អភិបាលខណ្ឌដង្កោ បន្តការអញ្ជើញអធិការ មេបញ្ជាការ ចៅសង្កាត់ មេប៉ុស្តិ៍ និងមេភូមិ ធ្វើការប្តេជ្ញាចិត្តក្នុងការបម្រើប្រជាពលរដ្ឋឲ្យបានទ្វេដង ស្របតាមអនុសាសន៍របស់សម្តេចតេជោ
ព្រឹកថ្ងៃសុក្រ ១២កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម នុត ពុធដារ៉ា ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ បានរួមជាមួយលោកអភិបាលរង លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ ចៅសង្កាត់ នាយប៉ុស្តិ៍ និងមេភូមិ ធ្វើការប្តេជ្ញាចិត្តចំពោះមុខប្រជាពលរដ្ឋ ក្នុងសង្កាត់ព្រៃវែង ក្នុងការបម្រើសេវារដ្ឋបាលសាធារណៈ ការងារសន្តិសុខសណ្តាប់ធ្នាប់ ការផ្តល់សៀវភៅស្នាក់នៅ សៀភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ និងសំបុត្រមរណភាព ព្រមទាំងសេវារដ្ឋបាលផ្សេងៗទៀត ឲ្យបានល្អប្រសើរទ្វេដង ស្របតាមអនុសាសន៍របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី។
ការប្តេជ្ញាចិត្តនេះ ធ្វើឡើងក្នុងឱកាសសំណេះសំណាលសួរសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋ ក្នុងភូមិកំរៀង សង្កាត់ព្រៃវែង ជាមួយគ្នាលោកអភិបាលខណ្ឌ ក៏បានផ្តាំផ្ញើការសាកសួរសុខទុក្ខជូនដល់ប្រជាពលរដ្ឋ ពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងទ្វេតែងបានគិតគូរពីការលំបាក និងបញ្ហានានារបស់បងប្អូននៅមូលដ្ឋាន ព្រមទាំងបានលើកឡើងអំពីការអភិវឌ្ឍរីកចម្រើនឥតឈប់ឈររបស់ប្រទេសជាតិពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនោះលោកអភិបាលបានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឲ្យទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ កន្លងមក ដែលនេះបង្ហាញអំពីការស្រលាញ់ គាំទ្រ សម្តេចតេជោ ធ្វើជានាយករដ្ឋមន្ត្រី ស្រលាញ់សុខសន្តិភាព និងត្រូវការការអភិវឌ្ឍរីកចម្រើនបន្តទៅមុខទៀត៕