អ៊ីរ៉ង់ប្រកាសច្រានចោលនូវលទ្ធភាពនៃការចរចារបស់សហរដ្ឋអាមេរិកនាពេលអនាគត
អ៊ីរ៉ង់៖ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់នៅក្នុងថ្ងៃច័ន្ទដើមសប្តាហ៍នេះ បានប្រកាសច្រានចោលនូវលទ្ធភាពនៃការចរចាជាមួយសហរដ្ឋអាមេរិកនាពេលអនាគត ហើយថា កិច្ចពិភាក្សាជាមួយទីក្រុងវ៉ាស៊ីនតោន គឺមិនមែនជារបៀបវារៈដែលត្រូវចាប់ផ្តើមក្នុងពេលបច្ចុប្បន្នឡើយ ។
ថ្លែងក្នុងសន្និសិទសារព័ត៌មានខ្លីមួយប្រចំាសប្តាហ៍ អ្នកនាំពាក្យក្រសួងការបរ ទេសអ៊ីរ៉ង់ លោក Bahram Qasemi បានសង្កត់ធ្ងន់ថា កិច្ចចរចាជាមួយសហរដ្ឋអាមេរិកប្រហែលជាអាចកើតឡើង ប្រសិនបើទីក្រុងវ៉ាស៊ីនតោនសម្រេចចិត្តវិលមករកកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ។ ក្រៅពីនេះ ទីក្រុងតេហេរ៉ង់ក៏នឹងមិនចូលរួមតុចរចាជាមួយទីក្រុងវ៉ាស៊ីនតោនសារជាថ្មីដាច់ខាត ខណៈណាសហរដ្ឋអាមេរិកនឹងនៅតែដាក់ទណ្ឌកម្មប្រឆំាងនឹងអ៊ីរ៉ង់ ។
សូមរំលឹកថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញការត្រៀមខ្លួនរួចរាល់ហើយ ដើម្បីជួបជាមួយមេដឹកនំាអ៊ីរ៉ង់ ដោះស្រាយបញ្ហាដែលកំពុងបន្តកើតមានរវាងប្រទេសទំាងពីរ ។ ជាការឆ្លើយតបវិញនោះ មេដឹកនំាកំពូលអ៊ីរ៉ង់ លោក អាយ៉ាតុលា អាលី ខាមិនណៃ បាននិយាយថា សាធារណៈរដ្ឋអ៊ីស្លាមនឹងមិនរៀបចំកិច្ចចរចាថ្មីជាមួយសហរដ្ឋអាមេរិកជាដាច់ខាត ពោលគឺមិនកែប្រែកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នំា២០១៥ជាដាច់ខាត ហើយលោក ខាមិនណៃ ថែមទំាងនិយាយទៀតថា ទីក្រុងតេហេរ៉ង់នឹងមិនចូលរួមតុចរចាម្តងទៀតជាមួយរដ្ឋាភិបាលបោកប្រាស់នោះឡើយ ៕