សមត្ថកិច្ចឃាត់ខ្លួនមនុស្ស៧នាក់ ក្នុងប្រតិបត្តិការចុះបង្ក្រាបហាងម៉ាស្សាកោសជប់មានលួចលាក់បង្កប់សេវាផ្លូវភេទមួយកន្លែង
កម្លាំងសមត្ថកិច្ចនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានចុះបង្ក្រាបហាងម៉ាស្សាកោសជប់ មានលួចលាត់បង្កប់សេវាផ្លូវភេទមួយកន្លែង ឃាត់ខ្លួនមនុស្សចំនួន៧នាក់ និងវត្ថុតាងមួយចំនួន កាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី១៩ខែកញ្ញា ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្ទះលេខ៣៦០EoE តាមបណ្ដោយផ្លូវ២០១១ ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រតិបត្តិការចុះបង្ក្រាបហាងម៉ាស្សាកោសជប់មានលួចលាក់បង្កប់សេវាផ្លូវភេទខាងលើនេះ ក្រោមការដឹកនាំផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ សំបូរ មាណ្ណារិទ្ធ អនុប្រធាននាយកដ្ឋាន លោកឧត្ដមសេនីយ៍ទោ ឯម សុជឿន អនុប្រធាននាយកដ្ឋាន និងលោក កុល បុន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ជាលទ្ធផល សមត្ថកិច្ចធ្វើការឃាត់ខ្លួនមនុស្សចំនួន៧នាក់ ក្នុងនោះឃាត់ខ្លួនប្តីប្រពន្ធដែលជាថៅកែហាងផងដែរ។
បុរសជាប្តីមានឈ្មោះ ម៉ុន ចំរើន អាយុ៤១ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ និងប្រពន្ធឈ្នោះ ហ៊ុ ស្រីអន អាយុ២១ឆ្នាំ ស្នាក់នៅជាមួយគ្នា និងនារីម៉ាស្សាចំនួន៥នាក់ទៀត រួមទាំងដកហូតបានវត្ថុតាងរួមមាន ឧបករណ៍ប្រើប្រាស់គ្រឿងញៀនចំនួន៤ ស្រោមប្រើប្រាស់ហើយ និងមិនទាន់ប្រើមួយចំនួន និងសម្ភារមួយចំនួនទៀត។
បច្ចុប្បន្ន ថៅកែទាំង២នាក់ប្តីប្រពន្ធ និងនារី៥នាក់ទៀត រួមនឹងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួនយកទៅសាកសួរនៅឯនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីរង់ចាំធ្វើការចាត់ការទៅតាមនីតិវិធី៕