រដ្ឋមន្ត្រីក្រសួងកសិកម្មសាទរចំពោះថ្នាក់ដឹកនាំក្រសួងពីររូបដែលត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបម្រើឲ្យក្រសួងក្នុងអាណត្តិទី៦នៃរាជរដ្ឋាភិបាល
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងមន្រ្តីរាជការក្នុងណាត្តិទី៦ នៅទីស្តីការក្រសួង។
ឯកឧត្តមរដ្ឋមន្រ្តីវេង សាខុន សូមចូលរួមអបអរសាទរចំពោះថ្នាក់ដឹកនាំពីររូប ដែលត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំង ទី១)ឯកឧត្តម កែវ អូម៉ាលីស្ស ជាប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ និងទី២)ឯកឧត្តម ងិន ឆាយ ជាប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម។ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថា ឯកឧត្តមទាំងពីររូប គឺជាសមាសភាពថ្នាក់ដឹកនាំថ្មី ដែលជាកម្លាំងថ្មី មានទាំងចំណេះដឹង និងបទពិសោធន៍ក្នុងការដឹកនាំការងារជូនក្រសួង និងមូលដ្ឋានកន្លងបានល្អប្រសើរ។
ឯកឧត្តម រដ្ឋមន្រ្តី បានលើកឡើងពីគោលបំណងដែលធ្វើឲ្សសម្រេចបាននូវនយោបាយកំណែទម្រង់ របស់រាជរដ្ឋាភិបាល និងទទួលបានជោគជ័យតាមផែនការយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្ម ២០១៩- ២០២៣ របស់ក្រសួង ប្រតិភូត្រូវចាំបាច់ត្រូវយកចិត្តទុកដាក់ខ្ពស់អនុវត្តនូវចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម៖
ទី១-អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោហ៊ុន សែន ឲ្យបានពេញលេញ ដោយត្រូវធ្វើសកម្មឲ្យបានកាន់តែប្រសើរជាងមុន មានភាពទូលំទូលាយជាងមុន និងមានប្រសិទ្ធភាពជាងមុន ដើម្បីឲ្យប្រជាជនគ្រប់រូបបានទទួលផលប្រយោជន៍ពីរាជរដ្ឋាភិបាលបានច្រើនជាងមុន។
ទី២-អនុវត្តផែនការជាយុទ្ធសាស្រ្ត និងគោលនយោបាលរបស់រាជរដ្ឋាភិបាល និងរបស់ក្រសួង ក៏ដូចជាការអនុវត្តឲ្យបានពេញលេញនូវលិខិតបទដ្ឋានគតិយុត្ត និងលក្ខន្តិកមន្រ្តីរាជការស៊ីវិល។
ទី៣-ខិតខំស្រាវជ្រាវ និងរៀបចំ ការធ្វើទំនើបកម្មកសិកម្មប្រកបដោយភាពវៃឆ្លាត បរិយាប័ន ធន់នឹងការប្រែប្រួលអាកាសធាតុ មាននវានុវត្តន៍ និងមានឧត្តមភាពក្នុងការប្រគួតប្រជែង។
ទី៤-ពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុងឲ្យបានល្អប្រសើរប្រយោជន៍ដើម្បីពង្រឹងប្រសិទ្ធភាពការងារ (សមូលហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ)។
ទី៥-ត្រូវប្រកាន់យកក្រមសីលធម៌វិជ្ជាជីវៈមន្រ្តីរាជការដែលជាអ្នកផ្តល់សេវាសាធារណៈ និងជាអ្នកផ្ទេរចំណេះដឹងដល់កសិករប្រកបដោយប្រសិទ្ធភាពខ្ពស់។
ទី៦-ត្រូវបន្តផ្សព្វផ្សាយអំពីការអនុវត្តកសិកម្មល្អទាំងក្នុងវិស័យផលិតកម្មសត្វ និងសុខភាពសត្វ ហើយនឹងសហគមន៍ព្រៃឈើ។
ទី៧-ជំរុញ និងលើកទឹកចិត្តវិស័យឯកជន និងកសាងភាពជាដៃគូក្នុងការចូលរួមក្នុងការអភិវឌ្ឍន៍ ផ្សព្វផ្សាយ បញ្ចូលបច្ចេកវិទ្យាថ្មីៗក្នុងវិស័យកសិម្ម រួមជាមួយការប្រើគ្រឿងយន្តកសិកម្ម និងឧបករណ៍កសិកម្ម ការផលិតពូជ ជីនិងថ្នាំកសិកម្ម ការកែច្នៃវិចខ្ចប់ និងជំរុញទីផ្សារក្នុងស្រុក និងនាំចេញ៕