រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យ គម្រោងអភិវឌ្ឍន៍អាងទឹករក្សា ដែលកំពុងដំណើរការសាងសង់ នៅតាមបណ្តោយដងស្ទឹងសែន ក្នុងខេត្តព្រះវិហារ

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តព្រះវិហារ៖ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក លឹម គានហោ បានដឹកនាំគណៈប្រតិភូ និងមន្ត្រីជំនាញបច្ចេកទេសជាន់ខ្ពស់របស់ក្រសួង ដោយមានការចូលរួមពី អភិបាលរងខេត្តព្រះវិហារ លោក ស៊ូ សិរី តំណាងអភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានអញ្ជើញចុះពិនិត្យ គម្រោងអភិវឌ្ឍន៍អាងទឹករក្សា ដែលបាន និងកំពុងដំណើរការសាងសង់ ស្ថិតនៅតាមបណ្តោយស្ទឹងសែន ជាប់ព្រំប្រទល់ស្រុកពីរ គឺស្រុកជ័យសែន និងស្រុករវៀង ខេត្តព្រះវិហារ កាលពីថ្ងៃទី២៤ មិថុនាឆ្នាំ២០២០ ម្សិលមិញនេះ។

អភិបាលរងខេត្តព្រះវិហារ លោក ស៊ូ សិរី បានមានប្រសាសន៍អោយដឹងថា គម្រោងអភិវឌ្ឍន៍អាងទឹករក្សា បានចាប់ផ្តើមដំណើរការសាងសង់ កាលថ្ងៃទី១ វិច្ឆិកា ឆ្នាំ២០១៩ នោះមក ដែលស្ថាបនាឡើងដោយក្រុមហ៊ុន ចំនួន២ គឺក្រុមហ៊ុន The Consortium of Guangdong Foreign Construction Co., Ltd. & Guangdong Yuantian Engineering Co., Ltd. ហើយរហូតមកដល់ពេលនេះ មានរយៈពេលជិត៨ខែហើយ ដោយសម្រេចការងារសាងសង់បានប្រមាណ ៤១,៥ភាគរយ នោះហើយ។

លោក ស៊ូ សិរី មានប្រសាសន៍ទៀតថា ក្រុមហ៊ុនទាំងពីរ បានខិតខំរួមគ្នា ស្ថាបនាទំនប់អាងទឹករក្សានេះ ទៅតាមគោលការណ៍ និងលក្ខខ័ន្ត ដោយត្រូវបន្តអនុវត្តគម្រោងសាងសង់ ដូចជា សាងសង់ទំនប់បេតុង មានប្រវែង ៥០ ម៉ែត្រ ទទឹងខ្នងលើ ទំហំ ៧ ម៉ែត្រ មានកម្ពស់អតិបរិមា ២៤,៥ ម៉ែត្រ និងសាងសង់សំណង់ទ្វារទឹក ៣ កន្លែង ដោយទ្វារទឹកនីមួយៗ មានទទឹងទំហំ ៤ ម៉ែត្រ និងបណ្តោយប្រវែង ៤ ម៉ែត្រ, សាងសង់ទំនប់ដី នៅផ្នែកខាងឆ្វេង មានប្រវែង ៩៩៨,៦ ម៉ែត្រ ទទឹងខ្នងលើទំហំ ៧ ម៉ែត្រ និងមានកម្ពស់អតិបរិមា ១១ ម៉ែត្រ, សាងសង់ទំនប់ដី នៅផ្នែកខាងស្តាំ មានប្រវែង ១ពាន់ ៦៥៦,៤ ម៉ែត្រ ទទឹងខ្នងលើទំហំ ៧ ម៉ែត្រ មានកម្ពស់អតិបរិមា ១១ ម៉ែត្រ, សង់ទំនប់ដីរង មានប្រវែងសំណង់សរុប ៦៥៥ ម៉ែត្រ ទទឹងខ្នងលើទំហំ ៧ ម៉ែត្រ មានកម្ពស់អតិបរិមា ៧ ម៉ែត្រ, សាងសង់សំណង់បង្ហៀរ មានប្រវែងសំណង់សរុប ២៥១ ម៉ែត្រ ទទឹងខ្នងលើទំហំ ៧ ម៉ែត្រ មានកម្ពស់អតិបរិមា ២៤,៥ ម៉ែត្រ និងមានទ្វារទឹកសរុប ២០ កន្លែង ដោយទ្វារទឹកនីមួយៗ មានទំហំទទឹង ១០ ម៉ែត្រ និងបណ្តោយប្រវែង ១៤,៥ ម៉ែត្រ។

