃើញ និងដកហូតនូវវត្ថតាងរួមមាន ស្រោមអនាម័យប្រើប្រាស់រួចចំនួន១ និងមិនទាន់ប្រើប្រាស់មួយចំនួន និងនារីដែលបម្រើការចំនួន៤នាក់ផងដែរ។ ប្រភពព័ត៌មានដដែលបន្តថា នារីៗទាំង៤នាក់នោះ គឺទី១)ឈ្មោះ ផ សម អាយុ១៩ឆ្នាំ ទី២)ឈ្មោះ គ ភ អាយុ ២៣ឆ្នាំ ទី៣)ឈ្មោះ ហ ធរ អាយុ២០ឆ្នាំ និងទី៤)ឈ្មោះ ស ឡអ អាយុ ១៩ឆ្នាំ។
ប្រភពដដែលបញ្ជាក់ទៀតថា ចំពោះជនសង្ស័យជាម្ចាស់ហាងឈ្មោះ គាវ ស្រីម៉ាន់ និងនារីៗទាំង៤នាក់ ត្រូវសមត្ថកិច្ចអាវុធហត្ថកំពុងបន្តនីតិវិធីនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដើម្បីបំពេញសំណុំឯកសារពាក់ព័ន្ធផ្សេងៗ។ ដោយឡែក ម្ចាស់ហាងយីហោ(ស្រីម៉ាន់ ម៉ាស្សា) ត្រូវបានសមត្ថកិច្ចអាវុធហត្ថបានបញ្ជូនបន្តទៅសាលាដំបូងខេត្តពោធិ៍សាត់ចាត់ការបន្តតាមនីតិវិធី៕