គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាបចុះពិនិត្យមើលស្ថានភាពទឹកជំនន់ទឹកភ្លៀង ក្នុងស្រុកជីក្រែង

អត្ថបទដោយ៖
Kien Sereyvuth

ក្រុមការងារគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប ព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ដឹកនាំដោយលោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ  និងមានការអញ្ជើញចូលរួមពីនាយកទីចាត់ការអន្តរវិស័យ មន្ត្រីលេខាធិការដ្ឋាន  គណៈកម្មាគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរស្រុក កងកម្លាំងប្រដាប់អាវុធប្រចាំស្រុកជីក្រែង បានចុះពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀង និងការរៀបចំទីទួលសុវត្ថិភាពជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន១៨៥គ្រួសារ ដើម្បីឲ្យពួកគាត់ស្នាក់នៅបណ្តោះអាសន្នប្រកបដោយសុវត្ថិភាព។

ក្នុងដំណើរបំពេញបេសកកម្ម ចុះពិនិត្យស្ថានភាពទឹកជំនន់នេះ លោក ង៉ាន់ ភិរុណ  ក៏បានជួប សំណេះសំណាលជាមួយបងប្អូនគ្រួសាររងគ្រោះ ព្រមទាំងបានធ្វើការផ្តាំផ្ញើ និងណែនាំដល់បងប្អូនប្រជាពលរដ្ឋ រងគ្រោះទាំងអស់ ដែលបានមកបោះតាំងលំនៅស្នាក់នៅបណ្តោះអាសន្នលើទីទួលសុវត្ថិភាព ត្រូវយកចិត្តទុកដាក់លើការថែទាំសុខភាព ដោយបរិភោគទឹកស្អាត សំខាន់ត្រូវមានការប្រុងប្រយ័ត្ន និងបង្ការឲ្យបានខ្ពស់ចំពោះសត្វអសិរពឹស ព្រមទាំងយកចិត្តទុកដាក់ខ្ពស់ចំពោះកុមារតូចៗកុំឲ្យចុះលេងទឹក ខ្លាចមានកើតនូវប្រការអាក្រក់ណាមួយចំពោះ ក្រុមគ្រួសាររបស់បងប្អូន នៅពេលមានទឹកជំនន់នេះ។ 

លោកអភិបាលរងខេត្ត ក៏បានធ្វើការក្រើនរំលឹកផងដែរ ដល់អាជ្ញាធរស្រុក មេឃុំ មេភូមិ សំខាន់កងកម្លាំងសមត្ថកិច្ចទាំងបី ត្រូវធ្វើការតាមដាននូវរាល់សភាពការណ៍នៃទឹកជំនន់ ព្រមទាំងយកចិត្តទុកដាក់អំពីសុខភាពរបស់បងប្អូន គឺត្រូវមានក្រុមគ្រូពេទ្យចុះមកត្រួតពិនិត្យឲ្យបានជាប្រចាំ ដើមី្បងាយស្រួលនៅពេលបងប្អូនមានបញ្ហាសុខភាព នឹងនាំគាត់ទៅកាន់មណ្ឌលសុខភាពបានទាន់ពេលវេលា ទៀតផង។ ម៉្យាងទៀតក្រុមគ្រូពេទ្យ ត្រូវធ្វើការចែកចាយថ្នាំសម្លាប់មេរោគក្នុងទឹក នៅពេលដែលប្រជាជនរងគ្រោះទឹកជំនន់ ដែលនឹងងាយទទួលរងជំងឺឆ្លង សំខាន់នៅក្នុងពេលដែលទឹកស្រកទៅវិញ ក្រុមពេទ្យសត្វនៃមន្ទីរកសិកម្មខេត្ត ត្រូវនាំកម្លាំងចុះចាក់ថ្នាំការពារជំងឺដល់សត្វពាហនៈផងដែរ។

កត្តាសំខាន់នោះក្រុមគ្រូពេទ្យ ត្រូវធ្វើការអប់រំផ្សព្វផ្សាយដល់បងប្អូនឲ្យបានយល់ដឹងអំពីបញ្ហាទាំងនេះផងដែរ។ លោកបានបញ្ជាក់ថា ប្រសិនបើមានបញ្ហាអ្វីមួយកើតឡើង សូមបងប្អូនប្រញ៉ាប់រាយការណ៍បន្ទាន់ទៅសមត្ថកិច្ច ឬអាជ្ញាធរដែនដីដែលនៅជិតមូលដ្ឋានរបស់យើង។ ក្នុងពេលជួបបងប្អូនទទួលរងគ្រោះជំនន់ទឹកភ្លៀងនេះ អង្គការទស្សនៈពិភពលោក បានជួយឧបត្ថម្ភតង់១០ អំពូលពន្លឺព្រះអាទិត្យចំនួន៣ ពិល១០ ទីបជ័រ តទឹកស្អាត ៧០ដើម កែង២០ វ៉ាន១០ កាវ១កំប៉ុង សាប៉ូដុំ៤០ដុំ អង្ករ៣០០គីឡូក្រាម និងទឹកសុទ្ធដបធំ៣០ប៊ីដុងផងដែរ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner