អាជ្ញាធរបញ្ជាឱ្យបិទក្រុមហ៊ុនចិនចំនួន២កន្លែងដែលរកស៊ីខុសច្បាប់
ភ្នំពេញ៖ ក្រោយបញ្ចប់ការត្រួតពិនិត្យ អាជ្ញាធរចម្រុះសម្រេចផ្អាកសកម្មភាពក្រុមហ៊ុនចិនចំនួន២កន្លែង នៅកោះពេជ្រ ដែលប្រតិបត្តិការអាជីវកម្មដោយខុសច្បាប់លើសេវាកម្មផ្ញើប្រាក់ វេប្រាក់ ប្តូរប្រាក់ ក៏ដូចជាប្រមែប្រមូលប្រាក់ពីអតិថិជនក្នុងការជួញដូរកាសអេឡិចត្រូនិក(digital asset/cryptocurrency)។
អាជ្ញាធរជំនាញ និងសមត្ថកិច្ចចម្រុះ រួមមានក្រុមការងារធនាគារជាតិនៃកម្ពុជា គណៈកម្មការមូលបត្រកម្ពុជា និងកម្លាំងនគរបាលជាតិនៃនាយកដ្ឋានកណ្ដាលសន្តិសុខក្រសួងមហាផ្ទៃ ថ្មីៗនេះ ត្រួតពិនិត្យទីតាំងក្រុមហ៊ុនមួយឈ្មោះ BIQUAN TECHNOLOGY (ប៊ីឈាន តិចណូឡូជី) ស្ថិតនៅផ្ទះលេខ S-58 ផ្លូវកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ទីតាំងមួយទៀតឈ្មោះ ហ៊ុយ សាង Hui Shang International Remittances មានទីតាំងស្ថិតនៅផ្ទះលេខ S-59 ផ្លូវកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ការចុះត្រួតពិនិត្យនេះ គឺយោងតាមសេចក្តីថ្លែងការណ៍រួមរវាងធនាគារជាតិនៃកម្ពុជា គណៈកម្មការមូលបត្រកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ ស្តីពីការទប់ស្កាត់បទល្មើសហិរញវត្ថុ និងការចរាចរខុសច្បាប់កាស់អេលិចត្រូនិក។ សមាសភាពចូលរួម មានលោកសៀង ធីរិទ្ធ អគ្គនាយករងនៃគណៈកម្មការមូលបត្រកម្ពុជា លោកឧត្ដមសេនីយ៍ទោ មៀច ដាវីត អនុប្រធាននាយកដ្ឋានកណ្ដាលសន្តិសុខនៃអគ្គស្នងការនគរបាលជាតិ លោក ម៉ែន ភក្តី ប្រធាននាយកដ្ឋានអាជ្ញាប័ណ្ណ ធនាគារជាតិនៃកម្ពុជា និងមន្ត្រីមួយចំនួនទៀត។
ក្រោយបញ្ចប់ការត្រួតពិនិត្យ អាជ្ញាធរបានសម្រេចផ្អាកអាជីវកម្មទាំងស្រុង រហូតដល់មានការអនុញ្ញាត ឬ អាជ្ញាប័ណ្ណស្របច្បាប់ ណាត់ជួបបង្ហាញអាជ្ញាប័ណ្ណ ឬការអនុញ្ញាតប្រកបអាជីវកម្ម ត្រូវបញ្ឈប់សកម្មភាពផ្សព្វផ្សាយ ចរាចរ ទិញលក់ ទូទាត់កាសអេឡិចត្រូនិក ប្រហាក់ប្រហែល និងប្រមូលប្រាក់ពីអតិថិជន ត្រូវរុះរើផ្លាកអាជីវកម្មចេញ Logo Coinups និងហាមរុះរើសម្ភារៈទាំងអស់នៅក្នុងអគារចេញពីទីតាំងដើម។
លោកឧត្ដមសេនីយ៍ទោ មៀច ដាវីត បានបញ្ជាក់ថា សមត្ថកិច្ចនិងស្ថាប័នជំនាញបានចុះណែនាំ តម្រូវឱ្យក្រុមហ៊ុនសុំច្បាប់អនុញ្ញាតពីធនាគារជាតិនៃកម្ពុជា គឺក្នុងគោលបំណងទប់ស្កាត់ការចរាចរ និងលាងលុយកខ្វក់ឆ្លងដែនចូលកម្ពុជាដែលបានមកពីការប្រព្រឹត្តបទល្មើសផ្សេងៗ ដែលអាចបានពីជាការជួញដូរគ្រឿងញៀន ការជម្រិតទារប្រាក់ កំហែង យកតាមប្រព័ន្ធអ៊ីនធើណិតជាដើម៕