មន្រ្តីកាំកុងត្រូលខេត្តមណ្ឌលគិរី ចុះត្រួតពិនិត្យទំនិញ និងចំណីអាហារនៅផ្សារសែនមនោរម្យ នាឱកាសបុណ្យភ្ជុំបិណ្ឌជិតចូលមកដល់
មណ្ឌលគិរី ៖ នាឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ដើម្បីការពារផលប្រយោជន៍ និងសុខភាពអ្នកប្រើប្រាស់ទូទៅ លោក ចាន់ វាសនា ប្រធានសាខាកាំកុងត្រូលខេត្តមណ្ឌលគិរី សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ បានចុះត្រួតពិនិត្យទំនិញ និងចំណីអាហារនៅផ្សារសែនមនោរម្យ ស្ថិតនៅក្រុងសែនមនោរម្យ។
លោក ចាន់ វាសនា បានឲ្យដឹងថា ការចុះត្រួតពិនិត្យនេះ គឺផ្តោតសំខាន់ទៅលើទំនិញវេចខ្ចប់ស្រាប់ ភេសជ្ជៈ និងចំនីអាហារ ដែលអាជីវករដាក់តាំងលក់នៅក្នុងផ្សារ និងផ្ទះលក់ចាបហ៊ួយនានា ដើម្បីពិនិត្យគុណភាពសុវត្ថិភាពចំនីអាហារ គោលបំណងការពារផលប្រយោជន៍ និងសុខភាពអ្នកប្រើប្រាស់។ លោកបន្ថែមថា ការចុះត្រួតពិនិត្យនេះ មន្ត្រីជំនាញបានធ្វើតេសលើម្ហូបអាហារជាច្រើនមុខ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ជាលទ្ធផលពុំមានសារធាតុគីមីហាមឃាត់នោះទេ។
បន្ទាប់មកមន្រ្តីជំនាញ បានត្រួតពិនិត្យទំនិញវេចខ្ចប់ស្រាប់នៅតាមផ្ទះលក់ទំនិញបោះដុំនានា ដើម្បីស្វែងរកទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ចៀសវាងអាជីវករមួយចំនួនតូច យកទៅចែកចាយបន្តនៅតាមបណ្តាស្រុក ជាលទ្ធផលពុំមានទំនិញខូចគុណភាពទាំងនោះឡើយ។ ឆ្លៀតក្នុងឱកាសនោះ លោកក៏បានធ្វើការណែនាំដល់អាជីវករទាំងអស់ មុននឹងយកទំនិញមកលក់ ត្រូវពិនិត្យមើលពីគុណភាព កាលបរិច្ឆេទឱ្យបានច្បាស់លាស់ ជាពិសេស សូមឱ្យអាជីវករ កុំបន្ថែមសារធាតុគីមី ទៅលើផលិតផលម្ហូបអាហារ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។
លើសពីនេះមន្ត្រីជំនាញក៏បានបិទរូបភាពដែលរៀបចំដោយអគ្គនាយកដ្ឋានកាំងកុងត្រូល ស្តីពីការសូមពិចារណាមុននឹងជ្រើសរើសផលិតផលម្ហូបអារហារ ណាមួយមកបរិភោគ ជូនដល់អ្នកលក់ដូរ និងអ្នកប្រើប្រាស់។ បន្ទាប់មកមន្ត្រីកាំកុងត្រូលខេត្ត បានចុះអង្កេតតម្លៃប្រេងឥន្ទនៈ នៅតាមស្ថានីយ៍នានា ក្នុងក្រុងសែនមនោរម្យ និងបានណែនាំដល់ម្ចាស់ស្ថានីយ៍ទាំងអស់ ត្រូវលក់តាមការកំណត់របស់ក្រសួងពាណិជ្ជកម្មផងដែរ៕