ព្រហ្មទណ្ឌកម្រិតស្រាល បើកប្រតិបត្តិការបង្ក្រាបទីតាំងបាញ់ត្រី ៣ទីតាំង នៅក្នុងខណ្ឌដូនពេញ ឃាត់ខ្លួនមនុស្សប្រុសស្រី១៨នាក់ និងដកហូតទូហ្គេម១០គ្រឿង
រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក ប៊ុន សិត្យា បានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងបាញ់ត្រី៣ទីតាំង នៅក្នុងខណ្ឌដូនពេញ ដោយឃាត់ខ្លួនមនុស្ស ប្រុសស្រីបានចំនួនជាច្រើននាក់នាក់ និងទូហ្គេមជាច្រើនគ្រឿងផងដែរ។ ប្រតិបត្តិការខាងលើនេះបានធ្វើឡើងនៅវេលាម៉ោង០៨:៤០នាទីយប់ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ នៅត្រង់ចំណុចជិតវិហារអ៊ីស្លាម ស្ថិតក្នុងភូមិ២១ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
លោកវរសេនីយ៍ឯកប៊ុន សត្យា បានប្រាប់ឲ្យដឹងថា មុននឹងកម្លាំងរបស់លោកបានឆ្មក់បង្ក្រាបទីតាំងខាងលើនេះ គឺលោកបានឲ្យកម្លាំងការតាមដានមុខសញ្ញា និងឃ្លាំមើលអស់យៈពេលជិតបីខែមកហើយ បន្ទាប់ពីទទួលបានតម្រុយច្បាស់ការនោះ លោកបានបើកប្រតិបត្តិការ និងសហការជាមួយកម្លាំងនគរបាលខណ្ឌដូនពេញ កម្លាំងនគរបាលប៉ុស្តិ៍ ចុះបង្ក្រាបតែម្ដង ដោយធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១៨នាក់ និងដកហូតទូហ្គេមបានសរុប១០គ្រឿង (ក្នុងនោះមានទូហ្គេមបាញ់ត្រី ចំនួន៥គ្រឿង និងទូហ្គេមបៀរ ចំនួន ៥គ្រឿង) ។ បច្ចុប្បន្នជនសង្ស័យរួមទាំងទូហ្គេមខាងលើ ត្រូវបានឃាត់ខ្លួន និងយកទៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធី៕