នគរបាលព្រហ្មទណ្ឌកំរិតស្រាលបង្ហាញមុខជនសង្ស័យ២នាក់ដែលឆក់ទ្រព្យសម្បត្តិពលរដ្ឋចំនួន៧ករណីនាពេលកន្លងមក មុនបញ្ចូនទៅតុលារការ

អត្ថបទដោយ៖
Kien Sereyvuth

   ភ្នំពេញ ៖ បានជនសង្ស័យ២នាក់ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញធ្វើការបង្ហាញមុខនៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ ក្រោយពីជនសង្ស័យខាងលើនេះបានធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋជាច្រើនករណីក្នុងរាជធានី ហើយត្រូវបានកម្លាំងជំនាញធ្វើការស្រាវជ្រាវឃាត់ខ្លួនបាន វេលាម៉ោង១១ និង៣០នាទី ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០១៨  នៅចំណុចមុខខ្លោងទ្វារវត្តឃ្មួញ ផ្លូវហាណូយ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ  ។
      លោក ប៊ុត សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ជនសង្ស័យ២នាក់ដែលកម្លាំងជំនាញឃាត់ខ្លួនបាន ទី១-ឈ្មោះ សុខ សី ហៅ វណ្ណ ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ-មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ និងទី២-ឈ្មោះ ឈឿន ក្រពុំ ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។  ដោយឡែកភស្តុតាងចាប់យកបានរួមមាន៖
 -ខ្សែកធ្វើពីលោហធាតុពណ៌លឿងស្លេក ប្រវែង ១៥ សង់ទីម៉ែត្រ ជារបស់ជនរងគ្រោះ ។
  លោក ប៊ុត សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងទៀតថា ជនសង្ស័យទាំង២នាក់គឺជាប់ពាក់ព័ន្ធករណីឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋចំនួន៧ រណី និងចាប់យកភស្តុតាងជារបស់ជនរងគ្រោះរួមមាន ៖
      ករណីទី១ ៖ ឆក់កាបូបក្រវ៉ាត់ចង្កេះ នៅចំណុចក្បែរស្ថានីយ៍ប្រេងឥន្ធនសូគីម៉ិចទល់មុខសាលាបឋមសិក្សាពោធិ៍ចិនតុង ផ្លូវសហពន្ធ័រុស្សី ភូមិប៉ប្រក់ខាងជើង សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៨ វេលាម៉ោង ០៩ និង ៣០ នាទី របស់ជនរងគ្រោះ ឈ្មោះ យ៉ន សំបូរ ភេទ ស្រី អាយុ ៣៩ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវវេងស្រេង ភូមិឯករាជ្យ៣ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ មុខរបរ លក់ដូរ និងសម្ភារៈបាត់បង់
-ខ្សែកមានទម្ងន់ ០៥ជី ចំនួន ០១ខ្សែ
-ខ្សែដៃមាសទម្ងន់ ០៥ ជី ចំនួន ០១ ខ្សែ
-ប្រាក់រៀលចំនួន ៦០ម៉ឺនរៀល
-ប្រាក់ដុល្លារចំនួន ៦០ ដុល្លារអាមេរិក
-កាត ATM ចំនួន ០១
-សម្ភារៈមួយចំនួន
 
     ករណីទី២ ៖ ឆក់កាបូបក្រវ៉ាត់ចង្កេះបណ្តាលឲ្យជនរងគ្រោះដួលម៉ូតូរងរបួស នៅចំណុចមុខហាងលក់បាយយីហោសុខហុក ផ្លូវលេខ១០១៩ ក្រុម២ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០១៨ វេលាម៉ោង ១១ និង ០០ នាទី ដោយជនរងគ្រោះមានឈ្មោះ ប៉ុល សារ៉ាន  ភេទ ស្រី អាយុ ៤០ ឆ្នាំ ជនជាតិ ខ្មែរ បានរងរបួសត្រង់ក្បាលធ្ងន់ធ្ងរត្រូវបញ្ជូនទៅសំរាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ រុស្សី មិនអាចមកដាក់ពាក្យបណ្តឹង និងមកធ្វើការបំភ្លឺនៅចំពោះមុខសមត្ថកិច្ចបាន គណៈបញ្ជាការឯកភាពសាលាសង្កាត់ភ្នំពេញថ្មី បានចេញមុខដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ជំនួសជនរងគ្រោះ ព្រមទាំងសម្ភារៈបាត់បង់ 
-កាបូបក្រវ៉ាត់ចង្កេះ ចំនួន ០១
-ប្រាក់រៀល ចំនួន ២លានរៀល
 
      ករណីទី៣ ៖ ឆក់យកទូរស័ព្ទដៃ នៅចំណុចមុខអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ ផ្លូវសហព័ន្ធរុស្សី សង្កាត់ កាកាប១ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០១៨ វេលាម៉ោងប្រហែល ១៣ និង ០០ នាទី ។
 
     ករណីទី៤ ៖ ឆក់កាបូបដាក់កុំព្យូទ័រ នៅចំណុចលើស្ពានអាកាសផ្សារដីហុយ ផ្លូវសហព័ន្ធរុស្សី សង្កាត់ ទឹកថ្លា ខណ្ឌ សែនសុខ រាជធានីភ្នំពេញកាលថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ២០១៨ វេលាម៉ោងប្រហែល ០៧ និង ០០ នាទី
 
     ករណីទី៥ ៖ ឆក់យកខ្សែក នៅចំណុចមុខផ្សារទឹកថ្លា ផ្លូវសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ២០១៨ វេលាម៉ោងប្រហែល ១២ និង ០០ នាទី
 
      ករណីទី៦ ៖ ឆក់កាបូបក្រវ៉ាត់ចង្កេះ នៅចំណុចមុខស្ថានីយ៍ប្រេងPTT ផ្លូវសហព័ន្ធរុស្សី សង្កាត់ កាកាប១ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ០៨ ខែ កញ្ញា ឆ្នាំ ២០១៨ វេលាម៉ោងប្រហែល ១៥ និង ០០ នាទី
 
     និងករណីទី៧ ៖ ឆក់កាបូបក្រវ៉ាត់ចង្កេះ នៅចំណុចមុខអនុវិទ្យាល័យ ១០០ខ្នង ផ្លូវសហព័ន្ធរុស្សី សង្កាត់ ទឹកថ្លា ខណ្ឌ សែនសុខ រាជធានីភ្នំពេញ កាលថ្ងៃទី ០២ ខែ កញ្ញា ឆ្នាំ ២០១៨ វេលាម៉ោងប្រហែល ០៧ និង ០០ នាទី ។
     បច្ចុប្បន្នជនសង្ស័យខាងលើ ត្រួវបានការិយាល័យព្រហ្មទណ្ឌកំរិតស្រាលបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner