កម្លាំងការិយាល័យដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីដឹកជញ្ជូនឈើខុសច្បាប់
ព្រះវិហារ ៖ យោងតាមកំណត់ហេតុនៃបទល្មើសក្រសួងបរិស្ថាន អគ្គនាយកដ្ឋាន រដ្ឋបាលការពារ និងអភិរក្សធម្មជាតិ ការិយាល័យដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព លេខ២២១/១៨ បញ្ជាក់ថា នៅវេលាម៉ោង១និង៤៦នាទី ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងបរិស្ថានចំនួន៤នាក់ ដឹកនាំដោយលោក វុន ធឿន ប្រធានការិយាល័យដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ស្នាក់ការតាកឹង ចុះបង្ក្រាបបទល្មើសដឹកជញ្ជូនឈើខុសច្បាប់ នៅចំណុចភូមិកំប្រាក់ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះអួន ម៉ៅ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិផ្សារតូច ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នរស់នៅភូមិតេជោស្ទឹងខៀវ ឃុំស្រអែម ស្រុកជាំក្សាន្តខេត្តព្រះវិហារ រឹបអូសគោយន្តកន្ត្រៃ ០១គ្រឿង ឈើប្រភេទធ្នង់ ចំនួន២៨ដុំ ស្មើនឹង០,៦ម៉ែត្រគីប។
នៅថ្ងៃដដែលនោះ នៅវេលាម៉ោងប្រមាណ៩និង២៩នាទីយប់ កម្លាំងបានចុះល្បាតបន្ត នៅភូមិគូលែនជើង ឃុំគូលែន ស្រុកគូលែន ខេត្តព្រះវិហារ បានប្រទះឃើញជនសង្ស័យម្នាក់ទៀត កំពុងបើកបរគោយន្តកន្ត្រៃ០១គ្រឿង ដឹកឈើប្រភេទធ្នង់មូលចំនួន៣កំណាត់ បម្រុងចូលផ្ទះយកទៅកែច្នៃ ជាគ្រឿងសង្ហារឹម ក៏ធ្វើការឃាត់ខ្លួន និងរឹបអូស ចាត់ការតាមនីតិវិធី។
បច្ចុប្បន្នជនសង្ស័យ២នាក់ ត្រូវបានកម្លាំងការិយាល័យដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព បានបញ្ជូនខ្លួនបន្ត តាមដីកាបង្គាប់ឲ្យនាំខ្លួនទៅឃុំបណ្ដោះអាសន្ននៅពន្ធនាគារខេត្តព្រះវិហារ កាលពីល្ងាចថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ ពីបទដឹកជញ្ជូនឈើខុសច្បាប់ ផ្ទុយពីច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ មាត្រាលេខ៦២។ រីឯវត្ថុតាង ត្រូវបានកម្លាំងនាំយក មករក្សាទុកនៅការិយាល័យ ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ស្នាក់ការតាកឹង៕