សាលាមត្តេយ្យស្តង់ដារអន្តរជាតិ Princeton School នាំយកកម្មវិធីសិក្សាដ៏ល្បីរបស់សហរដ្ឋអាម៉រិកបញ្ចូលក្នុងកម្មវិធីសិក្សាសាលា ដើម្បីជំរុញលើកកម្ពស់ការអប់រំនៅកម្ពុជា

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ កម្មវិធីសិក្សារបស់កុមារតូចៗដែលមានឈ្មោះថា FasTracKids ដ៏ល្បីល្បាញរបស់ពិភពលោក ត្រូវបានសម្រេចដាក់បញ្ចូលនៅកម្ពុជា តាមរយៈលោកស្រី ផនសារីន មេធី វាឆារាណន នាយកប្រតិបត្តិ FasTracKids Thailand និងលោក លឹម ឡោកចនសុន នាយកប្រតិបត្តិ LVLs Media និងជាដៃគូសហការកម្ពុជា តាមរយៈការចុះហត្ថលេខាលើអនុស្សារណៈយោគយល់ជាមួយនឹងសាលា Princeton ដែលតំណាងដោយលោកជំទាវ ឌិត នីតា  នាយិកាសាលា Princeton នៅកម្ពុជា។

ថ្លែងក្នុងសន្និសិទសារព័ត៌មានក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា នាព្រឹកថ្ងៃ២១ ខែកញ្ញានេះ នៅភោជនីយដ្ឋាន ខេម៉ា ឡាប៉ុស្តិ៍ លោកជំទាវ ឌិត នីតា នាយិកាសាលា Princeton នៅកម្ពុជា មានប្រសាសន៍ថា ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នានេះ ធ្វើឡើងក្នុងគោលបំណងជួយពង្រឹងប្រព័ន្ធសិក្សាសម្រាប់កុមារតូចៗក្រោមអាយុ៥ឆ្នាំ ឱ្យមានចំណេះដឹងមូលដ្ឋានរឹងមាំ ក្រោមការបណ្ដុះបណ្ដាលរបស់សាលាអន្តរជាតិ Princeton ដែលមានស្ដង់ដារស្របតាមប្រព័ន្ធសិក្សារបស់ចក្រភពអង់គ្លេសរួចទៅហើយ។

លោកជំទាវបន្តថា ការដាក់បញ្ចូលកម្មវិធី FasTracKids ដែលជំនួយឲ្យកុមារៗកាន់តែមានចំណេះដឹងតាមរយៈការប៉ះស្ទាប និងមើលឃើញនេះ មិនមែនមានន័យថា សាលាលុបចោលទម្រង់បណ្ដុះបណ្ដាលរបស់ខ្លួនចោល ហើយទទួលយកប្រព័ន្ធសិក្សាថ្មីៗនេះដល់កុមារៗទេ ផ្ទុយទៅវិញ គឺគ្រាន់តែបន្ថែមទម្រង់បណ្ដុះបណ្ដាល ដើម្បីឲ្យកុមារតូចៗក្រោមអាយុ៥ឆ្នាំកាន់តែចង់សិក្សា និងទទួលបានអារម្មណ៍រីករាយក្នុងវ័យសិក្សារបស់ខ្លួន ក្នុងកម្រិតមតេយ្យតែប៉ុណ្ណោះ។

លោកជំទាវនាយិកាបន្ថែមថា សម្រាប់កិច្ចសហការក្រៅពី FasTracKids សាលា Princeton នៅមិនទាន់មានគម្រោងសហការជាមួយដៃគូផ្សេងទៀតនៅឡើយទេ ដោយសារយើងចង់ឱ្យមូលដ្ឋានគ្រឹះនេះ បានទៅមុខប្រសើរហើយ យើងនឹងបង្កើតកម្មវិធីសិក្សាថ្មីផ្សេងទៀតសម្រាប់សិស្សផ្សេងទៀតចាប់ពីអាយុ៦ឆ្នាំឡើងទៅ ប៉ុន្តែក្នុងរយៈពេលនេះ យើងសង្កត់ធ្ងន់តែទៅលើសិស្សដែលស្ថិតនៅថ្នាក់មតេ្តយ្យសិន។ លោកជំទាវរំពឹងថា ប្រព័ន្ធសិក្សាថ្មីនឹងកាន់តែធ្វើឲ្យកុមារតូចៗ រៀនសូត្រឆាប់ចាប់បាន ហើយនឹងធ្វើឲ្យកុមារទាំងនោះ កាន់តែមានគ្រឹះរឹងមាំទ្វេដង បន្ថែមពីលើប្រព័ន្ធសិក្សាដែលមានស្រាប់។

លោក លឹម ឡោកចនសុន អគ្គនាយករបស់ LVLs Media ដែលជាដៃគូសហការនាំយក FasTracKids មកកម្ពុជា បានសម្តែងក្ដីសោមនស្សរីករាយជាខ្លាំង ដែលបានចូលរួមចំណែកនាំយកកម្មវិធីសិក្សាដ៏ល្បីល្បាញនេះ មករួមចំណែកបណ្ដុះបណ្ដាលដល់កុមារកម្ពុជា។ លោកអគ្គនាយកមានជំនឿយ៉ាងមុតមាំថា តាមរយៈកិច្ចសហការរវាងសាលា Princeton និង FasTracKids  នឹងផ្លាស់ប្តូររបៀបបង្រៀននៅកម្ពុជាឲ្យកាន់តែប្រសើរជាងមុន ហើយកាន់តែស្របតាមកម្មវិធីសិក្សាដ៏ល្បីល្បាញរបស់សហរដ្ធអាម៉េរិកថែមទៀត៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner