ប្រទេសចិនដែលជាសហប្រធាននៃកិច្ចប្រជុំរបស់គណៈកម្មាធិការសម្របសម្រួលអន្ដរជាតិសម្រាប់ការអភិរក្ស និងការលើកតម្លៃព្រះវិហារ (ICC- Preah Vihear) មានគម្រោងនឹងចាប់ផ្តើមដំណើរការជួសជុលប្រាសាទព្រះវិហារនាពេលឆាប់ៗខាងមុខនេះ
សៀមរាប៖ បើយោងតាមប្រសាសន៍របស់ឯកឧត្ដម គឹម សេតារា ប្រធានអាជ្ញាធរជាតិព្រះវិហារបានឲ្យដឹងថា ប្រទេសចិនដែលជាសហប្រធាននៃកិច្ចប្រជុំរបស់គណៈកម្មាធិការសម្របសម្រួលអន្ដរជាតិសម្រាប់ការអភិរក្ស និងការលើកតម្លៃព្រះវិហារ (ICC- Preah Vihear) មានគម្រោងនឹងចាប់ផ្តើមដំណើរការជួសជុលប្រាសាទព្រះវិហារនាពេលឆាប់ៗខាងមុខនេះ។ កិច្ចប្រជុំបច្ចេកទេសលើកទី៤ ICC- Preah Vihear នៅព្រឹកថ្ងៃទី២០ កញ្ញា នាស្នាក់ការអាជ្ញាធរជាតិអប្សរា ក្រោមអធិបតីភាព លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្យសិល្បៈ។ ប្រធានអាជ្ញាធរជាតិព្រះវិហារមានប្រសាសន៍ថា កិច្ចប្រជុំលើកនេះ គឺខុសគ្នាខ្លាំងជាមួយនឹងកិច្ចប្រជុំនាពេលកន្លងមក។
ឯកឧត្ដម គឹម សេតារា បានលើកឡើងថា ភាពខុសគ្នានោះគឺ សហប្រធានចិន និងឥណ្ឌា បានបង្ហាញពីលទ្ធផលសិក្សាស្រាវជ្រាវរបស់ខ្លួន ដែលបានធ្វើនៅតំបន់ប្រាសាទព្រះវិហារ។ តាមប្រធានអាជ្ញាធរជាតិព្រះវិហារ ក្រោយកិច្ចប្រជុំនេះ គឺនឹងដឹងពីពេលវេលាជាក់លាក់នៃការចាប់ផ្តើមការងារជួសជុលរបស់ប្រទេសចិន។ តាមគម្រោងចិន នឹងធ្វើការជួសជុលគោបុរៈទី១ ទី២ និងទី៣ នៃប្រាសាទព្រះវិហារ។ ដោយឡែកសម្រាប់សហប្រធានឥណ្ឌាវិញ កាលពីចុងខែ សីហាកន្លងទៅ ប្រធានអាជ្ញាធរជាតិអប្សរា និងឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នា ទាក់ទងនឹងការងារជួសជុលគោបុរៈទី៥ នៃប្រាសាទព្រះវិហារ។
បើយោងតាមការបញ្ជាក់របស់ឯកឧត្តម គឹម សេតារា កាលពីពេលថ្មីៗនេះ សហរដ្ឋអាម៉េរិក ក៏បានទម្លាក់ថវិកាប្រចាំឆ្នាំរបស់ខ្លួន ក្នុងការចូលរួមជួយជួសជុលជណ្ដើរខាងជើងប្រាសាទព្រះវិហារផងដែរ។ ក្នុងមួយឆ្នាំ សហរដ្ឋអាម៉េរិកជួយថវិកាប្រមាណ២០ម៉ឺនដុល្លារ ហើយថវិកាអាចមានពី២ ទៅ៣ឆ្នាំ។ ដូច្នេះមានប្រទេសមហាអំណាច៣ហើយ ដែលបានចូលរួមជួសជុលប្រាសាទព្រះវិហារនោះ។ ក្រៅពីប្រទេសខាងលើនេះ តាមការបញ្ជាក់ពីប្រធានអាជ្ញាធរជាតិព្រះវិហារ ក្នុងនោះក៏មានប្រទេសជាសមាជិកដទៃទៀតបានជួយការងារជាច្រើនផងដែរ ដូចជាប្រទេស បែលហ្ស៊ិកជួយរឿងការងារសហគមន៍ វេបសាយ ឯបារាំង ជួយសិក្សាប្រវត្តិសាស្រ្ដ តំបន់ប្រាសាទទាំងនៅតំបន់ក្នុងព្រះវិហារ និងកោះកែរជាដើម។
គួរបញ្ជាក់ថា អាជ្ញាធរជាតិព្រះវិហារ បានបើកសម័យប្រជុំបច្ចេកទេសលើកទី៤ នៅថ្ងៃទី២០ កញ្ញា ដោយមានសហប្រធានចិន និងឥណ្ឌា។ សហប្រធានឥណ្ឌា សម្របសម្រួលដោយលោកស្រី Manika JAIN និងសហប្រធានចិន សម្របសម្រួលដោយលោកស្រី Zou WENXING ឯសមាជិកចំនួន ៦ទៀត មានបែលហ្ស៊ិក បារាំង ជប៉ុន សាធារណរដ្ឋកូរ៉េ ថៃឡង់ដ៍ និសហរដ្ឋអាម៉េរិក ព្រមទាំងមានការចូលរួមពីភ្ញៀវជាតិ និងអន្ដរជាតិជាច្រើននាក់ទៀតដែរ៕ ដោយៈ ស៊ាន សុផាត