អភិបាលរងខេត្តព្រះវិហារ លោក ស៊ូ សិរី បានថ្លែងបញ្ជាក់ថា ក្រោយបញ្ចប់ការសាងសង់រួច ទំនប់អាងទឹករក្សា អាចស្តុកទឹកបានចំនួនប្រមាណ ២៥៦,៩ លានម៉ែត្រគូប និងអាចផ្គត់ផ្គង់ទឹកស្រោចស្រព សម្រាប់បង្កើនផលិតផលកសិកម្ម លើផ្ទៃដីទំហំប្រមាណ ១៤៣ពាន់៣២៣ ហិកតា សម្រាប់នៅក្នុងរដូវវស្សា និងប្រមាណ ២២ពាន់ ៨៧៨ ហិកតា សម្រាប់នៅរដូវប្រាំង ហើយទំនប់អាងទឹករក្សានេះ ថ្វីបើមានទីតាំងស្ថិតនៅក្នុងខេត្តព្រះវិហារ ប៉ុន្តែ លទ្ធភាព នៃការស្រោចស្រពភាគច្រើន គឺស្ថិតនៅក្នុងខេត្តកំពង់ធំ ដែលជាខេត្តមានព្រំប្រទល់ ជាប់ខេត្តព្រះវិហារ។

លោក ស៊ូ សិរី បានបញ្ជាក់ទៀតថា «ទំនប់អាងទឹករក្សា» គឺជាសំណង់ដ៏មានសារៈសំខាន់មួយ ព្រោះត្បិត អាងស្តុកទឹកមួយនេះ បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយនូវគ្រោះទឹកជំនន់ និងការផ្គត់ផ្គង់ទឹកស្អាត តាមតំបន់មួយចំនួន នៅផ្នែកខាងក្រោម ព្រមទាំងបម្រើដល់វិស័យទេសចរណ៍ផងដែរ ។

រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក លឹម គានហោ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង និងលទ្ធផលការងារ ដែលសម្រេចតាមផែនការគ្រោងទុក ក្រោមកិច្ចសហការយ៉ាងល្អប្រសើរ រវាងក្រុមការងារអនុវត្តន៍គម្រោង មន្ទីរ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ។ លោករដ្ឋមន្រ្តី បានមានប្រសាសន៍ ណែនាំបន្ថែម លើការងារដែលត្រូវអនុវត្តន៍បន្ត  ដើម្បីធានាគុណភាពសំណង់ មានភាពរឹងមាំយូរអង្វែង សម្រាប់បម្រើជាប្រយោជន៍ ដល់ការងារបង្កបង្កើនផល និងជីវភាពប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់ ។

លោករដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានចាត់ទុកគម្រោងអភិវឌ្ឍន៍អាងទឹករក្សារនេះ គឺជាសមិទ្ធផលថ្មីមួយទៀត របស់ខេត្តព្រះវិហារ ដែលកើតឡើង ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា  បានធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ កាត់បន្ថយបាននូវភាពក្រីក្រ និងបច្ចុប្បន្ន ប្រជាពលរដ្ឋកម្ពុជា កំពុងរស់នៅក្នុងភាពសុខដុមរមនា ក្រោមដំបូល នៃសុខសន្តិភាព៕ ដោយ៖ ឡុង សំបូរ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner